អន្តរជាតិ
​អូ​បា​ម៉ា​៖ «អំណាច​ក្រោម​កណ្តាប់​ដៃមនុស្ស​តែម្នាក់នឹងនាំ​ប្រទេស​ធ្លាក់​ក្នុង​សង្គ្រាម​»
21, Sep 2016 , 7:39 pm        
រូបភាព
លោក បារ៉ាក់ អូបាម៉ា ថ្លែងសុន្ទរកថាបើក​កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាតិ​លើកទី៧១នៅថ្ងៃអង្គារទី២០កញ្ញា
លោក បារ៉ាក់ អូបាម៉ា ថ្លែងសុន្ទរកថាបើក​កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាតិ​លើកទី៧១នៅថ្ងៃអង្គារទី២០កញ្ញា
ក្នុងពេល ​ថ្លែង​សុន្ទរកថា​ចុងក្រោយ​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ លោក បា​រ៉ា​ក់ អូ​បា​ម៉ា ប្រធានាធិបតី​ជិត​ផុត​អាណត្តិ  បានបញ្ជាក់​យ៉ាងច្បាស់​ថា «​នយោបាយ​ការបរទេស​អាមេរិក​ជា កម្លាំង​មួយ​ដែល​បង្កើត​រឿង​ល្អ​សម្រាប់​ពិភពលោក​ទាំងមូល​»​។ ហើយ​លោក​លើកឡើងថា​លោក​នៅតែ​ជឿជាក់ថា «​ប្រជាធិបតេយ្យ​សេរី​»​ជា​កម្លាំងចលករ​តែមួយគត់​ដែល​នាំមក​នូវ​ការអភិវឌ្ឍ​ និង​សន្តិភាព​ពិភពលោក​។ ប្រព័ន្ធ​​គ្រប់គ្រង​ដោយ​បុរស​ខ្លាំង​និង​ការដឹកនាំ​ដែល​អំណាច​សម្រេច​ ស្ថិតនៅ​កណ្តាប់ដៃ​ថ្នាក់លើ មិន​សមស្រប​ឡើយ​សម្រាប់​សង្គម​បច្ចុប្បន្ន​។​



​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖



​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​យក​សុន្ទរកថា​ចុងក្រោយ​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដើម្បី​ទិតៀន ​បណ្តា​ប្រទេសមួយ​ចំនួន​ដែល​កំពុង​គំរាមកំហែង​សណ្តាប់ធ្នាប់​ពិភពលោក​ ក្នុងនោះ​មាន​ចិន រុស្ស៊ី និង​ប្រទេស​មួយចំនួនទៀត​នៅ​មជ្ឈិមបូព៌ា​និង​អាហ្វ្រិក​។ ប្រធានាធិបតី​រូបនេះ​រិះគន់​រុស្ស៊ី​ថា​កំពុង​ប្រើ​កម្លាំង​ទ័ព​ក្នុងនាម​ជា ​មហាអំណាច​ដើម្បី​សង្កត់សង្កិន​ប្រទេស​ទន់ខ្សោយ និង​កសាង​ភាពរុងរឿង​របស់ខ្លួន​ឡើងវិញ​។ ហើយ​លោក​ក៏​ទិតៀន​ចិន​ដែល​យក​ប្រវត្តិសាស្ត្រ​ជា​លេស​វាតទី​យក​អស់​សមុទ្រ​ ចិន​ខាងត្បូង ហើយ​បន្ត​សង់​កោះ​សិប្បនិម្មិត​ដើម្បី​បម្រើ​ប្រយោជន៍​យោធា ដោយ​ជាន់ឈ្លី​ច្បាប់​អន្តរជាតិ​។

​បន្ថែម​ពីនេះ លោក អូ​បា​ម៉ា ក៏​លើកឡើង​ពី​បញ្ហា​ប្រឈម​នានា​ដែល​ពិភពលោក​កំពុង​ជួបប្រទះ​និង​មិនទាន់​ ដោះស្រាយ​ចេញ ដូចជា​វិបត្តិ​ជនភៀសខ្លួន​, ជម្លោះសាសនា​, សង្គ្រាមស៊ីវិល​ស៊ី​រី​, ចលនា​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហជា​ដើម​ផង​។ លោក​ជឿជាក់ថា បញ្ហា​ទាំងនេះ​អាច​ដោះស្រាយ​ចេញ បើសិន​សហគមន៍​អន្តរជាតិ​ទាំងមូល​លះបង់​ភាព​អាត្មានិយម​, ការរើសអើង​សាសនា និង​ពូជសាសន៍ និង​កសាង​ការយោគយល់​អធ្យាស្រ័យ​គ្នា ទោះជា​វា​ស្មុគស្មាញ​ក៏ដោយ​។ លោក​ក៏​ឆ្លៀត​សង្កត់ធ្ងន់​ជាថ្មី​ផងដែរ​ថា សង្គ្រាមស៊ីវិល​ស៊ី​រី មិនអាច​ដោះស្រាយ​ដោយ​ប្រើប្រាស់​កម្លាំង​ទ័ព​បានឡើយ តែ​វា​អាចទៅរួច​ដោយ​ប្រើប្រាស់​វិធានការ​ការទូត​។ ហើយ​លោក​ការពារ​រាល់​គោលនយោបាយ​របស់​អាមេរិក​ដែល​បាន​ប្រើប្រាស់​ដើម្បី​ ដោះស្រាយ​ជម្លោះ​ស៊ី​រី​ដែរ​។

