ជាតិ
ខេត្ត​ចំនួន​៧ ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ពីថ្ងៃ​ទី​២១-២៥ ខែកញ្ញា​
20, Sep 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​បណ្តា​ខេត្ត​ចំនួន ៧ អាច​ប្រឈម​នឹង​ជំនន់​ភ្លៀង ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៥ ខែកញ្ញា ដែល​បណ្តាលមកពី​ឥទ្ធិពល​ខ្យល់មូសុង​និរតី​ដែល​កំពុង​បង្កើន​ឥទ្ធិពល​មកលើ​ឈូង​សមុទ្រ​ថៃ និង​ប្រទេស​កម្ពុជា​។



​ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ឧ​ត្ត​រ​មានជ័យ សៀមរាប កំពង់ធំ និង​ខេត្តបន្ទាយមានជ័យ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន ដែល​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង ពិសេស​ចាប់ពី​ថ្ងៃទី ២១ ដល់​ថ្ងៃទី ២៥ ខែកញ្ញា​។ នេះ​បើ​យោងតាម​ការព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅ​ថ្ងៃទី​១៩ ខែកញ្ញា​នេះ​។

​យោងតាម​ព្យាករណ៍ ខ្យល់មូសុង​និរតី បាន​បង្កើន​ឥទ្ធិពល​មកលើ​ឈូង​សមុទ្រ​ថៃ និង​ប្រទេស​កម្ពុជា ហើយ​ប្រព័ន្ធ​សម្ពាធ​ទាប បាន និង​កំពុង​អូស​កាត់​លើ​អាង​ទន្លេមេគង្គ ក្នុងប្រទេស​ថៃ និង​ឡាវ​។

​បើតាម​ក្រសួង​ធនធានទឹក ប្រព័ន្ធ​សម្ពាធ​ទាប នឹង​រំកិល​ចុះមក​ភាគខាងត្បូង ហើយ​អូស​កាត់​លើ​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឲ្យ​អាកាសធាតុ​នៅ​តំបន់​វាលទំនាប និង​តំបន់​ខ្ពង់រាប នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ជាមួយនឹង​បរិមាណ​កើនឡើង​ពី​មធ្យម ទៅ​ច្រើន​។ ចំណែក​តំបន់​មាត់    សមុទ្រ​អាចមាន​ភ្លៀង​ពី​មធ្យម​ទៅ​ច្រើន ហើយ​រលក​សមុទ្រ​មាន​កម្ពស់​ពី​កន្លះ​ម៉ែត្រ ទៅ ១ ម៉ែត្រ​កន្លះ​៕


Tag:
 អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com