បទយកការណ៍ / បទសម្ភាសន៍
លោក គួច ម៉េង​លី ផ្តល់​ថវិកា ១៦​ម៉ឺន​ដុល្លារ សង់សាលា​រៀន​ឲ្យ​កុមារ​នៅ​ខេត្តកំពង់ចាម ​
24, Sep 2016 , 9:39 am        
រូបភាព
ដោយ:
ភ្នំពេញ​៖  ក្រោយ​បញ្ចប់​គម្រោង​សាងសង់​សាលារៀន​ចំនួន​ពីរ​ខ្នង​ក្នុង​ខេត្តកំពង់ឆ្នាំង លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េង​លី បាន​ជួយ​សាងសង់​សាលារៀន​ពីរ​ខ្នង​បន្ថែមទៀត នៅក្នុង​ខេត្តកំពង់ចាម ដែល​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ​២០១៦​នេះ ដោយ​ចំណាយ​ទឹកប្រាក់​អស់​១៦​ម៉ឺន​ដុល្លារ​។ បើតាម​គម្រោង ឧកញ៉ា​ចិត្តធម៌​រូបនេះ គ្រោង​សង់សាលា​រៀន​នៅ​តំបន់​ដាច់ស្រយាល ចំនួន​២៥​ទូទាំងប្រទេស​កម្ពុជា ដើម្បី​ជួយ​សិស្ស​ក្រីក្រ​ដែល​កំពុង​ខ្វះ​សាលារៀន​។


    
សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​រប​ស់​គេហទំព័រ​ថ្មីៗ ជាមួយ​លោក គួច ម៉េង​លី ប្រធាន​ក្រុមហ៊ុន Mengly J. Quach Education និង​ជា​ស្ថាបនិក​មូលនិធិ Mengly J. Quach ដូចតទៅ​៖  




លោក រ៉ឹ​ម ភា​រី​៖ សំណួរ​ដំបូង​របស់ខ្ញុំ តើ​ការសាងសង់​សាលារៀន​នៅ​ខេត្តកំពង់ចាម មានដំណើរ​យ៉ាងដូចម្តេច​?   
​លោក គួច ម៉េង​លី​៖ មូលនិធិ Mengly J. Quach មាន​គម្រោង​ជាច្រើន ដូចជា ធនាគារ​អាហារ ធនាគារ​បរិច្ចាក​ឈាម និង​គម្រោង​ផ្សេងទៀត ដោយ​បូក​បញ្ចូល​គម្រោង​សាងសង់​សាលារៀន​នៅ​ជនបទ ការផ្តល់​អាហារូបករណ៍ និង​ព្យាបាល​ចល័ត​ផងដែរ​។ បច្ចុប្បន្ន យើង​កំពុង​ដំណើរ​គម្រោង​ទី​ពីរ​ទៀត គឺ​ការសាងសង់​សាលារៀន​អាគារ​ថ្ម​ចំនួន​ពីរ​ខ្នង (៦​ទៅ​៨​បន្ទប់​) បណ្ណាល័យ បន្ទប់ទឹក សួនច្បារ​ក្នុង​ទីធ្លា​សាលា និង​របង​សាលារៀន ដែល​ស្ថិតនៅ​ភូមិ​ទួល​បេង ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។  

លោក រ៉ឹ​ម ភា​រី​៖ តើ​ការសង់​សាលារៀន​ទួល​បេង​នេះ លោក​ឧកញ៉ា​ចំណាយ​ថវិកា​អស់​ប៉ុន្មាន​?
​លោក គួច ម៉េង​លី​៖ សាលារៀន​នេះ គឺ​យើង​ចំណាយ​សរុប​ទាំងអស់​ចំនួន ១៦​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​យើង​នឹង​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ​២០១៦​ខាងមុខនេះ​។ ប៉ុន្តែ ថវិកា​មិនទាន់​គ្រប់​នោះទេ ដោយ​បច្ចុប្បន្ននេះ យើង​កំពុង​អំពាវនាវ​ថែមទៀត ដើម្បី​ឲ្យ​សប្បុរសជន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ចូលរួម​បរិច្ចាក​តាម​សទ្ធា​ជ្រះថ្លា​។ ក្នុងឱកាស​នេះដែរ ខ្ញុំ​កំពុង​ស្វែងរក​អ្នកម៉ៅការ​សាង់សង់​។ ដូច្នេះ​បើសិន​មាន​អ្នកម៉ៅការ​សាងសង់ ដែល​មិន​យក​តម្លៃ​ខ្ពស់ ដើម្បី​ចូលរួមចំណែក​ជួយ​សាងសង់​សាលារៀន​នោះ សូម​ទំនាក់​មក​លេខ​ទូរ​សព្ទ ០១២ ៧១ ៧៦ ៧៧​។ យើងខ្ញុំ​សូម​អរគុណ​ទុកជាមុន ក្នុងការ​សហការ​ណ៍ ដើម្បី​សង់សាលា​រៀន ជួយ​ដល់​សិស្ស​ក្រីក្រ​នៅតាម​ជនបទ​។ 


