បទវិភាគ
សេដ្ឋកិច្ច
មតិ និង​មូលហេតុ​ចម្រុះ​នៅ​ពីក្រោយ​ការធ្លាក់​ថ្លៃ​ស្រូវ​នៅ​កម្ពុជា​…
24, Sep 2016 , 11:36 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ដែល​កំពុងធ្វើដំណើរ​ឆ្ពោះទៅរក​ការអភិវឌ្ឍ បាននិងកំពុង​ប្រឈម​នឹង​បញ្ហា​មួយចំនួន ដូចជា កង្វះ​ដើមទុន​វិនិយោគ បច្ចេកទេស​ក្នុង​ដំណើរ​ផលិតកម្ម គុណភាព​ផលិតផល និង​ទីផ្សារ​សម្រាប់​លក់​ផ​លិ​ផល ជាដើម​។ កន្លងមក ជារឿយៗ​កម្ពុជា បាន​ជួប​ប្រទេះ​នឹង​កង្វះ​ទីផ្សារ​សម្រាប់​លក់​កសិផល​មួយចំនួន ដូចជា ដំឡូង​មី ស្វាយចន្ទី កៅស៊ូ និង​ស្រូវ ជាដើម​។ នៅ​ពាក់កណ្ដាល​ខែកញ្ញា​នេះ ការធ្លាក់ចុះ​តម្លៃ​ស្រូវ​សែន​ក្រអូប បានធ្វើឱ្យ​មានប្រតិកម្ម​កក្រើក​ពេញ​ផ្ទៃ​ប្រទេស រហូតដល់​មានការ​ធ្វើបាតុកម្ម​បិទ​ផ្លូវជាតិ​លេខ​ប្រាំ​ផងដែរ​។ តើ​មាន​មូលហេតុ​អ្វីខ្លះ​នៅ​ពីក្រោយ​ការធ្លាក់ចុះ​តម្លៃ​ស្រូវ​សែន​ក្រអូប យ៉ាងគំហុក​នេះ​?


​ក្រោយពី​ការធ្លាក់ចុះ​នូវ​តម្លៃ​ស្រូវ​សែន​ក្រអូប រហូតដល់​បណ្ដាលឱ្យ​កសិករ​នៅ​ខេត្តបាត់ដំបង​សម្រេច​បិទ​កំណាត់​ផ្លូវជាតិ​លេខ​ប្រាំ​ត្រង់ចំណុច​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង ដោយមាន​ការចាក់​ស្រូវ​ចោល​នៅលើ​ថ្នល់ជាតិ និង​យក​គោយន្ត​ទៅ​ឈប់​ពាំង​ផ្លូវ​ដែល​ធ្វើឱ្យមាន​ការកកស្ទះ​ចរាចរណ៍​ជាច្រើន​ម៉ោង ក្នុង​បំណង​ជំរុញ​ឱ្យ​រដ្ឋា​ពិ​បាល ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ធ្វើ​អន្តរាគមន៍​ចំពោះ​ការធ្លាក់ចុះ​តម្លៃ​ស្រូវ​សែន​ក្រអូប​របស់ខ្លួន​នោះ ក៏មាន​ប្រតិកម្ម​ខុសៗ​គ្នា​ពី​អ្នកពាក់ព័ន្ធ ដូចជា ក្រុមហ៊ុន​នាំ​អង្ករ​ចេញ អាជ្ញាធរខេត្ត រដ្ឋមន្ត្រី​ក្រសួងកសិកម្ម អ្នកនាំពាក្យ អ្នកវិភាគ​សង្គម និង​អ្នកដឹកនាំ ជាដើម​។​
   
​ការធ្លាក់ចុះ​តម្លៃ​ត្រូវ​ឬ​កសិផល​នេះ មិនមែន​ទើបតែ​កើត​ឡើងជា​លើកដំបូង​ទេ​នៅ​កម្ពុជា កន្លងមក​ក៏​ធ្លាប់​កើតឡើង​ដែរ​។ ពីមុន​មិនមាន​ប្រតិកម្ម តែ​ទើប​នៅពេលនេះ ប្រតិកម្ម​កើតឡើង​ពី​សំណាក់​កសិករ​។ នាពេល​កន្លងមក មតិ​ផ្សេងៗ​បានលើកឡើង​ដោយ​ទម្លាក់កំហុស​ទៅលើ​ការទប់ស្កាត់​មិនឱ្យ​កសិករ​ខ្មែរ​លក់​ស្រូវ​ឱ្យ​ប្រទេសជិតខាង​ដែល​បាន​តម្លៃ​ខ្ពស់ជាង ឬ​ប្រហាក់ប្រហែល ហើយ​ការលក់ដូរ​ក៏មាន​ភាពងាយស្រួល​ជាង ដូចជា ពួកគេ​(​អ្នកទិញ​)​មក​ទិញ​ដល់​កន្លែង និង​ទិញ​ទាំង​ស្រូវ​សើម ជាដើម ខណៈដែល​ឈ្មួញ​ខ្មែរ​ដែលមាន​បំណង​ប្រមូល​ទិញស្រូវ​ដើម្បី​នាំ​ចេញទៅ​បរទេស​នោះ មិន​ចុះមក​ទិញ​ដល់​កន្លែង ភាគច្រើន​ទិញ​តែ​ស្រូវ​ស្ងួត ការទិញ​ស្រូវ​មាន​ចំនួន​កំណត់ ឯ​តម្លៃ​អាច​ប្រហាក់ប្រហែល ឬ​ថោក​ជាង​ប្រទេសជិតខាង​។ អ្នកវិភាគ​ខ្លះ បាន​លើកឡើងថា ការធ្វើ​ដូច្នេះ គឺជា​ការធ្វើ​បាប​កសិក​រ​និង​បង្ក​ឱកាស​ឱ្យ​ឈ្មួញ​ខ្មែរ​ទិញស្រូវ​បាន​ថោក ដើម្បី​ទទួលបាន​កម្រៃ​ច្រើន​លើសលប់​ក្នុង​ការនាំ​ចេញទៅ​លក់​នៅ​បរទេស​។   

