ជាតិ
សេដ្ឋកិច្ច
ឆ្នាំ​២០១៥៖ ទេសចរ​ជប៉ុន​មក​កម្ពុ​ជាជាង​១៩​ម៉ឺន​នាក់ កម្ពុជា​ទៅ​ជប៉ុន​ជាង​១​ម៉ឺន​នាក់​
08, Sep 2016 , 3:36 pm        
រូបភាព
​តូ​ក្យូ​-​ជប៉ុន​៖ កាលពី​ឆ្នាំ​២០១៥​កន្លងមក ជនជាតិ​ជប៉ុន​ដែល​បានធ្វើ​ដំណើរ​មក​កម្ពុជា​មាន​ជាង​១៩​ម៉ឺន​នាក់ រីឯ​ជនជាតិ​កម្ពុជា​ដែល​បាន​ទៅកាន់​ប្រទេស​ជប៉ុន មាន​ចំនួន​ជាង​១​ម៉ឺន​នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់​ទីភ្នាក់ងារ​ទេសចរណ៍​ជប៉ុន (Japan Tourism Agency) ។ តាមរយៈ​ជើងហោះហើរ​ត្រង់ ភាគី​រំពឹងថា តួលេខ​ភ្ញៀវទេសចរ​នឹងមាន​ការកើនឡើង​បន្ថែមទៀត​។​



​កម្ពុជា និង​ជប៉ុន រំពឹង​ទទួលបាន​ភ្ញៀវទេសចរ​កាន់តែច្រើន​ប​ន្ថែ​ម​ទៀត ក្រោយ​ការចាប់ផ្តើម​ជើងហោះហើរ​ត្រង់​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន ANA រវាង​រាជធានី​ភ្នំពេញ និង​ក្រុង​តូ​ក្យូ ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា មក​។

​កាលពី​សប្តាហ៍​មុន អ្នកសារព័ត៌មាន​កម្ពុ​ជា​៥​រូប (​ពី​សារព័ត៌មាន​ថ្មីៗ កម្ពុ​ជាថ្មី ភ្នំពេញ​ប៉ុស្តិ៍ រស្មី​កម្ពុជា និង​ដើមអម្ពិល​) ត្រូវបាន​អញ្ជើញ​ឲ្យ​ទៅធ្វើ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ​ដើម្បី​ស្វែងយល់​ពី​សក្តានុពល​ទេសចរណ៍​របស់​ជប៉ុន​។  ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ខ្មែរ​នៅ​ក្រសួងការបរទេស​ជប៉ុន លោក Koichi Takatsuki ប្រធានការិយាល័យ​ទំនាក់ទំនង​ទេសចរណ៍​អន្តរជាតិ​នៃ​ភ្នាក់ងារទេសចរណ៍​ជប៉ុន (Japan Tourism Agency) ជឿជាក់ថា ជប៉ុន និង​កម្ពុជា កាន់តែ​ខិតជិត​គ្នា​បន្ថែមទៀត​ក្នុងការ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​ទេសចរណ៍ ក្រោយ​ការហោះហើរ​ត្រង់​រវាង​តូ​ក្យូ និង​ភ្នំពេញ​។​



​យោងតាម​របាយការណ៍​របស់​ទីភ្នាក់ងារ​ទេ​ចរណ៍​ជប៉ុន ដែល​ស្ថិតក្រោម​ឱវាទ​របស់​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេ​ចរណ៍​របស់​ជប៉ុន (MLIT) ជនជាតិ​កម្ពុជា​ដែល​បានធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន មានការ​កើន​ឡើងជា​លំដាប់ ដោយ​កើន​ពី​៣០៦៩​នាក់​នៅ​ឆ្នាំ​២០១១ ដល់​១០ ១៤៤​នាក់​នៅ​ឆ្នាំ​២០១៥ ។​

