ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី​របស់​ឯកឧត្តម កឹម សុខា នឹងដាក់​បណ្តឹង​ទៅ​ឧទ្ធរណ៍ នៅ​ខែតុលា​
19, Sep 2016 , 8:39 pm         6784
រូបភាព
​ភ្នំពេញ​៖  នៅ​ខែតុលា ខាងមុខ ក្រុម​មេធាវី​របស់​ឯកឧត្តម កឹម សុខា នឹងដាក់​ពាក្យ​ប្តឹងទៅ​សាលាឧទ្ធរណ៍ ដើម្បី​ប្រឆាំងនឹង​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេច​ឲ្យ​ឯកឧត្តម កឹម សុខា ជាប់ពន្ធនាគារ​រយៈពេល ៥ ខែ និង​ពិន័យ​ប្រាក់ ៨ សែន​រៀល​។


​លោក ហែម សុជាតិ មេធាវី​មួយរូប ក្នុងចំណោម​មេធាវី​ទាំង​ប្រាំ​រូប ដែល​ការពារ​ក្តី​ឲ្យ​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រុម​មេធាវី នឹងដាក់​បណ្តឹង​ទៅ​សាលាឧទ្ធរណ៍ នៅ​ពាក់កណ្តាល​ខែតុលា ឆ្នាំ​២០១៦ ដើម្បី​ប្រឆាំងនឹង​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ លោក បន្ថែមទៀតថា ក្នុងកំឡុងពេល​នេះ ក្រុម​មេធាវី​នៅតែ​បន្ត​ពិភាក្សាគ្នា ជុំវិញ​ការ​ប្តឹងទៅ​សាលាឧទ្ធរណ៍ ដើម្បី​ជួយ​ឯកឧត្តម កឹម សុខា តាមផ្លូវ​ច្បាប់​។​

​លោក​មេធាវី​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​យើង​នឹងដាក់​បណ្តឹង​ទៅ​សាលាឧទ្ធរណ៍​នៅ​សប្តាហ៍​ទី​បួន ក្រោយពី​ទទួលបាន​សាលក្រម​។ ប្រហែលជា​ថ្ងៃទី​១៣​ឬ​ទី​១៤ ក្នុង​ខែតុលា​»​។

​តាម​ការពន្យល់​របស់​លោក ហែម សុជាតិ នៅពេល​ពាក្យបណ្តឹង​របស់​ក្រុម​មេធាវី ធ្លាក់​ដល់ដៃ​សាលាឧទ្ធរណ៍​ហើយ នោះ​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេច​ឲ្យ​ឯកឧត្តម កឹម សុខា ជាប់ពន្ធនាគារ​រយៈពេល​៥​ខែ មិនអាច​ដាក់​ឲ្យ​អនុវត្ត​បានទេ​។ ដូច្នេះ ឯកឧត្តម កឹម សុខា ក៏​មិន​ត្រូវបាន​នាំខ្លួន​ទៅ​ឃុំឃាំង ដែរ ក្នុងកំឡុងពេល ដែល​សាលាឧទ្ធរណ៍​កំពុង​ចាត់ការ​លើ​បណ្តឹង​របស់​ក្រុម​មេធាវី​។​

​ការ​សម្រេចចិត្តថា នឹង​ប្តឹងទៅ​សាលាឧទ្ធរណ៍​នេះ គឺ​ដោយសារតែ​ក្រុម​មេធាវី និង​ឯកឧត្តម កឹម សុខា មិន​យល់ព្រម​នឹង​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ក្រុម​មេធាវី ចាត់ទុក​ការបើក​សវនាការ​នៃ​ការជំនុំជម្រះ​លើ​សំណុំរឿង​របស់​ឯកឧត្តម កឹម សុខា ថា​ដំណើការ​ទៅដោយ​ខុស​នីតិវិធី​។ ជាងនេះទៀត ក្រុម​មេធាវី ក៏បាន​អះអាង​ដែរ​ថា ឯកឧត្តម កឹម សុខា មិនមាន​ទោសកំហុស ដូច​ការចោទប្រកាន់​និង​ការផ្តន្ទាទោស​របស់​តុលាការ នោះទេ​។

​កាលពី​ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ​២០១៦ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​របស់​ឯកឧត្តម កឹម សុខា ដោយ​សម្រេច​ឲ្យ​អនុប្រធាន​បក្សប្រឆាំង​រូបនេះ ជាប់ពន្ធនាគារ​រយៈពេល​៥​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​សែន​រៀល ពីបទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​»​។ បន្ទាប់មក សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​បញ្ជា​កម្លាំង​សមត្ថកិច្ច ឲ្យ​យក​សេចក្តីជូនដំណឹង​ពី​សាលក្រម ទៅ​បិទ​នៅមុខ​ផ្ទះ​ឯកឧត្តម កឹម សុខា តែម្តង កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦​។

​សូមបញ្ជាក់ថា រឿងក្តី​របស់​ឯកឧត្តម កឹម សុខា ខាងលើ បាន​រីក​រាលដាល ដោយសារតែ​ពាក្យបណ្តឹង​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ​។  កន្លងមក ស្រ​មុំ ដែល​គេ​សង្ស័យថា មានរឿង​អាស្រូវ​ស្នេហា​លួចលាក់​ជាមួយ​ឯកឧត្តម កឹម សុខា បានដាក់​លិខិត ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី ប្តឹង​តំណាងរាស្ត្រ​បក្សប្រឆាំង​ពីររូប គឺ​លោក ពិន រតនា និង​លោក តុ វ៉ាន់​ចាន់ ពីបទ «​សញ្ចារកម្ម​»​។ ក្រោយមក សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​ចំនួន​ពីរដង ដើម្បី​កោះហៅ​ឯកឧត្តម កឹម សុខា ឲ្យ​ចូល​បំភ្លឺ​ក្នុងនាម​ជា​សាក្សី ជុំវិញ​បណ្តឹង​របស់ ស្រីមុំ ខាងលើ​។ ប៉ុន្តែ​ឯកឧត្តម កឹម សុខា បាន​បដិសេធ​នឹង​ការកោះហៅ​ទាំង​ពីរលើក​។ មូលហេតុ​នេះហើយ ទើប​ឯកឧត្តម កឹម សុខា ត្រូវបាន​ចោទ​ពីបទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​» ដែល​តុលា​ការចាត់​ទុក្ខ​ថា ជា​បទល្មើស​ជាក់ស្តែង​៕

Tag:
 តុលាការ​
  កឹម សុខា​
  មេធាវី​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង