ភ្នំពេញ៖ អ្នកជំនួញនៅក្នុងប្រទេសកម្ពុជាមួយចំនួនចូលចិត្តបោះទុនវិនិយោគលើអាជីវកម្មដូចៗតែគ្នា។ ការធ្វើជំនួញដោយគ្មានការសិក្សា និងដោយចម្លងតាមតែគ្នាយ៉ាងដូច្នេះអាចទទួលជោគជ័យលឿន តែវាក៏ជំរុញអោយមុខរបរមួយចំនួនឈានទៅរកការបរាជ័យយ៉ាងងាយដែរ។ តើមូលហេតុអ្វីបានជាអ្នកជំនួញខ្មែរចូលចិត្តរកស៊ីទទួលទានក្នុងមុខរបរដូចគ្នាម្ល៉េះ? តើការធ្វើជំនួញក្នុងរបរដូចគ្នាច្រើនពេកផ្តល់ផលល្អ និងអាក្រក់ដូចម្តេចខ្លះ?
បន្ទាប់ពីប្រកាន់យករបបទីផ្សារផែនការអស់រយៈពេលជាច្រើនឆ្នាំរួចមក ប្រទេសកម្ពុជាបានអនុវត្តសេដ្ឋកិច្ចទីផ្សារសេរីចាប់តាំងពីដើមឆ្នាំ៩០រហូតមកដល់ពេលបច្ចុប្បន្ននេះតែម្តង។
ការសម្រេចចិត្តបើកចំហទីផ្សារនេះបានចាប់បង្ខំអោយអ្នកជំនួញក្នុងប្រទេសមិនត្រឹមតែប្រកួតប្រជែងជាមួយអ្នកជំនួញក្នុងប្រទេសដូចគ្នាប៉ុណ្ណោះទេ ប៉ុន្តែពួកគេត្រូវបង្ខំចិត្តប្រកួតប្រជែងជាមួយអ្នកជំនួញមកពីក្រៅប្រទេសទៀតផង ពោល គឺទាំងក្របខ័ណ្ឌតំបន់ និងក្របខ័ណ្ឌអន្តរជាតិ។
រឿងប្រកួតប្រជែងវាជារឿងមួយ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់នៅក្នុងពិភពជំនួញរបស់ខ្មែរគឺថា ពាណិជ្ជករមួយចំនួនធំតែងតែរកស៊ីតាមគ្នាឬចម្លងរបៀបរកស៊ីតាមតែគ្នា។ ឧទាហរណ៍ជាក់ស្តែង កាលពី១០ឆ្នាំមុន អាជីវករមួយចំនួនតូចបានបោះទុនបើកហាងលក់ទូរសព្ទដៃ។ ប៉ុន្តែបន្តិចក្រោយមក ហាងទូរសព្ទតូចធំត្រូវបានគេបើកស្ទើរតែពេញទីក្រុងភ្នំពេញនិងនៅតាមបណ្ដាខេត្តនានា។
អស់ពីមុខរបរលក់ទូរសព្ទ អ្នកជំនួញខ្មែរបានបែរទៅរកជំនួញថ្មីមួយទៀតគឺមុខរបរទិញលក់ដីធ្លី។ មនុស្សស្ទើរគ្រប់គ្នាជាអ្នកជំនួញដីធ្លី ប៉ុន្តែជាអកុសល វិស័យអចលនទ្រព្យក៏បានដួលបះជើងទៅវិញ រីឯអ្នករកស៊ីក្នុងវិស័យនេះមួយចំនួនក៏ដួលរលំផងដែរ។
