បទយកការណ៍ / បទសម្ភាសន៍
វេជ្ជបណ្ឌិត សុខរង្សី បង្ហាញពីអាហារ និងទម្លាប់ ធ្វើឲ្យកើតជំងឺទឹកនោមផ្អែម
× ភ្នំពេញ៖ ជំងឺទឹកនោមផ្អែម បានក្លាយជាក្តីព្រួយបារម្ភរបស់មនុស្សជាច្រើនក្នុងសង្គម ដោយសារតែជំងឺនេះ ពិបាកព្យាបាល និងបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត។ វេជ្ជបណ្ឌិតផ្នែកជំងឺទូទៅ លោក និន សុខរង្សី បានប្រាប់ពីប្រភេទចំណីអាហារ និងឥរិយាបថមួយចំនួន ដែលជំរុញឲ្យមានជំងឺទឹកនោមផ្អែម ដើម្បីបង្កាកុំឲ្យមានជំងឺដ៏កាចសាហាវនេះ។
សូមអញ្ជើញអានបទសម្ភាសន៍រវាង លោក រ៉ឹម ភារី អ្នកយកព័ត៌មានរបស់គេហទំព័រថ្មីៗ ជាមួយលោកវេជ្ជបណ្ឌិត និន សុខរង្សី នាយកវេជ្ជសាស្ត្រនៅ Mengly J. Quach Student Health Center ប្រចាំសាលារៀន និងវិទ្យាស្ថានអន្តរទ្វីបអាមេរិកាំង ដូចតទៅ៖
លោក រ៉ឹម ភារី៖ តើមានចំណីអាហារប្រភេទណាខ្លះ ដែលបណ្តាលឲ្យកើតជំងឺទឹកនោមផ្អែម?
លោក និន សុខរង្សី៖ ជំងឺទឹកនោមផ្អែម គឺបណ្តាលមកពីការបរិភោគប្រភេទចំណីអាហារ ដែលមានជាតផ្អែមខ្លាំង ដូចជា៖ ភេសជ្ជៈ នំផ្អែម និងបង្អែមគ្រប់ប្រភេទ។
លោក រ៉ឹម ភារី៖ តើអាហារដែលមានជាតផ្អែម សុទ្ធតែបណ្តាលឲ្យមានជំងឺទឹកនោមផ្អែម ឬវាមានគុណសម្បត្តិខ្លះដែរ?
លោក និន សុខរង្សី៖ ត្រឹមត្រូវ! នៅពេលដែលយើងអស់កម្លាំង ដូចជា ពេលយើងលេងកីឡារួច ធ្វើការងារធ្ងន់ៗ អាហារជាតផ្អែម ដូចជា ភេសជ្ជៈ អាចជួយបំពេញថាមពលបានឆាប់រហ័ស ដែលធ្វើឲ្យយើងមានកម្លាំងឡើងវិញ។ ជាងនេះទៅទៀត នៅពេលរាងកាយយើងខ្វះជាតស្ករ គឺគួរបរិភោគអាហារជាតិផ្អែម ព្រោះវាបានជួយខួរក្បាល និងសាច់ដុំ។ យ៉ាងណាក៏ដោយ ទម្លាប់ផឹកភេសជ្ជៈដែលបានជាតផ្អែមច្រើន គឺជាទម្លាប់មិនល្អឡើយ ពីព្រោះ វាជាដើមចម ដែលបណ្តាលឲ្យមានជំងឺទឹកនោមផ្អែម។
លោក រ៉ឹម ភារី៖ ក្រៅចំណីអាហារ តើមានទម្លាប់អ្វីខ្លះទៀត ដែលងាយធ្វើឲ្យកើតជំងឺទឹកនោមផ្អែម?
លោក និន សុខរង្សី៖ ជាការពិត ឥរិយាបថ ឬទម្លាប់នេះ បានជះឥទ្ធិពលខ្លាំងចំពោះសុខភាពមនុស្ស។ ដូចគ្នាដែរ ជំងឺទឹកនោមផ្អែម ក៏បានកើតឡើងបណ្តាលមកពីមនុស្សមិនចូលចិត្តហាត់ប្រាណ ដែលធ្វើរាងកាយមិនរឹងមាំ និងសម្បូរជាតខ្លាញ់ និងស្ករនៅក្នុងខ្លួន។
លោក រ៉ឹម ភារី៖ តើគួរធ្វើដូចម្តេច ដើម្បីចៀសផុតពីជំងឺទឹកនោមផ្អែម?
លោក និន សុខរង្សី៖ ទីមួយ គឺត្រូវញ៉ាំអាហារឲ្យបានត្រឹមត្រូវ ដោយកុំព្យាយាមញ៉ាំអាហារដែលមានជាតផ្អែមពេក តែគួរតែត្រូវពិសាអាហារឲ្យមានតុល្យភាពគ្នារវាងជាតផ្អែម និងជាតប្រៃ។ ទីពីរ គឺគួរតែញ៉ាំកាហ្វេអត់ជាតិស្ករ ព្រោះកាហ្វេ អាចធ្វើឲ្យជាតស្ករថយចុះផងដែរ។ ទីបី គឺគួរផឹកទឹកឲ្យបានច្រើន និងហាត់ប្រាណបានទៀងទាត់ ដើម្បីឲ្យចេញញើសកាត់បន្ថយជាតពុល និងជាតស្ករក្នុងខ្លួន និងទីបួន គឺគួរតែញ៉ាំអាហារនៅក្នុងផ្ទះ ជាជាងទៅហូបអាហារនៅ ក្រៅផ្ទះ ពីព្រោះ ការធ្វើម្ហូបខ្លួនឯង យើងអាចកំណត់ថា តើត្រូវដាក់ស្ករប៉ុន្មាន? ប្រៃប៉ុន្មាន? ផ្ទុយមកវិញ បើយើងទៅញ៉ាំក្រៅផ្ទះ នោះចុងភៅ គេមិនធ្វើតាមអ្វីដែលយើងត្រូវការនោះទេ តែគេធ្វើដើម្បីឲ្យឆ្ងាញ់ និងតម្រូវតាមចំណង់ចំណូលចិត្តមនុស្សភាគច្រើន៕
Tag:
លោក និន សុខរង្សី
ទឹកនោមផ្អែម
© រក្សាសិទ្ធិដោយ thmeythmey.com