English-Français
សមាជិក YSEALI ចង់ឃើញ​រដ្ឋាភិបាល​អាមេរិក បន្ត​គាំទ្រ​កម្មវិធី​នេះ ទោះ​លោក​អូ​បា​ម៉ា ចាកចេញ
16, Sep 2016 , 9:36 am        
រូបភាព
ដោយ:
​ជំនួប​ប្រចាំឆ្នាំ​២០១៦​របស់​គំនិត​ផ្តួចផ្តើម YSEALI ដែល​ប្រព្រឹត្តឡើង​នៅ​ក្រុង​លួង​ប្រា​បាង​នៃ​ប្រទេស​ឡាវរ បានបញ្ចប់​ជាមួយនឹង​មា​ត្រី​ភាព មិត្តភាព បទពិសោធន៍ និង​ចំណេះដឹង​ដែល​ភាគច្រើន​ផ្តោតលើ​ការអភិវឌ្ឍ​ប្រកបដោយ​ចរី​ភាព​។ ក្រោយ​ទទួលបាន​ការបណ្តុះបណ្តាល​តាមរយៈ​ជំនួប​រយៈ​បី​ថ្ងៃនេះ យុវជន​អាស៊ាន​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ បានបង្ហាញ​ពី​ការពេញចិត្ត ជាមួយនឹង​ចំណេះដឹង​ដែល​ពួកគេ​ទទួល និង​ប្តេជ្ញា​យក​ចំណេះដឹង​ទាំងនោះ​ជួយ​អភិវឌ្ឍ​សហគមន៍​របស់​ពួកគេ​ទៀតផង​ដែរ​។ តែ​យុវជន ក៏បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដែលជា​អ្នក​ផ្តួចផ្តើម​នៃ​កម្មវិធី​នេះ​ធានា​និរន្តរភាព​របស់​កម្មវិធី​ផងដែរ​។​

 
​សូម​ស្តាប់​កិច្ចសម្ភាសន៍​ទាំងស្រុង​រវាង​លោក​ទេព​អ៊ី វិសាល អ្នកសារព័ត៌មាន​ថ្មីៗ​ជាមួយនឹង​យុវជន​កម្ពុជា ឥណ្ឌូនេស៊ី និង​ហ្វីលីពីន​ដែលជា​អ្នកចូលរួម​ក្នុងជំនួប​គំនិត​ផ្តួចផ្តើម YSEALI
 


 
«​កុំ​សួរថា តើ​សង្គម​បានផ្តល់​អ្វីខ្លះ​ដល់​អ្នក តែ​អ្នក​ត្រូវ​សួរ​ខ្លួនឯង​ថា អ្នក​បានផ្តល់​អ្វីខ្លះ​ដល់​សង្គម​?»​។ នេះ​ជា​អ្វីដែល កញ្ញា សុខ សុភ័ក្ត្រ​បញ្ញា បាន​ចងចាំ​ពី​ក្នុង​វគ្គ​បណ្តុះបណ្តាល​៣​ថ្ងៃ​នៃ​ជំនួប​យុវជន YSEALI នៅក្នុង​ក្រុង​លួង​ប្រា​បាង​នៃ​ប្រទេស​ឡាវ​កាលពីពេល​ថ្មីៗ​នេះ​។ សុភ័ក្ត្រ​បញ្ញា ជា​យុវជន​ខ្មែរ​ម្នាក់​ដែល​ស្ថិតនៅ​ក្នុងចំណោម​យុវជន​កម្ពុជា​១៤​នាក់ ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ជំនួប​ប្រចាំឆ្នាំ​ជាមួយ​យុវជន YSEALI ជាង​១៨០​នាក់​ផ្សេងទៀត​មកពី​ប្រទេស​សមាជិក​អាស៊ាន​។ យុវតី វ័យ ១៩​ឆ្នាំ​រូបនេះ ក៏បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ីន ធានា​និរន្តរភាព​របស់​កម្មវិធី​នេះ​ផងដែរ​។​


សុខ សុភ័ក្ត្របញ្ញា​ 
(យុវជនកម្ពុជា)

​មិន​ខុសពី កញ្ញា សុ​ភ័​ក្រប​ញ្ញា កញ្ញា LARASATI យុវតី​សញ្ជាតិ​ឥណ្ឌូនេស៊ី ដែលមាន​វត្តមាន​ក្នុងជំនួប​ប្រចាំឆ្នាំ​នោះ ក៏មាន​ចំណាប់អារម្មណ៍​ស្រដៀង​គ្នា​នេះដែរ​។ កញ្ញា បាន​អះអាងថា កម្មវិធី​នេះ បានធ្វើ​ឲ្យ​កញ្ញា​យល់ដឹង​បន្ថែម​ពីបទ​ពិសោធន៍​ក្នុងការ​ផ្លាស់ប្តូរ​ពិភពលោក និង​ធ្វើ​ឲ្យ​ពិភពលោក​ក្លាយជា​កន្លែង​មួយ​កាន់តែ​ល្អប្រសើរ​សម្រាប់​មនុស្សជាតិ​។ 


