ជាតិ
បទវិភាគ
ហេតុអ្វី​មរណភាព Papy ដែលជា​ជនជាតិ​បារាំង​ធ្វើ​ឲ្យ​ខ្មែរ​មួយចំនួន​សម្រក់​ទឹកភ្នែក​?
26, Sep 2016 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុមសិស្ស និស្សិត យុវជន និង​អាណាព្យាបាល​សិស្ស​សម្រក់​ទឹកភ្នែក និង​នាំគ្នា​គោរព​វិញ្ញាណក្ខន្ធ​បន្តកន្ទុយ​គ្នា​នៅ​ពីមុខ​សព​លោក គ្រី​ស្យ​ង់ ហ្គោ​កឺ​ឡាំង ដេ​ប៉ា​លី​យ៉ែ​រ (Christian GAUQUELIN des PALLIERES) ជនជាតិ​បារាំង ហៅ Papy ដែលជា​ស្ថាបនិក​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE)​។ លោក​បាន​លាចាក​លោក​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​កន្លងមក​។ ក្រុមសិស្ស និស្សិត យុវជន ដែល​ធ្លាប់​បានទទួល​ការជួយ​សង្គ្រោះ​ពី​លោកតា Papy (​ប៉ា​ពី​) បាន​យំសោក​ស្ដាយ​បោក​ខ្លួន ស្រណោះ​អាឡោះអាល័យ​វីរបុរស ដែល​បាន​ជួយ​កុមារ​នៅតាម​គំនរ​សំរាម រាប់ពាន់នាក់​ជាង​២០​ឆ្នាំ​មកនេះ​។



​លោក គ្រី​ស្យ​ង់ ហ្គោ​កឺ​ឡាំង ដេ​ប៉ា​លី​យ៉ែ​រ បានទទួល​មរណភាព​ដោយ​រោគាពាធ​កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ នា​វេលា​ម៉ោង​៦ និង​៥៨​នាទី ក្នុង​ជន្មាយុ​៨២​ឆ្នាំ​។ សព​លោក គ្រី​ស្យ​ង់ ហ្គោ​កឺ​ឡាំង ដេ​ប៉ា​លី​យ៉ែ​រ ត្រូវបាន​គេ​បូជា​នៅ​ថ្ងៃ​ចន្ទ ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង ១ រសៀល​។
 
​លោក គ្រី​ស្យ​ង់ និង​ភរិយា Marie-France បាន​បង្កើត​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) តាំងពី​ឆ្នាំ​១៩៩៥ មក ហើយ​បាន​ជួយ​ដល់​កុមារ​ដែល​រស់នៅ​ម្តុំ​ស្ទឹងមានជ័យ ជាយ​រាជធានី​ភ្នំពេញ ជាពិសេស​នៅលើ​គំនរ​សំរាម ជាច្រើន​ពាន់​នាក់ តាមរយៈ​ការផ្តល់​ឱកាស​សិក្សា ការ​ស្នាក់នៅ អាហារ និង​ការ​ទំនុកបម្រុង​ផ្សេងៗ​។ សប្បុរសជន​ទាំងពីរ​ត្រូវបាន​គេ​ហៅថា​តា និង​យា​(Papy Mami) និង​ត្រូវបាន​គេ​ចាត់ទុកថា ជា​ឪពុកម្តាយ​ទី​ពីរ​របស់​កុមារ​កម្ពុជា​។



​ការបាត់បង់​លោក គ្រី​ស្យ​ង់ មិនសូវ​បាន​សារព័ត៌មាន​ក្នុងស្រុក​ផ្សព្វផ្សាយ​ប៉ុន្មាន​ឡើយ​។ ប៉ុន្តែ សម្រាប់​កុមារ មាតា​បី​តា និស្សិត គ្រូបង្រៀន​នៃ​អង្គការ​ភាព​ញញឹម​នៃ​កុមារ​នៅ​តំបន់​ស្ទឹ​ត​មានជ័យ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​មួយចំនួន និង​ប្រធាន​អង្គការ​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​វិញ ពួកគេ​បានចាត់ទុក​លោក គ្រី​ស្យ​ង់ ជា​បុគ្គល​ឆ្នើម ជា​បុគ្គល​គំរូ​សង្គ្រោះ​ជី​វិ​កុមារ​ខ្មែរលើ​គំនរ​សំរាម និង​កុមារ​ក្រីក្រ​ច្រើន​ពាន់​នាក់​ផ្សេងទៀត​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​កន្លងមកនេះ​។ ក្នុងអំឡុង​ពេលធ្វើ​ពិធី​បុណ្យសព​របស់លោក គ្រួសារ​ខ្មែរ​ជាច្រើន​បាន​សម្រក់​ទឹកភ្នែក និង​មាន​អ្នកខ្លះ​យំ​រហូតដល់​សន្លប់​ដោយ​ក្តី​អាណិតអាសូរ​លោកតា គ្រី​ស្យ​ង់ ខ្លាំងពេក​។