​សម្រាប់​ជនជាតិ​ជប៉ុន​ដែល​មកកាន់​កម្ពុ​ជា ឆ្នាំ​២០១១ មាន​ចំនួន​១៦១ ៨០៤​នាក់ ហើយ​នៅ​ឆ្នាំ​២០១៥ មាន​ចំនួន​១៩៣ ៣៣០​នាក់ តែ​ចំនួន​នេះ​មានការ​ថយចុះ​១០.៤​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៤ [​ដែលមាន​ចំនួន​២១៥ ៧៨៨​នាក់​]​។​

​លោក Koichi Takatsuki បាន​កត់សម្គាល់ថា ការថយចុះ​ចំនួន​ភ្ញៀវទេសចរ​ជប៉ុន​មក​កម្ពុជា​កាលពី​ឆ្នាំ​២០១៥ គឺ​ដោយសារតែ​គ្មាន​ការហោះហើរ​ត្រង់ ហើយ​ប្រទេសជិតខាង​របស់​កម្ពុជា មាន​លក្ខខណ្ឌ​មិន​អនុគ្រោះ​មួយចំនួន ជាពិសេស​បញ្ហា​អាកាសធាតុ​។​



​របាយការណ៍​របស់​ទីភ្នាក់ងារ​ទេសចរណ៍​ជប៉ុន (Japan Tourism Agency) កាលពី​ឆ្នាំ​២០១៣ បាន​បង្ហាញថា ជប៉ុន​ទទួលបាន​ភ្ញៀវទេសចរ​ជាង​១០​លាន​នាក់​ជា​លើកដំបូង ដោយ​ភ្ញៀវ​ពី​សហរដ្ឋអាមេរិក​ច្រើនជាងគេ បន្ទាប់មក​មាន​ចិន កូរ៉េខាងត្បូង ហើយ​ថៃ ហា​វ៉ៃ តៃវ៉ាន់ និង​ហុងកុង ស្ថិតនៅ​លំដាប់​បន្តបន្ទាប់​។ នៅ​ឆ្នាំ​២០១៣​ផងដែរ ជប៉ុន​ទទួលបាន​ភ្ញៀវ​ពី​កម្ពុជា​ចំនួន​២០៦ ៩៣២​នាក់ ដែល​ក្នុង​កម្រិត​ប្រហាក់ប្រហែល​នឹង​ចំនួន​ភ្ញៀវទេសចរ​ពី​កាណាដា ចក្រភព​អង់គ្លេស ឥណ្ឌា តួ​ក​គី ក្រូ​អាស៊ី និង​ហូ​ឡង់​។​

​នៅ​ឆ្នាំ​២០១៥ ជប៉ុន​ទទួលបាន​ភ្ញៀវទេសចរ​១៩.៧៤​លាន​នាក់​ដោយ​ភ្ញៀវ​ទាំងនោះ បាន​ចំណាយ​សរុប​ប្រមាណ​៣៤​ពាន់​លាន​ដុល្លារ​អាមេរិក​។ នៅ​ឆ្នាំ​២០២០ ខណៈ​ក្រុង​តូ​ក្យូ នឹង​ក្លាយជា​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក ជប៉ុន​ដាក់​ផែនការ​ទាញយក​ទេសចរ​៤០​លាន​នាក់ និង​ឆ្នាំ​២០៣០ កើន​ដល់​៦០​នាក់ ខណៈ​ការចំណាយ​របស់​ភ្ញៀវទេសចរ​នៅលើ​ទឹកដី​ជប៉ុន ក៏​រំពឹងថា​នឹង​កើន​ពី​៨០​ពាន់​លាន ដល់​១៥០​ពាន់​លាន​ដុល្លារ​អាមេរិក​ផងដែរ ចន្លោះ​ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០៣០ ។​