ក្រោយពីវិស័យដីធ្លីដួលរលំទៅ អ្នកជំនួញចាប់ផ្តើមបែរទិសដៅរបស់ខ្លួនមកបើកហាងម្ហូបអាហារវិញម្តង។ អ្នកខ្លះបើកហាងម្ហូបអាហារដោយបំពាក់ប្រព័ន្ធអ៊ីនធឺណិត អ្នកខ្លះទៀតបើកហាងសាមញ្ញធម្មតា។ នៅពេលដែលហាងម្ហូបអាហារទំនងជាចាល់បន្តិចនោះ គេសង្កេតឃើញអ្នកជំនួញនាំគ្នាបើកហាងលាងរថយន្ត និងផ្សារទំនើបតូចធំយ៉ាងច្រើនអនេក។ បន្ទាប់មកទៀត គេសង្កេតឃើញអ្នកជំនួញនាំគ្នា បោះទុនវិនិយោគលើការសាងសង់លំនៅដ្ឋានគ្រប់គ្នា(សង់បុរី)។
ក្រោយមកទៀត អ្នកជំនួញនាំគ្នាបើកស្ថានីយលក់ប្រេងសាំងនៅគ្រប់ទីកន្លែង។ នៅតាមដងផ្លូវខ្លះ ស្ថិតក្នុងចំណាយមិនឆ្ងាយពីគ្នាប៉ុន្មាន គេសង្កេតឃើញមានវត្តមានស្ថានីយ៍ប្រេងសាំងបើកបន្តកន្ទុយគ្នា។ ហើយនៅចុងក្រោយបង្អស់នេះ អ្នកជំនួញធំៗនាំគ្នាប្រកួតប្រជែងសាងសង់ខុនដូ និងជំនួញផ្នែកវិស័យអប់រំ(សាលារៀន)។
អ្នកជំនាញផ្នែកសង្គមសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាបាននិយាយថា ចរន្តនៃការធ្វើអាជីវកម្មតាមគ្នានេះមិនមែនមានតែក្នុងវិស័យពាណិជ្ជកម្មឬសេវាកម្មនោះទេ តាមពិត ក្នុងវិស័យកសិកម្ម អ្នកជំនួញ ក៏ធ្វើតាមគ្នាដែរ។ កាលពីពេលមុន អ្នកជំនួញឬកសិករនាំគ្នាដាំកាហ្វេ ប៉ុន្តែក្រោយមក ពួកគេនាំគ្នាដាំដើមស្វាយចន្ទីដោយកាប់ដើមកាហ្វេចោល ហើយនៅចុងក្រោយនេះ ពួកគេនាំគ្នាដាំដើមកៅស៊ូវិញ។ នៅពេលដែលកៅស៊ូធ្លាក់ថ្លៃ អ្នកខ្លះចាប់ផ្តើមកាប់ដើមកៅស៊ូចោល ហើយងាកមកដាំស្វាយចន្ទីវិញ។
ការបោះទុនវិនិយោគដូចគ្នាលើសកម្មភាពតែមួយត្រូវបានគេអត្ថាធិប្បាយថា ដោយសារអ្នកជំនួញខ្មែរមួយចំនួននៅខ្វះគំនិតបង្កើតថ្មី និងគំនិតឆ្នៃប្រឌិត។ គ្មានច្បាប់ពាណិជ្ជកម្មណាមួយហាមឃាត់ការរកស៊ីមុខរបរដូចគ្នានោះទេ ប៉ុន្តែទង្វើនេះជួនកាលផ្តល់ផលល្អ ជួនកាល ផ្តល់ផលអាក្រក់។
តើអ្វីទៅជាចំណុចវិជ្ជមាន និងអ្វីទៅចំណុចអវិជ្ជមាន?