លោក រ៉ឹ​ម ភា​រី​៖ តើ​បុព្វ​ហេតុអ្វី បានជា​លោក​ចំណាយ​ថវិកា និង​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន កសាង​សាលារៀន ដើម្បី​ជួយ​សិស្ស​នៅ​តំបន់​ដាច់ស្រយាល​?
​លោក គួច ម៉េង​លី​៖ ខ្ញុំ​ជា​អ្នក​អប់រំ និង​ពេទ្យ​ស្ម័គ្រចិត្ត ដែល​ធ្វើការ​តាម​អង្គការ​មនុស្សធម៌​តាំងពីដើម​មក​។ ហើយ​ខ្ញុំ​មក​កម្ពុជា​នេះ ក៏​តាមរយៈ​អង្គការ​មនុស្សធម៌​ផងដែរ​។ ដូច្នេះ វិស័យ​មនុស្សធម៌​នេះ គឺ​បាន​ដក់​ជាប់​ក្នុង​បេះដូង​របស់ខ្ញុំ​។ ពេលដែល​ខ្ញុំ​ទំនេរ ចំណង់​ចំណូលចិត្ត​របស់ខ្ញុំ គឺ​តែង​ចូលរួមចំណែក​ក្នុង​សហគមន៍ ដើម្បី​កសាង​ផ្លូវ ស្ពាន សាលារៀន និង​ការជួយ​ផ្សេងៗ​។ ខ្ញុំ​ជឿជាក់​ចំពោះ​ការនាំ​ចូល និង​ផ្តល់​ទៅ​សហគមន៍​វិញ​។ ដូច្នេះ ការចែករំលែក គឺជា​សិល្បៈ​ចូលរួម ដើម្បី​ជួយ​ពលរដ្ឋ​។ ហើយ​ការសង់​សាលារៀន​នេះ គឺជា​វិធី​ធ្វើ​ទាន​ដ៏​ធំ​បំផុត ដើម្បី​ជួយ​ប្រជារាស្ត្រ​ឲ្យ​មានចំណេះដឹង និង​មានឱកាស​ចូលរៀន​។ ទោះបី​រដ្ឋាភិបាល កំពុង​ខ្នះខ្នែង និង​ខិតខំ​គ្រប់​វិធីសាស្ត្រ ដើម្បី​ធ្វើ​ឲ្យ​វិស័យ​អប់រំ​នៅ​កម្ពុជា​មានការ​រីកចម្រើន​ក៏ដោយ ប៉ុន្តែ ក្នុងនាម​ជា​វិស័យ​ឯកជន ក៏​យើង​ត្រូវ​ចូលរួមចំណែក​ជួយ​អ្វី​តាម​ដែល​អាច​ធ្វើបាន ដើម្បី​អភិវឌ្ឍន៍​វិស័យ​អប់រំ  ពីព្រោះ ខ្ញុំ​ជឿថា គ្មានអ្វី​សំខាន់​ជាង ការធ្វើការ​វិនិយោគ​លើ​វិស័យ​អប់រំ​នោះទេ​។ ដូច្នេះ ចំពោះ​ខ្ញុំ ខ្ញុំ​សប្បាយរីករាយ​នឹងចូលរួម​ចំណែក​ជាមួយ​រដ្ឋាភិបាល ដើម្បី​ពង្រឹង​វិស័យ​អប់រំ តាមរយៈ​មូលនិធិ Mengly J. Quach និង​ការចូលរួម​ពី​បងប្អូន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។


លោក រ៉ឹ​ម ភា​រី​៖  បន្ទាប់ពី​សង់សាលា​រៀន​បាន​ពីរ​ខាងលើនេះ តើ​លោក​គ្រោង​សង់សាលា​រៀន​ប៉ុន្មាន​ទៀត និង​នៅ​ខេត្ត​ណាខ្លះ​?
​លោក គួច ម៉េង​លី​៖ គោលដៅ​របស់​មូលនិធិ Mengly J. Quach គឺ​យើង​មាន​គម្រោង​សាងសង់​សាលារៀន​ចំនួន​២៥ ដោយ​ក្នុង​មួយ​ខេត្ត យើង​សង់​ឲ្យ​បាន​សាលារៀន​មួយ នៅ​តំបន់​ណា​ដែល​កង្វះ​សាលារៀន​ខ្លាំងជាងគេ​។

លោក រ៉ឹ​ម ភា​រី​៖​ចុងក្រោយ​នេះ តើ​លោក​ឧកញ៉ា​មាន​អ្វី​ជាការ​អំពាវនាវ​ដល់​ស​ប្បុរ​សជន​?
​លោក គួច ម៉េង​លី​៖ សម្រាប់​ការកសាង​សង់សាលា​រៀន​នេះ ខ្ញុំ​សូម​អំពាវ​ដល់​ប្រជាជន​ទូទៅ សូម​ចូលរួម​បរិច្ចាក​ទោះ​តិចក្តី​ច្រើនក្តី ខ្ញុំ​ស្វាគមន៍​ជានិច្ច​តាមរយៈ​មូលនិធិ Menly J. Quach ដែលមាន​ការិយាល័យ​ក​ណ្តា​ល នៅ​សាលារៀន និង​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង ក្នុង​រាជធានី​ភ្នំពេញ​។ បន្ថែម​ពីនេះ យើង​សូម​អរគុណ​ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វា​យ​នែ​ន ភីអិលស៊ី ដែល​បាន​ជួយ​កសាង​បង្គន់​អនាម័យ​ជូន​សាលារៀន​ទួល​បេង​៕       
 

Tag:
 គួច ម៉េង​លី​
 ​សាលារៀន​
© រក្សាសិទ្ធិដោយ thmeythmey.com