ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ទប់ស្កាត់​ការ​បន្ទាប​ថ្លៃ​ស្រូវ ប៉ុន្តែ​អ្នកជំនាញ​បារម្ភ​ថា​ការអនុវត្ត​គ្មាន​ប្រសិទ្ធភាព​
14, Sep 2016 , 9:34 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ណែនាំ​ដល់​មន្ត្រីក្រោមឱវាទ​ឲ្យ​ធ្វើ​អន្តរាគមន៍​ជួយ​កសិករ ពី​ការ​បន្ទាប​ថ្លៃ​កសិផល​ពី​សំណាក់​ឈ្មួញ និង​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ផលិតផល​កសិកម្ម​។ ការចាត់វិធានការ​រ​បស់​ក្រសួង​នៅពេលនេះ គឺ​ក្រោយពី​មានការ​ត្អូញត្អែរ​ពី​កសិករ​លើ​បញ្ហា​តម្លៃ​ផលិតផល​កសិកម្ម ពិសេស​ដំណាំ​ស្រូវ​។ ប៉ុន្តែ​វិធានការ​នេះ ត្រូវបាន​អ្នកជំនាញ​មើលឃើញថា នឹង​មិនសូវ​ផ្ដល់​ប្រសិទ្ធភាព​ឡើយ ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារសេរី​។​



​ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​កសិផល ពិសេស​ស្រូវ ក្រសួងកសិកម្ម​បានស្នើ​ឲ្យ​មន្ទីរ​កសិកម្ម​ខេត្ត​ទាំងអស់ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​ការប្រមូលទិញ​កសិផល​ផ្ដាច់មុខ​ពី​សំណាក់​ឈ្មួញ​នៅតាម​តំបន់ ពង្រឹងសមត្ថភាព​សហ​គម​ន៍​កសិកម្ម​មូលដ្ឋាន​លើ​ការប្រមូលទិញ​កសិផល ដើម្បី​ចរចារ​ថ្លៃ​ឲ្យ​បាន​សមស្រប​។ ប្រធាន​មន្ទីរ​ក៏ត្រូវ​ចរចា​ជាមួយ​ក្រុមហ៊ុន​រោង​ម៉ាស៊ីនកិនស្រូវ​ប្រចាំខេត្ត ដើម្បី​ប្រមូល​ទិញស្រូវ​ពី​កសិករ​ឲ្យ​អស់​លទ្ធភាព​ក្នុងតម្លៃ​សមរម្យ​។ នេះ​បើតាម​លិខិត​របស់​ក្រសួង ដែល​បញ្ជូនមក​ប្រធាន​មន្ទីរ​កសិកម្ម​រាជធានី​ខេត្ត នៅ​ថ្ងៃទី​១២​ខែកញ្ញា​។​

​លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ យល់ឃើញថា​វិធានការ​របស់​ក្រសួងកសិកម្ម​នៅពេលនេះ នឹងមិន​ផ្ដល់​ប្រសិទ្ធភាព​ខ្ពស់​នោះទេ​។ លោក​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​យល់ថា​ប្រហែល​មិនសូវមាន​ប្រសិទ្ធភាព​ទេ ព្រោះ​យន្តការ​ទីផ្សារសេរី គឺ​វា​ធំធេង​ខ្លាំងណាស់ អាស្រ័យ​លើ​អ្នកទិញ​ជា​ចម្បង ហើយ​គ្មាន​អ្នកណា​អាច​បង្ខិតបង្ខំ​អ្នកទិញ​ឲ្យ​កំណត់​ថ្លៃ​ណាមួយ​បានទេ​»​។​

​លោក ហ៊ុន ឡាក់ អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​(CRF) បាន​សាទរ​ចំពោះ​ចំណាត់ការ​របស់​ក្រសួងកសិកម្ម  តែ​លោក​បញ្ជាក់ថា​ការ​ឆ្លៀតឱកាស​បន្ទាប​ថ្លៃ​ស្រូវ​នេះ គឺជា​សកម្មភាព​របស់​ឈ្មួញ​មួយចំនួន​តូច​តែប៉ុណ្ណោះ​។ «​ក្រសួង​ដាក់​វិធានការ​អ៊ីចឹងទៅ ជាការ​ពញ្ញា​ក់មួយ តែ​ប្រសិទ្ធភាព​ស៊ីសង​លើ​មន្ត្រី បើសិនណា​ពួកគាត់​រក​ចំណុច​ដែល​កំពុងតែ​កើត​ចុងក្រោយ​ណឹ​ង ថា​ចេញពី​ប្រភព​ណា ហើយ​មាន​យន្តការ​ទប់ស្កាត់​បែប​ម៉េច​លើ​បញ្ហា​នោះ​។ ខ្ញុំ​យល់ថា វា​ជា​សកម្មភាព​របស់​ឈ្មួញ​មួយចំនួន​តូច​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហ៊ុន ឡាក់ ។

​អនុប្រធាន CRF រូបនេះ ឲ្យ​ដឹង​ទៀតថា ការដែល​តម្លៃ​ស្រូវ​ចុះថោក ជាធម្មតា គឺ​បណ្ដា​លពី​កត្តា​ទីផ្សារ​ក្រៅប្រទេស​។ «​ការទម្លាក់​តម្លៃ​ជាទូទៅ វា​កើតឡើង​ដោយសារ​អត់​តម្រូវ​ការបញ្ជាទិញ​ពី​ទីផ្សារ ឬ​ទីផ្សារ​ជួប​បញ្ហា​ប្រកួតប្រជែង​តម្លៃ​ជាមួយ​ប្រទេសជិតខាង​»​។ លោក​បាន​ជំរុញ​ឲ្យ​ដ្ឋា​ភិ​បាល​ជួយ​ផ្នែក​ដើមទុន​ដល់​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុងការ​ប្រមូល​ទិញស្រូវ​ពី​កសិករ ទន្ទឹមនឹង​ជួយ​ពង្រឹង​ការប្រកួតប្រជែង​លើ​ទីផ្សារ​ខាងក្រៅ ដែល​នឹង​លើកស្ទួយ​ឧស្សាហកម្ម​ស្រូវ​អង្ករ​កម្ពុជា​៕


Tag:
 ស្រូវ​
  ហ៊ុន ឡាក់​
  ច័ន្ទ សុផល
© រក្សាសិទ្ធិដោយ thmeythmey.com