១.​លោក អូ​បា​ម៉ា ប្រាប់​មេដឹកនាំ​ពិភពលោក​ថា ប្រជាធិបតេយ្យ​សេរី​នាំមក​សន្តិភាព​និង​ស្ថិរភាព
 អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ក្នុងពេល​ថ្លែង​សុន្ទរកថា​ទៅកាន់​មេដឹកនាំ​ ពិភពលោក​ដែលមាន​វត្តមាន​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ គឺ លោក បា​រ៉ា​ក់ អូ​បា​ម៉ា លើកឡើង​ពី​ជំនឿ​របស់លោក​លើ​«​សណ្តាប់ធ្នាប់​នយោបាយ​សេរី​» ឬ​«​ប្រជាធិបតេយ្យ​សេរី​»​។ លោក​យល់ថា វា​ជា​កម្លាំង​ដែល​អាច​នាំមក​នូវ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ដល់​ពិភពលោក​ទាំងមូល​។​

​មេដឹកនាំ​រូបនេះ អះអាងថា  វា​ជា​រឿង​ដែលមាន​តម្លៃ ដែល​គ្រប់គ្នា​ប្រយុទ្ធ​ដើម្បី​កសាង​ប្រជាធិបតេយ្យ​។ តែ​លោក​ទទួលស្គាល់ថា អាមេរិកមិនអាច​តម្រូវ ឬបង្ខំ​ឲ្យគ្រប់គ្នា​ទទួលយក​ប្រជាធិបតេយ្យ​ឡើយ។ ហើយប្រព័ន្ធ​នេះក៏មិនល្អ​ឥតខ្ចោះដែរ។ ហើយម្យ៉ាងទៀត​ដើម្បី​កសាង​ស្ថាប័ន​ដែលមាន​ទំនួល​ខុសត្រូវ​និង​មាន​មូលដ្ឋាន​ រឹងមាំ​ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ​ជា​រឿង​លំបាក​បំផុត​មួយ​។ មកទល់​បច្ចុប្បន្ន​ចំនួន​ប្រទេស​ដែល​ជ្រើស​រើសយក​លទ្ធិប្រជាធិបតេយ្យ​កើនឡើង ​ទ្វេដង​ក្នុង​រយៈពេល​២៥​ឆ្នាំ​ចុងក្រោយ​។​


​ប្រទេស​ទាំងអស់​មិនអាច​ពឹង​ផ្អែកលើ​បុរស​ខ្លាំង និង​របប​ដឹកនាំ​ដែល​អំណាច​សម្រេច​ពឹង​លើ​ថ្នាក់លើ​ឡើយ ហើយ​វា​ត្រឹមតែ​នាំមក​នូវ​អស្ថិរភាព​និង​សង្គ្រាម​ប៉ុណ្ណោះ​។ លោក អូ​បា​ម៉ា ចង់​បញ្ជាក់ថា របប​ដឹកនាំ​ដែល​មិន​ស្តាប់បង្គាប់​ប្រជាជន និង​ក្រាញ​អំណាច​មិនអាច​នាំ​ឲ្យ​ប្រទេសជាតិ​រីកចម្រើន​និង​អាច​រក្សាបាន​នូវ ​ស្ថិរភាព​និង​សន្តិភាព​ឡើយ​។ ផ្ទុយទៅវិញ គេ​អាចធ្វើ​ឲ្យ​ប្រទេសជាតិ​អន្តរាយ​ផងដែរ​។ ជា​ឧទាហរណ៍ បញ្ហានយោបាយ​និង​ជម្លោះ​ហិង្សា​នៅ​បណ្តា​ប្រទេសមួយ​ចំនួន​នៅ​អឺរ៉ុប​ខាងកើត​ , តំបន់​អាហ្វ្រិក និង​នៅ​តំបន់​មជ្ឈិមបូព៌ា​ជាដើម​។  ដូច​ឃើញស្រាប់ ចលនា​ប្រជាជន Maidan ប្រឆាំង​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​កាលពី​ឆ្នាំ ២០១៤ ដែល​ទម្លាក់​ប្រធានាធិបតី Viktor Yanukovych  ។ ហើយ​ចលនា​នេះ​កើតឡើង ព្រោះ​ពួកគេ​មិនអាច​ទ្រាំទ្រ​ចំពោះ​របប​ដឹកនាំ​ដែល​សង្កត់សង្កិន​និង​បំបិទ​ សិទ្ធិ​ប្រជាជន ។

