ជាតិ
សុវត្តិភាព ចរាចរណ៍
ចរាចរណ៍​៖ មនុស្ស​ស្លាប់ និង​របួស​ជិត ៦០០​នាក់ ក្នុង​ខែសីហា​
08, Sep 2016 , 5:04 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មនុស្ស​ចំនួន ១៣០​នាក់ បាន​ស្លាប់ និង​របួស​ចំនួន ៤៦៦​នាក់ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ២៨០​លើក ក្នុង​ខែសីហា ឆ្នាំ​២០១៦ ។ នេះ​បើតាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក​។​



​តាម​បាយ​ការណ៍​បូកសរុប​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក​ថ្មី ខែសីហា ឆ្នាំ​២០១៦​នេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មាន​ភាគច្រើន​ចំនួន ៣២​លើក ក្នុង​រាជធានី​ភ្នំពេញ ខេត្តបន្ទាយមានជ័យ​ចំនួន ១៨​លើក ខេត្តបាត់ដំបង​ចំនួន ១៣​លើក ខេត្តកំពង់ធំ ១៣​លើក និង​ចំនួន ១៣​លើក​ខេត្ត​ក​ណ្ត​ល​។ ផ្អែកលើ​របាយការណ៍ ជនរងគ្រោះ​ស្លាប់​ជា​មធ្យម​ចំនួន ៤​នាក់ និង​របួស​ចំនួន ១៥​នាក់ ក្នុង​មួយថ្ងៃៗ ហើយ​អ្នកស្លាប់​រហូតដល់​ទៅ ២២​នាក់ ក្នុងករណី​គ្រោះថ្នាក់​នៅ​ខេត្តបាត់ដំបង ក្នុង​ខែ​កន្លងទៅ​។​

​មូលហេតុ​នាំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន បើកបរ​ហួស​ល្បឿន​កំណត់ ៤០​ភាគរយ មិន​គោរព​សិទ្ធិ​អាទិភាព ១១​ភាគរយ បត់​១១​ភាគរយ ស្រវឹង ១០​ភាគរយ វ៉ា​ជែង ១០​ភាគរយ មិន​ប្រកាន់​ស្តាំ​១០​ភាគរយ កត្តា​យានយន្ត ៥​ភាគរយ កត្តា​ផ្លូវ ២​ភាគរយ និង​ងងុយគេង ១​ភាគរយ​។​

​គួរកត់សម្គាល់​ផងដែរ តាម​របាយការណ៍​ដដែល អ្នកស្លាប់​ភាគច្រើន​ចំនួន ៩២​នាក់ ស្មើនឹង ៧១​ភាគរយ ជា​អ្នកដំណើរ​តាម​ម៉ូតូ​ដែលមាន​កម្លាំង​ម៉ាស៊ីន​ប្រភេទ ១២៥CC​ចុះក្រោម ក្នុងនោះ អ្នក​មិន​ពាក់មួក​សុវត្ថិភាព​មាន​ចំនួន ៧៧​នាក់ ស្មើនឹង​ជាង ៨០​ភាគរយ​។​

​តាម​បាយ​ការណ៍​បូកសរុប​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក​ថ្មី ដែល​ត្រូវ​ចេញផ្សាយ នៅថ្ងៃនេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែសីហា ឆ្នាំ​២០១៦​កើនឡើង​ចំនួន ៧​លើក ស្មើនឹង ៥​ភាគរយ តែ​អ្នកស្លាប់​ថយ​ចំនួន ២៣​នាក់ ស្មើនឹង​១៨​ភាគរយ និង​អ្នករបួស ថយ​ចំនួន ៥៨​នាក់ ស្មើ​១២​ភាគរយ ធៀប​នឹង​ខែសីហា ឆ្នាំ​២០១៥​កន្លងទៅ​៕


© រក្សាសិទ្ធិដោយ thmeythmey.com