ជាតិ
សុវត្តិភាព ចរាចរណ៍
ការពង្រីកផ្លូវនៅសៀមរាបមានការលំបាកព្រោះប៉ះដើមឈើប្រវត្តិសាស្ត្រច្រើន
× សៀមរាប៖ ចរាចរណ៍នៅក្នុងក្រុងសៀមរាបកាន់តែចង្អៀតទៅៗ ដោយសារកំណើនមនុស្ស និងយានយន្ត។ ដើម្បីបញ្ចៀសបញ្ហានេះបាន អាជ្ញាធរខេត្តបាននិងកំពុងរៀបចំពង្រីកផ្លូវថ្នល់មួយចំនួនក្នុងក្រុង តែការពង្រីកនោះត្រូវបានគេមើលឃើញថា មានតិចតួច និងនៅតាមជាយៗក្រុងតែប៉ុណ្ណោះ។ សម្រាប់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ការពង្រីកប្រព័ន្ធផ្លូវថ្នល់នៅខេត្តសៀមរាប មានការលំបាកច្រើន ព្រោះប៉ះពាល់ដល់ដើមឈើប្រវត្តិសាស្ត្រ ជាពិសេសគឺលើកំណាត់ផ្លូវជាតិលេខ៦ មុខព្រះរាជដំណាក់។
ជាមួយនឹងការលើកឡើងពីផលលំបាកក្នុងការពង្រីកផ្លូវដោយសារប៉ះដើមឈើ ដែលមានអាយុរយឆ្នាំហើយនោះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រសួងក៏កំពុងគិតគូរបន្ថែមទៀត លើការរៀបចំផ្លូវថ្នល់ក្នុងក្រុងសៀមរាប។ លោកពន្យល់បន្ថែមយ៉ាងដូច្នេះថា៖«...ដឹងស្រាប់ហើយ បើដើមឈើរាប់រយឆ្នាំ វាពិបាកចឹងណា។ ពិបាកណាស់ មិនហ៊ានកាប់ទេលោកអើយ ណាមិនហ៊ាន។ ប៉ុន្តែយើងនឹងរៀបចំនីតិវិធី និងសណ្តាប់ធ្នាប់ ខ្ញុំជឿជាក់ថា ឯកឧត្តមអភិបាលលោកគិតគូរច្រើនណាស់...»។
ជាមួយនេះផងដែរ លោក ស៊ុន ចាន់ថុល រំពឹងថា វត្តមានស្ពានថ្ម ដែលរៀបចំជាស្ពានភ្លោះមុខព្រះរាជដំណាក់ នឹងអាចកាត់បន្ថយការកកស្ទះបានចំនួនធំ។ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចសង់ស្ពានចំនួន២កន្លែងកាត់ស្ទឹងសៀមរាប ទីមួយសង់ស្ពានបន្ថែមមួយទៀតនៅមុខព្រះរាជដំណាក់ និងទីពីរ ស្ពានវត្តពោធិ៍លង្កា ដែលស្ពានចាស់មានសភាពទ្រុឌទ្រោមខ្លាំង។ ក្នុងគម្រោង ស្ពាននីមួយៗមានប្រវែង ៤០ម៉ែត្រ និងទទឹង ៨ម៉ែត្រ៕
សូមស្តាប់ការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានថ្ម នៅក្រុងសៀមរាប នៅព្រឹកថ្ងៃទី១៩ កញ្ញា ឆ្នាំ២០១៦
Tag:
ស្ពាន
ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com