​យោងតាម​ប្រវត្តិសាស្ត្រ​អាមេរិក ជំនឿ​លើ​ប្រជាធិបតេយ្យ អនុញ្ញាត​ឲ្យ​ប្រជាជន​សាមញ្ញ​អាច​បាតុកម្ម​និង​ជួបជុំគ្នា​ដោយ​អហិង្សា ដែល​វា​ជាការ​អនុវត្ត​សិទ្ធិ​និង​សេរីភាព​។ ហើយ​តម្លៃ​ប្រជាធិបតេយ្យ​នេះ​បាន​កែប្រែ​ភាព​ចម្រុះ​នៃ​សង្គម​អាមេរិក​ទៅជា​ ភាពរឹងមាំ​។ ស្ត្រី​ទទួល​បានការ​ឲ្យ​តម្លៃ​និង​ការគោរព​ពី​សង្គម​ទាំងមូល ហើយ​ជនជាតិភាគតិច​ទទួល​បានការ​គាំពារ​និង​ថែទាំ​ពី​សំណាក់​រដ្ឋាភិបាល​ ថែមទៀត​។​

២.​លោក អូ​បា​ម៉ា ៖ «​គោលនយោបាយ​អាមេរិក​នាំ​ផល​ល្អ​ដល់​ពិភពលោក​ទាំងមូល​»
​គោលនយោបាយ​ការបរទេស​អាមេរិក​ជាក​ម្លាំ​ង​មួយ​ដែល​នាំ​ផល​ល្អ​ដល់​ពិភពលោក​។ នេះ​ជាការ​លើកឡើង​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក្រៅពី​ប្រកាសថា​លោក​ជឿជាក់​លើ​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​។ បើ​ក្រឡេកមើល​ភាពជោគជ័យ​នៃ​នយោបាយ​ការបរទេស​របស់ លោក អូ​បា​ម៉ា ដែល​នាំមក​នូវ​ផល​វិជ្ជា​មាន​ក្នុង​រយៈពេល​ពីរ​អាណត្តិ មានដូចជា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​, កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​, ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​គុយបា​, រួមទាំង​វិធានការ​ប្រឆាំង​និង​ដោះស្រាយ​បញ្ហា​មេរោគ​អេ​បូ​ឡា​នៅ​អាហ្វ្រិក​ ខាងលិច​ជាដើម​។

​ឆ្លៀតឱកាស​ក្នុងពេល​ផ្តល់​សុន្ទរកថា  ប្រធានាធិបតី​រូបនេះ​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ជំរុញ​ឲ្យ​មាន​ សមាហរណកម្ម​ស៊ីជម្រៅ​ជាង​មុន​ទូទាំង​ពិភពលោក​ដើម្បី​កាត់បន្ថយ​វិសមភាព​ សង្គម និង​កាត់បន្ថយ​ភាពក្រីក្រ​។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​សុទ្ធសឹងតែ​ជា​ មធ្យោបាយ​សំខាន់​ដែល​ជួយ​សេដ្ឋកិច្ចពិភពលោក កាត់បន្ថយ​គម្លៀត​រវាង​ប្រទេស​អ្នកក្រ​និង​អ្នកមាន និង​កាត់បន្ថយ​ភាពក្រីក្រ​ថែមទៀត​ផង​។​

​ហើយ​លោក​ស្នើ​ឲ្យ​ពិភពលោក​គាំទ្រ​គំនិត​ផ្តួចផ្តើម «​ពិភពលោក​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ​» ដូចដែល​លោក​ជំរុញ​ឲ្យ​មាន​ការចុះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់ ​កន្លងមក​។ ប៉ុន្តែ​លោក​បង្ហាញ​កង្វល់​ពាក់ព័ន្ធ​ការបន្ត​បាញ់​សាកល្បង​អាវុធ​និង​ បង្កើន​សមត្ថភាព​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ផង​៕


© រក្សាសិទ្ធិដោយ thmeythmey.com