ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ថា មិន​ចរចា តែ​លោក យឹម សុវណ្ណ ថា ខ្មែរ​ត្រូវ​ជជែក​គ្នា​ដោះស្រាយ​បញ្ហា​ជាតិ​
19, Sep 2016 , 10:19 pm         9263
រូបភាព
​ជាថ្មី​ម្តងទៀត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​សម្តេច ហ៊ុន សែន  បានប្រកាស បិទផ្លូវ​ចរចា​ជាមួយនឹង​គណបក្ស​សង្គ្រោះ​ជាតិ​។ នៅថ្ងៃនេះ សម្តេច​អះអាង​ដាច់អហង្ការ​ថា ប្រសិនបើ​សម្តេច​ចរចា​ជាមួយ​គណបក្សប្រឆាំង គឺ​ស្មើនឹង​សត្វ​«​ឆ្កែ​»​។ តែ​យ៉ាងណា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ នៅតែមាន​សុទិដ្ឋិនិយម​ថា មិនយូរ​ឡើយ​អ្នកនយោបាយ​ខ្មែរ​នឹង​អាច​ជជែក​គ្នា​ដោះស្រាយ​បញ្ហា​ជាតិ​បាន​។


​សំឡេង​ខាងក្រោម​៖



​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រៀបធៀប​ខ្លួន​ដូចនឹង​សត្វ​«​ឆ្កែ​» ប្រសិនបើ​សម្តេច​ព្រម​ចរចា​ជាមួយនឹង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គំរាម​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​មានការ​ចរចា​រក​ដំណោះស្រាយ​នយោបាយ​នោះ​។ សម្តេច ហ៊ុន សែន អះអាង​ដាច់អហង្ការ​យ៉ាងនេះ​ថា​៖« កុំ​ស្អី​ឡើង​គំរាម​ធ្វើបាតុកម្ម​, គំរាម​គេ​ធ្វើបាតុកម្ម ដើម្បី​ចរចា អត់​ផ្លូវ​ទេ​។ បើ​ចង់​ចរចា និយាយ​គ្នា​ឲ្យ​ស្រួល​។ បាតុកម្ម​ចរចា បើ​អញ​ចរចា​ឆ្កែ​សុទ្ធ ប្រាប់​ឲ្យ​ហើយ​ទៅ​»​។

​ជាមួយគ្នានេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ថែមថា កន្លែង​ចរចា​គ្នា​មានតែ​មួយគត់ គឺ​នៅក្នុង​រដ្ឋសភា តែ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដើរ​ចេញពី​រដ្ឋសភា​ហើយ​។​«​បើ​អ្នកឯង​ដើរចេញ​ពីស​ភា មាន​កន្លែង​ណា​ទៅ​ជួបគ្នា​»​។ នេះ​ជា​លើកឡើង​បន្ថែម​របស់​សម្តេចនាយក​រដ្ឋមន្ត្រី នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សកល​វិទ្យាល័យ​បញ្ញា​ជាតិ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​នៅ​ថ្ងៃ​ចន្ទ​ទី ១៩ ខែកញ្ញា​។ ជាងនេះទៅទៀត សម្តេច ហ៊ុន សែន បាន​ប្រាប់​ឌឺដង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើបាតុកម្ម​ចុះ  តែ​សម្តេច​បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​ទាំង​ប្រជាពលរដ្ឋ​គាំទ្រ និង​កងកម្លាំងប្រដាប់អាវុធ​។​

