ជាតិ
ឥណ្ឌា​នឹង​បើក​ការហោះហើរ​ត្រង់​មក​កម្ពុជា នៅ​ឆ្នាំក្រោយ​
14, Sep 2016 , 8:19 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ក្រុមហ៊ុន​អាកាសចរ​ឥណ្ឌា​ធំ​មួយ​នឹង​បើក​ការហោះហើរ​ត្រង់​មក​កម្ពុជា នៅ​ឆ្នាំក្រោយ​។ នេះ​បើតាម​ប្រសាសន៍​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​លោក Naveen Srivastava​។ លោក​ឯកអគ្គរដ្ឋទូត រំពឹងថា ការហោះហើរ​ត្រង់​រវាង​ឥណ្ឌា និង​កម្ពុជា នឹង​ជំរុញ​កំណើន​ភ្ញៀវទេសចរ ពាណិជ្ជកម្ម ការវិនិយោគ និង​ទំនាក់ទំនង​ភាគី​ទាំងពីរ ក្នុង​ប្រវត្តិសាស្ត្រ​ជាង ២​ពាន់​ឆ្នាំ​មកនេះ​។​


​លោក Naveen Srivastava បាន​បង្ហើប​ឲ្យ​ដឹង​ពី​ការហោះហើរ ត្រង់​ពី​ប្រទេស​ឥណ្ឌា​មកកាន់​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​សៀមរាប មុនពេល​ប្រតិភូ​រដ្ឋាភិបាល​កម្ពុជា​ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​អាកាសចរ​ស៊ីវិល​ឥណ្ឌា នៅ​ថ្ងៃទី ១៤ និង​១៥ ខែកញ្ញា​នេះ នៅ​ប្រទេស​ឥណ្ឌា​។​
 
​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ទើប​ចូលកាន់​តំណែង​ប្រចាំ​កម្ពុជា​បាន​ថ្លែង​បែបនេះ​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​បង្ហាញផ្លូវ​ទេសចរ​ណ៌​ឥណ្ឌា (India Tourism Road Show) ដែលមាន​បំណង​ចែករំលែក​បទពិសោធន៍​ការងារ និង​ធុរៈកិច្ច​ក្នុង​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​។​
  
​លោក​បាន​ថ្លែង​ចំពោះមុខ​រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា​លោក ថោង ខុន និង​តំណាង​ក្រុមហ៊ុន​ទេសចរណ៍​មកពី​ប្រទេស​ឥណ្ឌា​ជាង ២០ និង​ក្រុមហ៊ុន​ទេសចរណ៍​កម្ពុ​ជាជាង ៥០ កាលពី​ល្ងាច​ថ្ងៃទី​១២ កញ្ញា​ថា ក្រុមហ៊ុន​អាកាសចរ​ឥណ្ឌា IndiGo នឹង​ហោះ​ត្រង់​មក​កម្ពុជា​ឆ្នាំក្រោយ បន្ទាប់ពី​អាជ្ញាធរ​ភាគី​ទាំងពីរ​ជជែក​ពិភាក្សា​ពី​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​។​
 
«​ក្រុមហ៊ុន​អាកាសចរ​ឥណ្ឌា IndiGo សម្លឹង​ហោះហើរ​ត្រង់​មក​ខេត្តសៀមរាប​។ ខ្ញុំ​ប្រាកដ​ពួកគេ​នឹង​បើក​ការហោះ​ត្រង់​មក​កម្ពុជា នៅ​ឆ្នាំក្រោយ បន្ទាប់ពី​ភាគី​ទាំង​ចុះ​កិច្ចព្រមព្រៀង ខាងមុខនេះ​»​។ ប្រសាសន៍​លោក Naveen Srivastava​។​
  
​បើតាម​ឯកអគ្គរដ្ឋទូត​ឥណ្ឌា ទេសចរ​ឥណ្ឌា​ជាង ១៨​លាន​នាក់​បានធ្វើ​ដំណើរ​ក្រៅប្រទេស ក្នុងនោះ ឥណ្ឌា​ជាង ៣​លាន​នាក់មក​តំបន់​អាស៊ាន និង​ជាង ៣​ម៉ឺន​នាក់មក​កម្ពុជា ក្នុង​ឆ្នាំ​២០១៤ ។​
 
​ជាមួយគ្នា​ដែរ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជឿជាក់ថា ការហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំងពីរ នឹង​ជំរុញ​កំណើន​ទេសចរណ៍ និង​ការវិនិយោគ ដើម្បី​អភិឌ្ឍន៍​ប្រទេស​ទាំងពីរ​ថែមទៀត​។​
​តាម​លោក ថោង ខុន កម្ពុជា​ទទួលភ្ញៀវ​ទេសច​រ​អន្តរជាតិ​ជិត ៥​លាន​នាក់ ក្នុង​ឆ្នាំ ២០១៥ ។ ចំនួន​នេះ​កើនឡើង ៦​ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៤ ក្នុងនោះ ភ្ញៀវទេសចរ​ឥណ្ឌា​ជាង ៣​ម៉ឺន​នាក់ កើនឡើង ២៨​ភាគរយ​។ រីឯ​រយៈពេល ៦​ខែ ក្នុង​ឆ្នាំ​២០១៦​នេះ កម្ពុជា​ទទួល ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ២​លាន​៤​សែន​នាក់ កើនឡើង ២,៦​ភាគរយ ធៀប​នឹង​រយៈពេល ដូចគ្នា​ឆ្នាំ ២០១៥ ក្នុងនោះ ឥណ្ឌា​ជាង ២​ម៉ឺន​នាក់ កើនឡើង ៣២​ភាគរយ​។ រដ្ឋមន្ត្រី​ទេសចរណ៍​រំពឹងថា កម្ពុជា​នឹង​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិ​ជាង ៧​លាន​នាក់ ក្នុង​ឆ្នាំ ២០២០ ៕





Tag:
 ឥណ្ឌា​
  អាកាសចរ​ស៊ីវិល
© រក្សាសិទ្ធិដោយ thmeythmey.com