ជាតិ
សេដ្ឋកិច្ច
តើ​រដ្ឋាភិបាល​គួរ​បិទ​ការ​នាំចូល​អង្ករ​ពី​ប្រទេស​វៀតណាម​មួយរយៈ​ពេល​ដែរ ឬទេ​?
26, Sep 2016 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ខណៈដែល​វិស័យ​ស្រូវ​អង្ករ​កម្ពុជា កំពុង​ជួប​បញ្ហា​តម្លៃ និង​ទីផ្សារ មតិ​ខ្លះ​លើកឡើងថា រដ្ឋាភិបាល​គួរ​បិទ​ការ​នាំចូល​អង្ករ​ពី​ប្រទេស​វៀតណាម​ក្នុង​មួយរយៈ​ពេល​ជួប​វិបត្តិ​នេះ រហូតដល់​រដូវ​ប្រមូល​ផល​ធំ ដើម្បី​ឲ្យ​ស្រូវ​អង្ករ​កសិករ​មាន​ទីផ្សា​រ​ក្នុងស្រុក​កាន់តែ​ធំ​។ អ្នកជំនាញ​មិនបាន​ផ្ដល់​អនុសាសន៍​ឲ្យ​បិទ​ការ​នាំចូល​អង្ករ​ទេ ខណៈដែល​តំណាង​ក្រសួងពាណិជ្ជកម្ម​ថា រដ្ឋាភិបាល​អនុវត្តតាម​របប​ទីផ្សារសេរី​។ វិធានការ​រឹតបណ្ដឹង និង​ការថ្លឹងថ្លែង​ពី​ផលប្រយោជន៍​ពាណិជ្ជកម្ម​ក្នុង​រយៈពេល​វែង ត្រូវបាន​លើកឡើង​។​



​អ្នកយកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ បាន​សាកសួរ​អ្នកជំនាញ និង​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​អំពី​ជម្រើស​សមស្រប ដែល​ស្ថាប័ន​ពាក់ព័ន្ធ​អាចអនុវត្ត​ជុំវិញ​ការនាំ​ចូល​អង្ករ​ពី​ប្រទេស​វៀតណាម​។

​លោក ហ៊ុន ឡាក់  អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​(CRF) លើកឡើងថា រដ្ឋាភិបាល​មិនអាច​បិទ​ការ​នាំចូល​អង្ករ​ពី​ប្រទេសជិតខាង​បានទេ តែ​គួរប្រើ​វិធានការ​រឹតបណ្ដឹង​ចំពោះ​ការនាំ​ចូល​ទាំងនោះ ដែល​នឹង​ជួយ​ឲ្យ​ការផ្គត់ផ្គង់​ក្នុងស្រុក​មាន​ទីផ្សារ​ប្រសើរឡើង​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​ជាទូទៅ​គេ​មិន​បិទ​ទេ តែ​គេ​រឹតបន្តឹង ដោយ​ប្រើ​យន្តការ​ស្របច្បាប់​។ បានសេចក្ដីថា ត្រូវ​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​មានកំណត់​ជា​លក្ខខណ្ឌ ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព ប្រភពដើម​ទំនិញ និង​មើល​ទៅលើ​ចំនួន ដែល​មិន​អនុញ្ញាត​ឲ្យ​ឆ្លង នៅពេលណា​ទំនិញ​ខុស​នឹង​បែបបទ ឬ​មិនបាន​បង់ពន្ធ​ជាដើម​»​។ លោក​អះអាងថា យន្តការ​នេះ មាន​លក្ខណៈ​ស្របច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ និង​រក្សាបាន​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង​។​

«​ស្ថាប័ន​នៅតាម​មាត់ច្រក​ថា​ជាង ៧​ម៉ឺន​តោន​។ តែ​តួលេខ​ជាទូទៅ ពិសេស​ពី​តាម​បណ្ដា​រោង​ម៉ាស៊ីនកិនស្រូវ គឺ​អង្ករ​នាំចូល​មាន​ចំនួន​លើស​ច្រើនជាង​នេះ​។ ហើយ​កាលណា​អាច​ទប់ស្កាត់​ដោយ​ប្រើ​យន្តការ​បាន​ត្រឹមត្រូវ និង​ទប់ស្កាត់​តាម​ច្រក​តូចៗ​បាន នោះ​ការ​នាំចូល​នឹង​ថយ ណាមួយ​គេ​ត្រូវ​បង់ពន្ធ និង​ថ្លៃ​ដឹកជញ្ជូន​ទៀត​»​។ នេះ​បើតាម​លោក ហ៊ុន ឡាក់ ដែល​បន្តទៀតថា​៖«​ពេលនោះ យើង​អាចជួយ​បង្កើន​ប្រសិទ្ធិភាព​ផលិត​អង្ករ​បម្រើ​ទីផ្សារ​ក្នុងស្រុក​បាន​។ ហើយ​ផល​ស្រូវ​កសិករ ដែល​កំពុងតែ​ប្រមូល ក៏មាន​ច្រកចេញ គឺ​បាន​បម្រើ​ដល់ទី​ផ្សារ​ក្នុងស្រុក​»​។ ក្រៅពី​វិធានការ​រឹតត្បិត​ការ​នាំចូល​អង្ករ អ្នកជំនាញ​ក្នុង​វិស័យ​ស្រូវ​អង្ករ​រូបនេះ ចាត់ទុក​ការ​បំផុស​ឲ្យ​ទិញ​ផលិតផល​ក្នុងស្រុក​ក៏​ជា​យន្តការ​មួយ​ល្អ​ផងដែរ​។​

​ថ្មីៗ​នេះ ក្រសួងពាណិជ្ជកម្ម​បាន​ចេញប្រកាស ដែល​តម្រូវ​ឲ្យ​មានការ​បញ្ជាក់​អត្ត​សញ្ញា​អង្ករ​នាំចូល លើ​សំបក​វេច​ខ្ចប់​។ លោក ហ៊ុន ឡាក់ ថ្លែងថា នេះ​ជា​ចំណែក​មួយ​ក្នុង​វិធានការ​រឹតបន្តឹង​ការ​នាំចូល​អង្ករ ប៉ុន្តែ​លោក​ទទូច​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវអនុវត្ត​ជាក់ស្ដែង​ឲ្យ​មាន​ប្រសិទ្ធភាព​។​

​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោកស្រី សឿង សុ​ផា​រី មានប្រសាសន៍ថា ដោយ​អនុវត្ត​របប​ទីផ្សារសេរី និង​បរិបទ​អាស៊ាន រដ្ឋាភិបាល​មិនអាច​បិទ​ការ​នាំចូល​អង្ករ​បាន​នោះទេ​។ យើង​ប្រកាសប្រាប់​បរទេស អ្នក​ក្នុង​តំបន់​ថា​យើង​អនុវត្ត​សេដ្ឋកិច្ច​ទីផ្សារសេរី​។ បើ​យើង​ប្រកាសថា​បិទ​បែប​ណ្នឹ​ង វា​ជា​រឿង​មិនល្អ​សម្រាប់​ប្រទេស​»​។

​ឆ្លើយតប​នឹង​សំណួរ​ថា តើ​រដ្ឋាភិបាល​អាចអនុវត្ត​ដូច​ប្រទេស​ថៃ ដែល​ប្រើ​របាំង​មិនមែន​ពន្ធគយ​មកលើ​ការនាំ​ចូល​ផលិតផល​កសិកម្ម​ពី​កម្ពុជា​?​។ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​រូបនេះ អះអាង​ដូច្នេះ​ថា​៖«   យើង​មិន​ធ្វើតាម​ប្រទេស​គេ​ទេ វា​អត់​សូវ​ចំណេញ​អ្វី​ប៉ុន្មាន ហើយ​សមត្ថភាព​បច្ចេកទេស​យើង​នៅ​ទន់ខ្សោយ​នៅឡើយ បើ​យើង​ធ្វើ​ដូច​គេ​ក៏​អត់​សូវ​មាន​ប្រសិទ្ធភាព​ដែរ​។ យើង​ខាត​ក្នុង​រយៈពេល​ខ្លី តែ​ចំណេញ​ក្នុង​រយៈ​វែង​»​។​