​សម្រាប់​កម្ពុជា​វិញ តាមរយៈ​ជើងហោះហើរ​ត្រង់ តូ​ក្យូ​-​ភ្នំពេញ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានដាក់​ផែនការ​ទាញយក​ភ្ញៀវ​ទេសចរណ៍​ពី​ជប៉ុន​ឲ្យ​៣០​ម៉ឺន​នាក់​នៅ​ឆ្នាំ​២០២០​។ បើតាម​លោក ថោង ខុន កន្លងមក​ទេសចរ​ជប៉ុន​ធ្វើដំណើរ​តាម​ជើងយន្តហោះ​កាត់​តាម​ប្រទេស​ថៃ ឬ​វៀតណាម​ជាមុន ទើប​មកដល់​កម្ពុជា ដែលជា​ការលំបាក​មួយ សម្រាប់​ទេសចរ​ទាំងនោះ​។

 
​ថ្លែង​ក្នុង​សិក្ខាសាលា​ស្តីពី​គោលដៅ​ទេសចរណ៍​កម្ពុជា​-​ជប៉ុន កាលពី​ខែសីហា លោក ថោង ខុន បាន​បញ្ជាក់ថា ក្រៅពី​សម្រួល​ការហោះហើរ កម្ពុជា​ត្រូវ​រៀបចំ​ឲ្យ​មាន​ផលិតផល​ទេសចរណ៍ និង​សេវា​ទេសចរណ៍ ដែលមាន​លក្ខណៈ​ស្តង់ដារ អាច​ប្រកួតប្រជែង​បាន ហើយ​ផលិតផល​ទេសចរណ៍​ទាំងនោះ ត្រូវ​ឆ្លើយតប​នឹង​យុគសម័យ​បច្ចុប្បន្ន គឺ​ភាព​ស្អាត និង​បៃតង​។
 
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រូបនេះ ក៏​គាំទ្រ​ឲ្យ​មានការ​ចាយវាយ​លុយ​យ៉េន​នៅ​ទីផ្សារ​ក្នុងស្រុក​ផងដែរ​។ «​ចាយលុយ​យ៉េន​ក៏​ចាយ​ទៅ សំខាន់​ឲ្យ​តែ​ទីផ្សារ​ទទួលយក​។ មិនបាច់​ដាក់​ជា​យុទ្ធសាស្ត្រ​អ្វី​ទេ ឲ្យ​តែ​ទីផ្សារ​គាំទ្រ គឺ​ធនាគារ​នឹង​សម្រួល​ឲ្យ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ថោង ខុន ដែល​បាន​បន្ថែមថា កម្ពុជា​ក៏ត្រូវ​ការ​មគ្គ​ទេស​ក៏​ទេសចរណ៍​ជប៉ុន​ប្រមាណ ៨០០​នាក់​នៅ​ឆ្នាំ​២០២០ ខណៈ​បច្ចុប្បន្ន​មគ្គ​ទេស​ក៏មាន​ចំនួន​ពី​៤០០ ទៅ​៥០០​នាក់​ប៉ុណ្ណោះ​។​

 
 នៅ​ឆ្នាំ​២០១៥ ចំនួន​ទេសចរ​ជប៉ុន​មក​កម្ពុ​ជាមាន​ជាង ១៩​ម៉ឺន​នាក់ ដែល​ធ្វើ​ឲ្យ​ជប៉ុន​ឈរ​នៅ​លេខ​រៀង​ទី​៦ បន្ទាប់ពី​ទេសចរ​វៀតណាម​, ចិន​, ឡាវ​, កូរ៉េ និង​ថៃ ហើយ​អំឡុង​៦​ខែ​ដើមឆ្នាំ​២០១៦​នេះ ចំនួន​ទេសចរ​អន្តរជាតិ​មក​កម្ពុ​ជាមាន ២,៣​លាន​នាក់​៕


Tag:
 ​ទេសចរណ៍​
  កម្ពុជា​-​ជប៉ុន​
  JapanTour
© រក្សាសិទ្ធិដោយ thmeythmey.com