ជាតិ
​​​ន​យោ​បាយ​ជាតិ​
​បក្សប្រឆាំង មិន​ជឿថា​សមត្ថកិច្ច​បង្ក្រាប​អ្នកចូលរួម ក្នុង​មហា​បាតុកម្ម នៅពេល​ខាងមុខ​ឡើយ​
16, Sep 2016 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ ប្រមុខ​រដ្ឋាភិបាល បានប្រកាស​រួចហើយ ថា នឹង​កម្ចាត់​ចោល​នូវ​សកម្មភាព​ខុសច្បាប់​ទាំងឡាយ ដែល​កើតឡើង​ពី​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ បែរជា​យល់ថា កងកម្លាំងប្រដាប់អាវុធ នឹងមិន​ប្រើ​អំពើហិង្សា​ទៅលើ​ហ្វូង​បាតុករ​នោះទេ​។



​មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង សង្ឃឹមថា មហា​បាតុកម្ម ដែល​រៀបចំ​ដោយ​បក្សប្រឆាំង នាពេល​មុខ នឹងមិន​មានការ​បង្ក្រាប ពី​សំណាក់​អាជ្ញាធរ​ឡើយ​។ លោក​សង្កត់ធ្ងន់ៗ​ថា​៖«​ខ្ញុំ​មិន​ជឿថា​កងកម្លាំងប្រដាប់អាវុធ មក​បាញ់សម្លាប់ មក​បង្ក្រាប ចំពោះ​បាតុកម្ម ដែលមាន​ដៃទទេ នោះទេ​។ ខ្ញុំ​មិន​ជឿ​ទេ ព្រោះ​ពួកគាត់ (​សមត្ថកិច្ច​) ក៏​ជា​ខ្មែរ​ដែរ​»​។​

​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន ក្រោយពី​បញ្ចប់​វេទិកាសាធារណៈ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោក អេង ឆៃអ៊ាង បាន​លើកឡើងថា គណបក្ស​សង្គ្រោះ​ជាតិ ពិតជា​មិន​ចង់​ធ្វើ​មហា​បាតុកម្ម នោះទេ​។ លោក បញ្ជាក់ថា គម្រោង​នៃ​ការធ្វើ​មហា​បា​តុម្ម​នេះ គឺជា​ជម្រើស​ចុងក្រោយ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ដើម្បី​តស៊ូ​មតិ និង​ដោះស្រាយ​វិបត្តិ​នយោបាយ  ឲ្យ​វិល​ទៅរក​ប្រក្រតីភាព​ឡើងវិញ​។

​យ៉ាងណាក៏ដោយ គណបក្ស​សង្គ្រោះ​ជាតិ នឹង​រំលាយចោល​នូវ​គម្រោង​មហា​បាតុកម្ម​ភ្លាម ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា យល់ព្រម​ចាប់ដៃ​ជាមួយ​ខ្លួន ហើយ​ដើរ​ទៅរក​តុ​ចរចា​។ នេះ​បើតាម​ការអះអាង​របស់​លោក អេង ឆៃអ៊ាង ដដែល​។

​រីឯ​ឯកឧត្តម សម រង្ស៊ី ដែល​កំពុង​ស្ថិតនៅ​ប្រទេស​បារាំង​ឯណោះ​វិញ បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​នៅថ្ងៃនេះ ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​មហា​បាតុកម្ម​ឲ្យ​ខាន​តែ​បាន ដើម្បី​តទល់​ជាមួយ​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ឯកឧត្តម បានបញ្ជាក់​បែបនេះ​ថា​៖«​បើ​យើង​ហ៊ាន​ងើប​ទាំងអស់គ្នា ងើប​គ្រប់​ខេត្ត បាតុកម្ម​គ្រប់​សាលាឃុំ បាតុកម្ម​គ្រប់​សាលាស្រុក បាតុកម្ម​គ្រប់​សាលាខេត្ត បាតុកម្ម​រាជធានី​ភ្នំពេញ​ទន្ទឹមគ្នា តើ​ពួកនេះ​មាន​កម្លាំង​មកពីណា​ទៅ​បង្ក្រាប​ប្រជា​ពល​រាស្ត្រ បើ​ប្រជារាស្ត្រ​ងើប​ទូទាំងប្រទេស​ដោយ​សន្តិវិធី​។ យើង​ត្រូវតែ​រៀបចំ​គម្រោង​នេះ​ឲ្យ​ទាល់តែ​បាន ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​»​។

​សូមបញ្ជាក់ថា កាលពីពេល​ថ្មី​នេះ គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា នឹងធ្វើ​មហា​បាតុកម្ម ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​។ ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​បែបនេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បាន​បញ្ជា​ឲ្យ​គ្រប់​កម្លាំង​មាន​សមត្ថកិច្ច​ត្រៀមខ្លួន​កម្ចាត់​ចោល​នូវ​រាល់​សកម្មភាព​ខុសច្បាប់​ទាំងអស់ ដើម្បី​ការពារ​នូវ​ភាពសុខសាន្ត​របស់​ប្រជាជន​។ ជាមួយគ្នា​នោះដែរ ក្រសួងការពារជាតិ មេ​អង្គរក្ស ព្រមទាំង​មេកង​កម្លាំងប្រដាប់អាវុធ​ដទៃទៀត បានចេញ​មុខ​ប្រកាស​ទទួលបញ្ជា​របស់​នា​យក​ដ្ឋ​មន្ត្រី​ផងដែរ​៕


Tag:
 បាតុកម្ម​
  CPP
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com