ជាតិ
​​​ន​យោ​បាយ​ជាតិ​
​រយៈពេល​១៤​ថ្ងៃ ពលរដ្ឋ​ជាង​២​លាន​នាក់ ទៅ​ចុះឈ្មោះ​បោះឆ្នោត​
15, Sep 2016 , 9:55 pm        
រូបភាព
​ភ្នំពេញ​៖ បើ​គិតពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ ជាង​២​លាន​នាក់​ហើយ បាននាំគ្នា​ទៅ​ចុះឈ្មោះ​បោះឆ្នោត តាម​ការិយាល័យ​ចុះឈ្មោះ​ឆ្នោត នៅ​ទូទាំងប្រទេស​កម្ពុជា​។ នេះ​បើតាម​និ​ន្ន​ន័យ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​

 
​គ​.​ជ​.​ប ធ្លាប់​ប្រកាសថា ប្រជាពលរដ្ឋ ចំនួន​៨,៨​លាន​នាក់ បានទទួល​អត្តសញ្ញាណ​បណ្ណ​គំរូ​ថ្មី ដែលជា​ឯកសារ​គោល​សម្រាប់​ការចុះ​ឆ្នោះ​បោះឆ្នោត​។ ដូច្នេះ ប្រជាពលរដ្ឋ​ជាង​២​លាន​នាក់​ដែល​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត ក្នុង​រយៈពេល​១៤​ថ្ងៃនេះ គឺ​ស្មើនឹង​ប្រមាណ​ជាង​២១​ភាគរយ​ហើយ បើ​ប្រៀបធៀប​នឹង​ប្រជាពលរដ្ឋ​ចំនួន​៨,៨​លាន​នាក់​។   
 
​កាលពីពេល​ថ្មីៗ​នេះ លោក ទេព នីថា អគ្គលេខាធិការ​របស់​គ​.​ជ​.​ប បាន​វាយតម្លៃ​បែប​វិជ្ជមាន​ថា ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ទទួលបាន​លទ្ធផល​ល្អ ដោយសារតែ​មន្ត្រី​ជំនាញ​របស់​គ​.​ជ​.​ប អាច​ប្រើប្រាស់​កុំព្យូទ័រ​បាន​ប្រសើរ​ជាង​មុន គួបផ្សំ​នឹង​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ ផងដែរ​។ 
 
​យ៉ាងណាក៏ដោយ គ​.​ជ​.​ប ក៏​ជួបប្រទះ​បញ្ហា​មួយចំនួន​ផងដែរ ក្នុងកំឡុងពេល​នៃ​ការចុះឈ្មោះ​បោះឆ្នោត មានដូចជា ការខ្វះខាត​ធន​ធន​មនុស្ស ការខូចខាត​សម្ភារ​បច្ចេកទេស​ដែល​បម្រើ​ឲ្យ​ការចុះឈ្មោះ​បោះឆ្នោត និង​ការយាយី​ពី​ធម្មជាតិ ជាដើម​។  នេះ​បើតាម​ការអះអាង​របស់​លោក ទេព នីថា ដដែល​។ ប៉ុន្តែ អគ្គលេខាធិការ​រូបនេះ បាន​បញ្ជាក់ថា គ​.​ជ​.​ប កំពុង​ខ្នះខ្នែង ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងនោះ​ជា​បន្តបន្ទាប់ ដើម្បី​ធានា​ការចុះឈ្មោះ​បោះឆ្នោត ឲ្យ​ប្រព្រឹត្តទៅ កាន់តែ​ល្អប្រសើរ​។​
 
​សូមបញ្ជាក់ថា ការចុះឈ្មោះ​បោះឆ្នោត មាន​រយៈពេល​៣​ខែ គឺ​ចាប់​ពីថ្ងៃ​១ ខែកញ្ញា ដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដោយ​មិនមាន​ការឈប់​សម្រាក​ក្នុង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ឡើយ​។ លើសពីនេះ​ទៀត គ​.​ជ​.​ប បានសម្រេច​ចុះឈ្មោះ​បោះឆ្នោត នៅ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៦ ដែលជា​ថ្ងៃ​ឈប់សម្រាក ក្នុង​ពិធីបុណ្យ​ភ្ជុំ​បិ​ណ្យ ផងដែរ​៕
 

Tag:
 បោះឆ្នោត​ឃុំ សង្កាត់​
  ចុះឈ្មោះ​បោះឆ្នោត​
 ​ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com