បទយកការណ៍ / បទសម្ភាសន៍
ទេសចរ​រុស្ស៊ី​ធ្លាក់ចុះ​ខ្លាំង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក្រុម​មគ្គុទ្ទេសក៍​
24, Sep 2016 , 7:39 am        
រូបភាព
លោក សាំង គីមលី មគ្គុទ្ទេសក៍ទេសចរណ៍ភាសារុស្ស៊ី
លោក សាំង គីមលី មគ្គុទ្ទេសក៍ទេសចរណ៍ភាសារុស្ស៊ី
​សៀមរាប​៖ ទេសចរ​ជនជាតិ​រុស្ស៊ី ត្រូវបាន​គេ​មើលឃើញថា មានការ​ធ្លាក់ចុះ​ខ្លាំង ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ​។ ការធ្លាក់ចុះ​នេះ​ត្រូវបាន​គេ​មើលឃើញ​ទៀតថា បណ្តាលមកពី​កត្តា​សាកលលោក ក៏ដូចជា​សេដ្ឋកិច្ច​ក្នុងប្រទេស​រុស្ស៊ី​ផ្ទាល់​។ សម្រាប់​ទីផ្សារ​ទេសចរ​រុស្ស៊ី​នៅក្នុង​ខេត្តសៀមរាប មគ្គុទ្ទេសក៍​ទេសចរណ៍​រុស្ស៊ី​កំពុងមាន​ការបារម្ភ​ខ្លាំង ដោយសារ​ពុំ​សូវ​មាន​ទេសចរ​មក​កម្សាន្ត ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​ពួកគេ​។ តើ​មាន​កត្តា​ចំបងៗ​អ្វីខ្លះ ធ្វើ​ឲ្យ​ទេសចរ​ជនជាតិ​រុស្ស៊ី ផ្អាក​ដំណើរ​កម្សាន្ត​មក​កម្ពុជា​? តើ​ការប៉ះពាល់​នេះ មាន​ត្រឹមតែ​កម្ពុ​ជាមួយ​ទេ ឫ​ក៏មាន​ឥទ្ធិពល​ដល់​ប្រទេស​ដទៃទៀត​ដែរ​?

 
​ទេសចរ​ជនជាតិ​រុស្ស៊ី ស្ថិតក្នុង​ចំណោម​ទេសច​រ​មួយចំនួន ដែល​តួលេខ​បង្ហាញថា បាន​ធ្លាក់ចុះ​ក្នុង​ដំណើរ​កម្សាន្ត​មកកាន់​ខេត្តសៀមរាប​។ ការធ្លាក់ចុះ​នេះ គឺ​បាន​កើតឡើង​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា ហើយ​តាម​ការព្យាករណ៍ ការធ្លាក់ចុះ​នេះ​នឹង​បន្ត​រហូតដល់​ឆ្នាំ​២០១៨​។​
 
​មគ្គុទ្ទេសក៍​ភាសា​រុស្ស៊ី ដែល​កំពុង​ត្អូញត្អែរ​ពី​ទេសចរ​ជនជាតិ​រុស្ស៊ី ដែលមាន​ចំនួន​តិចតួច​នៅក្នុង​ខេត្តសៀមរាប​។ ការធ្លាក់ចុះ​នេះ បើតាម​ការមើលឃើញរ​បស់​ក្រុម​មគ្គុទ្ទេសក៍ គឺ​បណ្តាលមកពី​កត្តា​ពីរ​សំខាន់ៗ រួមមាន វិបត្តិ​សេដ្ឋកិច្ច​សាកលលោក រួម​និង​ការធ្លាក់ចុះ​រាល់​សេដ្ឋកិច្ច​ក្នុងប្រទេស​រុស្ស៊ី​តែម្តង ដែល​ធ្វើ​ឲ្យ​ការធ្វើដំណើរ និង​ការចាយវាយ​របស់​ពល​រដ្ឋ​រុស្ស៊ី មានការ​ត្បិតត្បៀត​។​
 
​កាលពី​៣​ឆ្នាំមុន រាល់​ខែកញ្ញា ដែល​គេ​ដឹងថា​ជា​ខែ​ភ្ញៀវ​ឡើង ឫ High Season មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​រុស្ស៊ី ហាក់​មមាញឹក​ច្រើន​។ តាម​ការរៀបរាប់ ក្នុង​មួយខែ​ពួកគេ​មាន​ភ្ញៀវ​ដើរ​ចន្លោះ​ពី​៤​ទៅ​៥​ក្រុម ដែល​សព្វថ្ងៃ​មាន​ពី​១​ទៅ​២​ក្រុម​តែប៉ុណ្ណោះ​។ រាល់​ការ​ស្នាក់នៅ​របស់​ទេសច​រ​រុស្ស៊ី​ជាទូទៅ​នៅក្នុង​ខេត្តសៀមរាប ចាប់ពី​២​ថ្ងៃ​១​យប់ ខ្លះ​៣​ថ្ងៃ​២​យប់​។​
 
​យ៉ាង​ក៏ដោយ តាម​ការមើលឃើញ​ជាក់ស្តែង ការធ្លាក់ចុះ​របស់​ទេស​ចរ​រុស្ស៊ី​មិនមែន​ត្រឹម​កម្ពុជា​នោះទេ តែ​ប្រទេស​ថៃ និង​វៀតណាម ក៏​ធ្លាក់ចុះ​ដូចគ្នា តែមាន​ចំនួន​តិចតួច​បំផុត​។ មគ្គុទ្ទេសក៍​ពន្យល់ថា ដោយសារ​ទាំង​ប្រទេស​ថៃ និង​វៀតណាម មាន​ទីភ្នាក់ងារ​ទេសចរណ៍​ធំៗ ពិសេស​គឺមាន​ជើងហោះហើរ​ត្រង់ ដែល​ខុសពី​កម្ពុជា ដែល​រាល់​ទេសចរ​រុស្ស៊ី គឺ​ត្រូវ​ឆ្លងកាត់​បណ្តា​ប្រទេស​ទាំងនោះ​។​
 
 
ដើម្បី​លម្អិត​ពី​បញ្ហា​ការធ្លាក់ចុះ​ទេសចរ​ជនជាតិ​រុស្ស៊ី ក៏ដូចជា​កង្វល់​របស់​មគ្គុទ្ទេសក៍​ទេសចរណ៍​នោះ សូម​ស្តាប់​បទ​សម្ភាស​ខ្លី រវាង​អ្នកសារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប និង​លោក សាំង គីម​លី ដែលជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ក្នុង​តំបន់​សៀមរាប​ដូចតទៅ​៖ 




 

Tag:
 ទេសចរ​
  មគ្គុទ្ទេសក៍​ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com