​ចំពោះ​ការធ្លាក់ចុះ​តម្លៃ​ស្រូវ​សែន​ក្រអូប​នៅ​ពាក់កណ្ដាល​ខែកញ្ញា​នេះ ត្រូវបាន​មតិ​មួយចំនួន​អះអាងថា បណ្ដាលមកពី​មូ​ហេតុ​មួយចំនួន ដូចជា កសិករ​ផលិត​ស្រូវ​សែន​ក្រអូប​បាន​ច្រើនជាង​រាល់​ឆ្នាំ ប្រទេសជិតខាង​ដែលជា​ដៃគូ​ប្រកួតប្រជែង​ទីផ្សារ​ក្រៅប្រទេស គេ​មាន​ស្រូវ​ប្រភេទ​នេះ​រក្សាទុក​បាន​ច្រើន ប្រទេសជិតខាង​បាន​នាំចូល​ស្រូវ​ប្រភេទ​នេះ​មក​លក់​ក្នុង​ទីផ្សារ​កម្ពុជា តម្លៃ​ស្រូវ​នៅ​ប្រទេសជិតខាង​ថោក​ជាង​តម្លៃ​ស្រូវ​របស់​កម្ពុជា ដោយសារតែ​បច្ចេកទេស​ផលិត​របស់គេ​ខ្ពស់ជាង​កម្ពុជា​ដែល​ធ្វើឱ្យ​ទិន្នផល​របស់គេ​ក៏​ខ្ពស់ជាង និង​ម្យ៉ាងទៀត​ថ្លៃដើម​ក្នុងការ​ផលិត​និង​ថ្លៃ​ដឹកជញ្ជូន​របស់គេ​ក៏​ថោក​ជាង​ដែរ​ពី​ព្រោះតែ​ភ្លើងអគ្គិសនី និង​ប្រេង​ឥន្ទ​នៈ​របស់គេ​មានតម្លៃ​ទាប​ជាង​ឆ្ងាយ​ណាស់ ដែល​ធ្វើឱ្យ​កម្ពុជា​មិនអាច​ប្រកួតប្រជែង​ឈ្នះ​ប្រទេសជិតខាង​ឡើយ បើទោះបីជា​គុណភាព​អង្ករ​របស់​កម្ពុជា​ល្អ​ជាង​ប្រទេសជិតខាង​ក៏ដោយ​។ ប្រសើ​ន​បើ​ប្រទេសជិតខាង​ពូកែ​រក​ទីផ្សារ​ជាង​កម្ពុជា​ទៀត​នោះ ការប្រកួតប្រជែង​រក​ទីផ្សារ​សម្រាប់​លក់​កសិផល ឬ​ស្រូវ រឹតតែ​ជួប​បញ្ហា​ទ្វេដង​។ 
   