​លោកស្រី សឿង សុ​ផា​រី អះអាងថា ខណៈដែល​តម្លៃ​ស្រូវ​ក្នុងស្រុក​ទាប ពាណិជ្ជករ​នឹង​ងាក​មក​ទិញស្រូវ​ក្នុងស្រុក​វិញ​។ លោកស្រី​និយាយថា​៖«​តម្លៃ​ស្រូវ​អង្ករ​យើង​ថ្លៃ​ជាង​ប្រទេសជិតខាង ដែល​នាំ​ឲ្យ​ឈ្មួញ​ចង់បាន​ប្រាក់ចំណេញ​ច្រើន ងាក​ទៅ​នាំចូល​អង្ករ​ពី​ក្រៅ  ប៉ុន្តែ​ស្រូវ​យើង​ធ្លាក់​ថ្លៃ​ដូចនេះ គាត់​នឹង​ងាក​មក​ទិញស្រូវ​ក្នុងស្រុក ហើយ​ណាមួយ​គាត់​មិន​ចំណាយ​ថ្លៃ​ដឹកជញ្ជូន​»​។​

​លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ ថ្លែងថា  ការបិទ ឬ​មិន​បិទ​អង្ករ​នាំចូល រដ្ឋាភិបាល​ត្រូវ​ពិនិត្យ​លក្ខខណ្ឌ​ច្បាប់ សន្ធិសញ្ញា​នានា និង​ថ្លឹងថ្លែង​ពី​ផលប្រយោជន៍​ពាណិជ្ជកម្ម​។ លោក​មានប្រសាសន៍​ដូច្នេះ​ថា​«​បើ​ផ្អែកលើ​តម្រូវការ​ជាក់ស្ដែង​ក្នុងស្រុក ដើម្បី​ជួយ​ទីផ្សារ​អង្ករ​កម្ពុជា យើង​គួរតែ​បិទ​មិន​ឲ្យ​នាំចូល​អង្ករ​ពី​បរទេស​មែន ប៉ុន្តែ​ការបិទ​នេះ​គឺ​អាចជា​បញ្ហា បើសិន​មិន​អនុលោម​កិច្ចព្រមព្រៀង​ដែលមាន​»​។

​លោក​បន្តទៀតថា​៖«​ទី​២ បើ​យើង​ធ្វើ​ខុស​នឹង​កិច្ចព្រមព្រៀង ក៏​ចេះតែធ្វើ​បានដែរ ប៉ុន្តែ​អាចមាន​ផល​លំបាក​ដែរ ឧទាហរណ៍​ថា វៀតណាម​មិន​ឲ្យ​ស្រូវ​យើង​ចូលទៅ​គេ​វិញ ដែល​តាម​ការប៉ាន់ស្មាន ២​ភាគ​៣​នៃ​ស្រូវ​ដែល​លើស​តម្រូវការ​ក្នុងស្រុក ត្រូវបាន​វៀតណាម​ប្រមូល​ទិញ ថា​តើ​នឹងមាន​អ្វី​កើតឡើង​?»​។ «​ជាក់ស្តែង​ក្នុង​ខែ​កន្លងមកនេះ គឺ​ក្រុមហ៊ុន​វៀតណាម​អត់​បានមក​ទិញ​ទេ រោង​ម៉ាស៊ីន​ក្នុងស្រុក​អត់​មានលទ្ធភាព​ទិញ​ទាំងអស់​ផង នេះ​គ្រាន់តែ​កូន​រដូវ​ប្រមូល​ផល​តូច​ផង ចុះ​ទម្រាំ​រដូវ​ប្រមូល​ផល​ធំ​»​។ នេះ​បើតាម​លោក ច័ន្ទ សុផល ដែល​បាន​ជំរុញ​រដ្ឋាភិបាល​ក្ដាប់​តួលេខ​នាំចូល​-​ចេញ​ស្រូវ​អង្ករ​ឲ្យ​បានជា​ក់លាក់ ដើម្បី​ងាយស្រួល​អនុវត្ត​វិធានការ​ពាក់ព័ន្ធ​នានា​។​

​នៅ​ខែមិថុនា​ឆ្នាំនេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានប្រកាស​ដំឡើង​តម្លៃ​គោល​អង្ករ​នាំចូល ដែល​អនុញ្ញាត​ឲ្យ​នាំចូល​អង្ករ​ដែលមាន​តម្លៃ​ពី​៣០០​ដុល្លារ ដល់​៦០០​ដុល្លារ​ក្នុង​១​តោន​ប៉ុណ្ណោះ​៕


Tag:
 ​អង្ករ​
  ច័ន្ទ សុផល​
  ហ៊ុន ឡាក់​
  សឿង សុ​ផា​រី​
© រក្សាសិទ្ធិដោយ thmeythmey.com