ចំនុចវិជ្ជមានគឺនៅត្រង់ថា នៅពេលដែលការផ្គត់ផ្គង់មានចំនួនកាន់តែច្រើនពេលនោះតម្លៃវាថយចុះបន្តិច ហើយអ្នកទទួលបានផលប្រយោជន៍គឺអតិថិជន។ ឧទាហរណ៍ថា ប្រសិនបើហាងលក់ទូរសព្ទមានចំនួនតិចតួចពេលនោះ អ្នកលក់អាចរក្សាតម្លៃខ្ពស់បាន ប៉ុន្តែនៅពេលដែលអ្នកលក់មានចំនួនច្រើន ពេលនោះពួកគេមិនអាចក្រឡុកហាងឆេងបានឡើយ។ ដូចគ្នាអ៊ីចឹងដែរសម្រាប់មុខរបរផ្សេងៗទៀត។
ជាការពិត ចំណុចវិជ្ជមានអាចកើតមានមែនសម្រាប់អតិថិជន។ ប៉ុន្តែផលប៉ះពាល់អវិជ្ជមានក៏កើតមានឡើងដែរចំពោះអ្នកជំនួញ និងសង្គម។ លទ្ធផលនាពេលកន្លងមកបានបង្ហាញខ្លះៗហើយថា នៅពេលដែលអ្នកជំនួញនាំគ្នារកស៊ីមុខរបរដូចគ្នាច្រើនពេក ពេលនោះ អ្នកជំនួញខ្លះត្រូវតែបង្ខំចិត្តបិទទ្វារទៅវិញដោយសារតែកង្វះចំនួនអតិថិជន។ ការបិទទ្វារហាងទៅវិញដោយសារតែខ្វះភ្ញៀវ អាចជំរុញអោយតម្លៃកើនឡើងវិញ។ ហើយបញ្ហានេះវាជះឥទិ្ធពលអាក្រក់ត្រឡប់ទៅអតិថិជនវិញ និងម្យ៉ាងទៀត នៅពេលដែលហាងនានាក្ស័យធន់ ពេលនោះ បុគ្គលិកនឹងគ្មានការងារធ្វើ។ នៅទីបញ្ចប់ សង្គមជាអ្នកទទួលបន្ទុក។
ដូច្នេះ ដើម្បីអោយអាជីវករ និងអតិថិជនអាចទទួលបានផលដូចគ្នាដោយមិនមានហានិភ័យខ្ពស់នោះ។ កិច្ចការពីរយ៉ាងចាំបាច់ត្រូវតែអនុវត្ត។ ទី១ គេគួរតែកំណត់ចំងាយទីតាំងហាងដែលមានខ្នាតធំៗអោយនៅឆ្ងាយពីគ្នាបន្តិច ពោលគឺចៀសវាងហាងដែលមានមុខរបរដូចគ្នាពី៤ទៅ៥ស្ថិតនៅក្នុងផ្លូវតែមួយកៀកគ្នាឬទល់មុខគ្នា។ ទី២ ពាណិជ្ជករ មុននឹងចាប់ផ្ដើមមុខរបរអ្វីមួយៗពួកគេគួរតែសួរខ្លួនឯងថា តើតម្រូវការក្នុងមុខរបរនេះវាចាល់ហើយឬនៅ? ដើម្បីអាចដឹងបញ្ហានេះបាន ការសិក្សាទីផ្សារត្រូវតែធ្វើឡើងជាចាំបាច់។ អ្នកជំនួញមិនគួរស្តាយថវិកាតិចតួចដើម្បីជួលអ្នកជំនាញអោយធ្វើការសិក្សាទីផ្សារនោះទេ មុននឹងចាប់ផ្តើមអាជីវកម្មអ្វីមួយ។
ការសិក្សាទីផ្សារ បើទោះបីជាវាមិនត្រឹមត្រូវ១០០%ក៏ដោយក្តី ក៏វាជាប្រទីបបង្ហាញផ្លូវដល់អ្នកវិនិយោគអោយវិភាគ និងធ្វើការសម្រេចចិត្តថា តើគេត្រូវបោះទុនវិនិយោគលើមុខរបរនេះឬនោះឬទេ? តើនេះជាពេលវេលាត្រឹមត្រូវសម្រាប់ការវិនិយោគហើយឬនៅ?។
សរុបសេចក្តីមកវិញ ការបោះទុនវិនិយោគលើជំនួញអ្វីមួយដែលមិនបានធ្វើការសិក្សា ឬមិនបានពិគ្រោះយោបល់ជាមួយអ្នកជំនាញសេដ្ឋកិច្ច គឺជាកំហុសវិជ្ជាជីវៈក្នុងជំនួញ។ តាមការសង្កេត ការធ្វើជំនួញតាមគ្នា អាចថា ងាយជោគជ័យក្នុងរយៈពេលខ្លី ព្រោះឃើញគេធ្វើជោគជ័យ ចម្លងតាមគេភ្លាមដែរដោយមិនបាច់ចំណាយពេលគិតច្រើន។ ប៉ុន្តែ ជារឿយៗ វាក៏ងាយនឹងបរាជ័យដែរ ព្រោះចំនួននៃជំនួញចម្លងតាមគ្នានេះអាចកើនឡើងលឿនពេក ហើយពេលខ្លះលឿនរហូតរុញច្រានឲ្យការផ្គត់ផ្គង់កើនលើសតម្រូវការដែលបច្ច័យរបស់វាអាចរុញច្រានឲ្យជំនួញក្ស័យធន៕