ជាតិ
សេដ្ឋកិច្ច
សណ្ឋាគារ​ស្តង់ដា​ជប៉ុន​បើក​នៅ​ឆ្នាំ​២០១៨ ដោយ​សន្យា​យក​បុគ្គលិក​ខ្មែរ​ឲ្យ​បាន​ជាង​៩០​ភាគរយ​
24, Sep 2016 , 9:39 pm        
រូបភាព
លោក Hirotaka Sekido និង​លោក Ryozo Oya និយាយទៅកាន់អ្នកកាសែតកម្ពុជានៅសណ្ឋាគារ Emion Tokyo Bay
លោក Hirotaka Sekido និង​លោក Ryozo Oya និយាយទៅកាន់អ្នកកាសែតកម្ពុជានៅសណ្ឋាគារ Emion Tokyo Bay
Chiba-​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន Starts Corporation Inc. កំពុងដំណើរការ​សាងសង់​សណ្ឋាគារ​ផ្កាយ​បួន​ដែល​យក​លំនាំ​តាម​សណ្ឋាគារ Emion Tokyo Bay នៅ​ជប៉ុន​។ សណ្ឋាគារ​ស្តង់ដា​ជប៉ុន​នេះ មាន​ទីតាំង​ជិត​មាត់ទន្លេ នៅ​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា សណ្ឋាគារ​ដែល​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ​២០១៨​នេះ នឹង​ទទួល​បុគ្គលិក​ខ្មែរ​ចូលធ្វើការ​ឲ្យ បាន​លើស​៩០​ភាគរយ​។​

 
​ការវិនិយោគ​ផ្នែក​សណ្ឋាគារ​ស្តង់ដា​ជប៉ុន​ក្នុង​រាជធានី​ភ្នំពេញ គឺជា​ឱកាស​ថ្មី​មួយទៀត​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជប៉ុន​មកកាន់​កម្ពុជា​។ លោក Hirotaka Sekido អនុប្រធាន​ក្រុមហ៊ុន​ជប៉ុន Starts Corporation Inc. បាន​អះអាង​ប្រាប់​អ្នកកាសែត​កម្ពុជា​ដែល​បាន​ទៅ​ទស្សនកិច្ច​ក្រុង​តូ​ក្យូ កាលពីដើម​ខែកញ្ញា ថា ជនជាតិ​ជប៉ុន​កាន់តែ​មានការ​ចាប់អារម្មណ៍​លើ​ប្រទេស​កម្ពុជា ហើយ​ការបើក​ដំណើរការ​ជើងហោះហើរ​ផ្ទាល់​តូ​ក្យូ​-​ភ្នំពេញ របស់​ក្រុមហ៊ុន​អាកាសចរណ៍ ANA កាន់តែ​បង្កើន​សក្តានុពល​បន្ថែម​ទៀត​សម្រាប់​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ​។​
 
 
​សណ្ឋាគារ Emion ភ្នំពេញ ដែល​យកតាម​គំរូ Hotel Emion Tokyo Bay នៅ​ទីក្រុង Chiba សាងសង់​នៅ​ផ្ទៃដី​២៣៨០​ម៉ែត្រការ៉េ ដោយមាន​១៩​ជាន់ និង​២៤០​បន្ទប់​។ ទីធ្លារ​អាច​ចត​រថយន្ត​បាន​៥៧​គ្រឿង​។ បន្ថែម​ពីលើ​នេះ សណ្ឋាគារ​នេះ មាន​ភោជនីយដ្ឋាន អាង​ហែល​ទឹក កន្លែង​ហាត់ប្រាណ ហាង​កាហ្វេ បន្ទប់​ប្រជុំ និង​កន្លែង​លេង​របស់​កុមារ​ផងដែរ​។​
 
 
​លោក Hirotaka Sekido បាន​លើកឡើងថា សណ្ឋាគារ​នេះ​ចង់​ទាក់ទាញ​ជនជាតិ​ជប៉ុន​ជាពិសេស ពីព្រោះ​ពួកគេ​ចង់បាន​សណ្ឋាគារ​បែប​ស្តង់ដា​ជប៉ុន ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ដូចជា​នៅ​ប្រទេស​កំណើត​របស់ខ្លួន​។ 

 
 
​លោក Ryozo Oya ប្រធាន​ក្រុមហ៊ុន Starts Hotel Development Corporation ដែល​បុត្រ​សម្ព័ន្ធ​របស់ Starts Corporation Inc. បានបញ្ជាក់​បន្ថែមថា សណ្ឋាគារ​នៅក្នុង​រាជធានី​ភ្នំពេញ មិន​យក​លំនាំ​តាម Hotel Emion Tokyo Bay ដែលជា​ដៃគូ​របស់ Tokyo Disney Resort ទាំងស្រុង​នោះឡើយ​។​
 
 
​លោក Oya ពន្យល់ថា ជប៉ុន និង​កម្ពុជា មាន​លក្ខណៈ​ខុសគ្នា​មួយចំនួន​ដូចជា​បញ្ហា​អាកាសធាតុ ឬ​គ្រោះ​រញ្ជួយ​ដី​ជាដើម​។ លោក​បញ្ជាក់ថា​៖ «​នៅ​ជប៉ុន សណ្ឋាគារ​យើង​មាន​ប្រព័ន្ធ និង​សេវាកម្ម​ជាច្រើន​ដើម្បី​ទប់ទល់ និង​បញ្ជៀ​ស​បញ្ហា​ដែល​បង្កដោយ​ការរញ្ជួយ​ដី ឬ​បញ្ហា​ផ្សេងៗ ប៉ុន្តែ​នៅ​កម្ពុជា វា​មិនសូវ​ចោទ​ជា​បញ្ហា​នោះ ដូច្នេះ ប្រព័ន្ធគ្រប់គ្រង ឬ​សេវាកម្ម​មួយចំនួន​មិន​ដូច​នៅ​ជប៉ុន​នោះឡើយ​»​។​
 
 
Starts Corporation Inc. បាន​ចាប់ដំណើរការ​តាំងពី​ឆ្នាំ​១៩៧២​មក ដោយ​វិនិយោគ​លើ​វិស័យ​សំណង់ អចលនទ្រព្យ ប្រព័ន្ធ​ផ្សព្វផ្សាយ ប្រឹក្សា​ហិរញ្ញវត្ថុ សណ្ឋាគារ កន្លែង​កម្សាន្ត លក់​ផលិតផល និង​ជំនួយ​ក្រៅប្រទេស​ជាដើម ដោយមាន​ការិយាល័យ​ចំនួន​៣៣​នៅ​បណ្តា​ប្រទេស​ចំនួន​២១ ។ នៅ​កម្ពុជា ក្រុមហ៊ុន​របស់​ជប៉ុន​មួយ​នេះ វិនិយោគ​លើ​ផ្នែក​អចលនទ្រព្យ Starts (Cambodia) Corporation ផ្នែក​សំណង់ Starts CAM (Cambodia) Corporation និង​ផ្នែក​សណ្ឋាគារ Starts Hotel (Cambodia) Corporation​។​
 
 
​ទាក់ទង​នឹង​ការបើក​សេវាកម្ម​សណ្ឋាគារ​នៅ​ឆ្នាំ​២០១៨ ទាំង​លោក Hirotaka Sekido និង​លោក Ryozo Oya បាន​អះអាងថា បុគ្គលិក​ខ្មែរ​គឺជា​មនុស្ស​អាទិភាព​ដែល​ជ្រើសរើស​ឲ្យ​បម្រើការ​។ «​ការវិនិយោគ​របស់​យើង គឺ​ចង់​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​មានការ​ងារ​ធ្វើ​។ យើង​នឹង​ជ្រើសរើស​ពលរដ្ឋ​ខ្មែរ​ឲ្យ​បាន​លើស​៩០​ភាគរយ​ដើម្បី​បម្រើការ​។ សម្រាប់​ដំណាក់កាល​ដំបូង នៅ​ផ្នែក​គ្រប់គ្រង យើង​មាន​បុគ្គលិក​ជប៉ុន ប៉ុន្តែ​យើង​នឹង​បណ្តុះបណ្តាល​បុគ្គលិក​ខ្មែរ ដូច​អ្វីដែល​យើង​បានធ្វើ​កន្លង​មកលើ​ផ្នែក​អចលនទ្រព្យ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Sekido៕
 
 












Tag:
 សណ្ឋាគារ​ជប៉ុន​
  Starts Corporation
  JapanTour
© រក្សាសិទ្ធិដោយ thmeythmey.com