​LARASATI (យុវជនឥណ្ឌូនេស៊ី)

​បន្ថែម​ពី​ការលើកឡើង​របស់​យុវជន​អាស៊ាន​ទាំងពីរ កញ្ញា Pauline Anne B Ferrero យុវតី​ហ្វីលីពីន ដែលជា​សមាជិក YSEALI ផងដែរ​នោះ បាន​ប្តេជ្ញា​ថា កញ្ញា នឹង​នាំយក​ចំណេះដឹង​ដែល​បានមកពី​កម្មវិធី​នោះ​ដើម្បី​អភិវឌ្ឍ​សហគមន៍​ហ្វីលីពីន​ឲ្យ​កាន់តែ​ល្អប្រសើរ​។ ជាពិសេស​នេះ កញ្ញា ក៏បាន​ប្តេជ្ញា យកចំណេះ​ដឹង​ដែល​បានទទួល​តាមរយៈ​កម្ម​វិធី YSEALI ទៅប្រើ​ប្រាស់​ក្នុង​គម្រោង និង​គំនិត​ផ្តួចផ្តើម​របស់​កញ្ញា​ដែល​ពាក់ព័ន្ធ​ស្ត្រី កុមារ និង​ជនជាតិភាគតិច​នៅក្នុង​សហគមន៍​ហ្វីលីពីន​តែម្តង​។​


Pauline Anne B. Ferrero (យុវជនហ្វីលីពីន)

សូមបញ្ជាក់ថា គំនិត​ផ្តួចផ្តើម YSEALI (Young Southeast Asian Leadership Initiative) គឺជា​គំនិត​ផ្តួចផ្តើម​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​ក្រោម​រដ្ឋបាល​របស់លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា តាំងពី​ឆ្នាំ​២០១៣​។ គំនិត​ផ្តួចផ្តើម​នេះ មាន​ទិសដៅ​ពង្រឹងសមត្ថភាព​យុវជន និង​មេដឹកនាំ​វ័យក្មេង​របស់​ប្រទេស​ទាំង​ដប់​នៃ​អាស៊ាន​ដែលជា​សមាជិក​ខ្លួន​ពាក់ព័ន្ធ​បញ្ហា​បរិស្ថាន អប់រំ ការផ្សារភ្ជាប់​ខ្លួន​ជាមួយនឹង​ប្រជាជន​ស៊ីវិល និង សហគ្រិនភាព​និង​សេដ្ឋកិច្ច​។ តាមរយៈ​កម្មវិធី​នេះ យុវជន ក៏មាន​ឳ​កាស​ដើម្បី​បំពេញ​កម្មសិក្សា​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​ក្នុង​តំបន់​ផងដែរ​។ 
 
 បើទោះបីជា​អ្នក​ផ្តួចផ្តើម​នៃ​កម្មវិធី​នេះ គឺ​លោក​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា នឹងត្រូវ​បញ្ចប់​អាណត្តិ​ដឹកនាំ​របស់លោក​នាពេលខាងមុខ​ដ៏​ខ្លី​ក៏ដោយ គំនិត​ផ្តួចផ្តើម​ដែលមាន​សមាជិក​ជា​យុវជន និង​មេដឹកនាំ​វ័យក្មេង​ជាង​៩​ម៉ឺន​នាក់​ហើយ​នោះ មិន​បញ្ចប់​ឡើយ​។ លោក​ប្រធានាធិបតី អូ​បា​ម៉ា នៅតែ​បន្សល់​ក្តីសង្ឃឹម​សម្រាប់​យុវជន​ដែលជា​សមាជិក​នៃ​គំនិត​ផ្តួចផ្តើម​នេះ​តាមរយៈ​សុន្ទរកថា​ចុងក្រោយ​របស់លោក​ក្នុងនាម​ជា​ប្រធានាធិបតី​អាមេរិក​នៅក្នុង​ប្រទេស​ឡា​វ ដោយ​បញ្ជាក់ថា រដ្ឋាភិបាល​អាមេរិក នឹង​នៅតែ​បន្ត​ពង្រឹងសមត្ថភាព​យុវជន​តាមរយៈ​កម្មវិធី​នេះ​ដដែល​៕
 





Tag:
 អាស៊ាន​
  YSEALI
© រក្សាសិទ្ធិដោយ thmeythmey.com