​មនុស្ស​មួយចំនួនទៀត ដែលមាន​ទំនោរ​ទៅរក​ការ​ទាញ​ចំណេញ​ខាង​នយោបាយ មិន​ខ្វល់​ពី​មូលដ្ឋាន​ពិតប្រាកដ​ដែល​ជំរុញឱ្យមាន​ការធ្លាក់ចុះ​តម្លៃ​ស្រូវ​នេះ​ទេ ពួកគេ​បា​នស​ន្និ​ដ្ឋា​យ៉ាង​រហ័ស​ថា ការធ្លាក់ចុះ​តម្លៃ​ស្រូវ​នេះ គឺ​បណ្ដាលមកពី​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​អសមត្ថភាព​ក្នុង​ការរក​ទីផ្សារ​ជូន​កសិករ និង​បណ្ដាលមកពី​អាជ្ញាធរ​បណ្ដោយឱ្យ​មានកា​រ​នាំ​ស្រូវ​ពី​ប្រទេសជិតខាង​ចូល​កម្ពុជា ក្នុងខណៈដែល​កសិករ​ខ្មែរ​កំពុង​ជួប​វិបត្តិ​ទីផ្សារ​ស្រូវ​។ ករណី​មួយទៀត​គេ​បាន​អះអាងថា អាជ្ញាធរ​មួយចំនួន​ចូលចិត្ត​ជួយ​គាំទ្រ​ឈ្មួញ​ជាជាង​ជួយ​គាំទ្រ​កសិករ​។ ឯ​បក្ស​កាន់អំណាច​និង​រដ្ឋា​វិញ​បាន​អះ​អា​ថា ការបះបោរ​ធ្វើបាតុកម្ម​បិទផ្លូវ​ពីព្រោះ​តែ​តម្លៃ​ស្រូវ​ចុះថោក​នេះ គឺ​ពិតជា​មានការ​ញុះញង់​ពី​«​ក្រុមប្រឆាំង​» ដើម្បី​ទាញយក​ចំណេញ​ខាង​នយោបាយ ពីព្រោះ​ពេលនេះ​កម្ដៅ​ខាង​នយោបាយ​រវាង​បក្សប្រឆាំង​និង​បក្ស​កាន់អំណាច​កំពុងតែ​ឡើង​ខ្លាំង​ដល់​កម្រិត​មួយ​ស្ទើរតែ​ទាល់ច្រក​ទៅហើយ​។     

​ឆ្លើយតប​ទៅនឹង​ការធ្លាក់ចុះ​តម្លៃ​ស្រូវ​យ៉ាងគំហុក​នេះ រដ្ឋាភិបាល​បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដី​ការដាក់ឱ្យ​អនុវត្ត​នូវ​កម្មវិធី​ពិសេស​របស់​រាជរដ្ឋាភិបាល​ដើម្បី​គោលដៅ​ស្ថិរ​ភាវូបនីយកម្ម​ថ្លៃ​ស្រូវ និង​ជំរុញ​ការទិញ​ស្រូវ​ក្នុងប្រទេស ដែលមាន​ថវិកា​សមមូល​ចំនួន ២៧​លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​ក្រៅពីនេះ រដ្ឋាភិបាល​ក៏បាន​អំពាវនាវ​ឱ្យ​អ្នកមាន​ទ្រព្យ មន្ត្រី​ធំៗ និង​ប្រជាពលរដ្ឋ​ខ្មែរ​ជួយ​ទិញ​អង្ករ​ដែល​កសិករ​ផលិត​បាន​ហើយ​ខ្វះ​ទីផ្សារ​។ ចំណាត់ការ​បន្ទាន់​ដែលមាន​គោលដៅ​ឆ្លើយតប​នឹង​សភាពការណ៍​នេះ ថ្វីបើ​ទទួលបាន​ការស្វាគមន៍​ពី​កសិករ​ភាគច្រើន​ក៏ដោយ ក៏​កសិករ​ខ្លះ​នៅតែ​សម្ដែង​ការព្រួយបារម្ភ​ដោយ​យល់ថា ទង្វើ​នេះ​គ្រាន់តែ​អាច​ដោះស្រាយ​បញ្ហា​បាន​មួយរយៈ​ប៉ុណ្ណោះ មិនមាន​ស្ថិរភាព​ទេ​។​

​បន្ថែម​ពីលើ​នេះ មាន​អ្នកវិភាគ​មួយចំនួន​ក៏បាន​យល់ស្រប​ជាមួយ​គំនិត​ដែល​បានលើកឡើង​ដោយ​កសិករ​ដែរ​។ ពួកគេ​បាន​បន្ថែមថា ចំណាត់ការ​របស់​រដ្ឋា​ភិ​បាល​គ្រាន់តែ​បាន​ជួយ​ដោះស្រាយ​បញ្ហា​ក្នុង​មួយរយៈ​ពេល​ខ្លី​តែប៉ុណ្ណោះ​។ ឯ​រូបភាព​ដែល​អំពាវនាវ​ឱ្យ​អ្នកមាន​ទ្រព្យ និង​អ្នកធំ​ជួយ​ទិញ​អង្ករ​នោះ ថ្វីបើ​វា​បានបង្ហាញ​ឱ្យឃើញ​ពី​ការចេះ​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន​ក៏ដោយ ក៏មាន​មតិ​ខ្លះ​រិះគន់ថា អាច​ជាការ​ធ្វើឡើង​ដើម្បី​ទាញយក​ប្រជាប្រិយភាព​ក្នុង​វិស័យ​នយោបាយ វា​មិនមែនជា​យន្តការ​ជា​ប្រព័ន្ធ​អាច​ដែល​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​ដោះស្រាយ​បញ្ហា​នៃ​ការធ្លាក់ចុះ​តម្លៃ​ស្រូវ​នោះបានទេ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​ចលនា​ទិញស្រូវ​នៅពេលនេះ អាចជួយ​កសិករ​ខ្មែរ​បាន​មួយគ្រា​ដែរ​៕       


© រក្សាសិទ្ធិដោយ thmeythmey.com