​ការលើកឡើង​របស់​ស​ម្តេច ហ៊ុន សែន  ហាក់​មិន​ធ្វើ​ឲ្យ​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ផ្ញា​ក់​ផ្អើល​នោះទេ ពីព្រោះ​តែ​លោក​យល់ថា មិនមែនជា​លើក​ទី ១ ទេ ដែល​សម្តេច ហ៊ុន សែន ប្រកាស​មិន​ចរចា​។ តែ​លោក សុវណ្ណ បែរជា​និយាយ​បែប​សុទិដ្ឋិនិយម​ថា ក្នុងនាម​ជា​អ្នកនយោបាយ​ខ្មែរ​ដូចគ្នា រស់​នៅលើ​ទឹកដី​ខ្មែរ ធ្វើការ​បម្រើប្រជាជន និង​ជាតិខ្មែរ ត្រូវ​រួមគ្នា ជជែក​គ្នា​ដោះស្រាយ​បញ្ហា​របស់​ប្រជាជាតិ​ខ្មែរ​។ លោក បញ្ជាក់​យ៉ាងនេះ​ថា​៖«​ជាពិសេស​យើង​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ គ្មានអ្វី​ក្រៅពី​ជជែក​គ្នា​នោះឡើយ​។ បើសិនជា​យើង​ចង់​ចរចា​គ្នា នៅ​កន្លែង​ណា ក៏​ចរចា​បានដែរ មិនចាំបាច់​តែ​នៅក្នុង​រដ្ឋសភា​ទេ​។ ខ្ញុំ​នៅតែមាន​សង្ឃឹមថា អ្នកនយោបាយ​ខ្មែរ​នឹង​ជជែក​គ្នា​មិន​ខាន​»​។ 

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ខាងលើ បន្ត​បរិយាយ​ទៀតថា គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​កន្លះ​ប្រទេស មិន​ចង់​ធ្វើ​មហា​បាតុកម្ម​នោះឡើយ តែដោយសារ​គ្មាន​ជម្រើស និង​ទទួលរង​ភាពអយុត្តិធម៌ គ្មានអ្វី​ក្រៅពី​ធ្វើបាតុកម្ម​អហិង្សា ដើម្បី​ទាមទារ​យុត្តិធម៌​ទេ​។​« នរណា ចង់ទៅ​ឈរ​កណ្តាល​ក្តៅ កណ្តាល​ភ្លៀវ ខាត​ពេលវេលា លុយកាក់ និង​ប្រឈម​នឹង​គ្រោះថ្នាក់​នោះ តែ​យើង​វា​មិន​អាចធ្វើ​អ្វី​កើត​ក្រៅពី​ប្រើ​សិទ្ធិ​ធ្វើបាតុកម្ម​អហិង្សា ដែល​ច្បាប់​ការពារ ដើម្បី​ទាមទារ​យុត្តិធម៌​។

​អ្នកវិភាគ​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា បាន​សម្តែង​ការព្រួយបារម្ភ​ពី​ស្ថាន​ការ​នយោបាយ​បច្ចុប្បន្ន ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ គំរាម​ធ្វើបាតុកម្ម ហើយ​គណបក្សកាន់អំណាច​ព្រមាន​ប្រើ​កងកម្លាំង​ទប់ស្កាត់​សកម្មភាព​នោះ​។ លោក សូ ចន្ថា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គណបក្សកាន់អំណាច មិន​ត្រឹមតែ​ប្រើ​កងកម្លាំង​ទេ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើបាតុកម្ម​នោះ តែ​អ្នកគាំទ្រ​បក្ស​កាន់អំណាច អាច​នឹង​ប្រមូល​ផ្តុំគ្នា ដើម្បី​ធ្វើបាតុកម្ម ប្រឆាំងនឹង​បាតុកម្ម​របស់​បក្ស​សង្គ្រោះ​ជាតិ​វិញ​។​

​លោក ចន្ថា យល់ថា នៅពេលដែល​បញ្ហា​នោះ​កើតឡើង អ្នក​ដែល​ខាតបង់​ពិតប្រាកដ​គឺ​ប្រជាពលរដ្ឋ​ដែលជា​គាំទ្រ​គណបក្ស​ទាំងពីរ​។ អ្នកវិភាគ​រូបនេះ ទទូច​ឲ្យ​គណបក្ស​ទាំងពីរ​វិល​មករក​តុ​ចរចា ទើប​អាច​ដោះស្រាយ​បញ្ហានយោបាយ​បាន​៕

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