​ហេតុអ្វី​ការស្លាប់​របស់​ជនជាតិ​បារាំង​លោក Christian ធ្វើ​ឲ្យ​ក្រុមគ្រួសារ​ខ្មែរ​មួយចំនួន​សម្រក់​ទឹកភ្នែក​?

​ការ​យំសោក​បោក​ខ្លួន​របស់​គ្រួសារ​ខ្មែរ​មួយចំនួន​នៅ​ចំពោះមុខ​សព​លោកតា Papy (​ប៉ា​ពី​) មិនមែនជា​រឿង​សាមញ្ញ​ឡើយ​សម្រាប់​ពួកគេ​។ ទឹកភ្នែក​របស់​គ្រួសារ​ខ្មែរ​មួយចំនួន​នោះ គឺជា​ទឹកភ្នែក​បង្ហាញ​ពី​ក្តី​នឹក​អាឡោះអាល័យ បង្ហាញ​ការ​សោកសៅ បង្ហាញ​ក្តី​ស្រឡាញ់ និង​បង្ហាញ​ក្តី​គោរព​។​ល​។ ទឹកភ្នែក​បាន​ហូរ​ធ្លាក់​ចុះមក​ដោយ​មិនដឹង​ខ្លួន​ដោយសារតែ​លោកតា គ្រី​ស្យ​ង់ បានធ្វើ​ពលិកម្ម​កម្លាំងកាយ កម្លាំងចិត្ត និង​កម្លាំង​បញ្ញា​ដើម្បី​ជួយ​កុមារ​រើស​សំរាម​ខ្មែរ​ឲ្យ​ចាក​ចេញពី​រណ្តៅ​អវិជ្ជា និង​ឲ្យ​ចាក​ចេញពី​រណ្តៅ​នៃ​ភាពក្រីក្រ​។



​លទ្ធផល​ជាក់ស្តែង​បាន​បង្ហាញថា លោក គ្រី​ស្យ​ង់ ក្នុងនាម​ស្ថាបនិក​អង្គការ​នៃ​ភាព​ញញឹម​នៃ​កុមារ បាន​បណ្តុះបណ្តាល​កុមារ​នៅលើ​គំនរ​សំរាម​ស្ទឹងមានជ័យ​ជិត​រាប់ម៉ឺន​នាក់​រួចហើយ​។ ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅក្នុង​អង្គការ​នោះ ជារួម​មាន ការសិក្សា​ចំណេះដឹង​ទូទៅ បន្ទាប់មក ការសិក្សា​ជំនាញ ដូចជា ជំនាញ​កាត់សក់ ជំនាញ​រដ្ឋបាល ជំនាញ​គណនេយ្យ ជំនាញ​មគ្គុទេសក៍ ជំនាញ​គ្រង់​គ្រង ជំនាញ​បដិសណ្ឋារកិច្ច ជំនាញ​ថតកុន​…

​ក្នុង​រយៈពេល​២១​ឆ្នាំ​កន្លងមកនេះ កុមា​រលើ​គំនរ​សំរាម​ជាច្រើន​នាក់​ដែល​ធ្លាប់​ក្រីក្រ បានក្លាយ​ទៅជា​ធនធាន​មនុស្ស​ដ៏​ពូកែ​នៅក្នុង​ស្ថាប័នរដ្ឋ និង​ឯកជន​នៅក្នុង​ប្រទេស​កម្ពុជា​។ កុមារ​មួយចំនួនធំ​ដែល​ធ្លាប់តែ​រើស​សំរាម បាន​ក្លាយទៅជា​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ធំៗ ជាតិ និង​អន្តរជាតិ​។ កុមារ​ខ្លះ បានក្លាយ​ទៅជា​អ្នកមាន​ធនធាន និង​មានមុខ​មាន​មាត់​យ៉ាងខ្លាំង​នៅក្នុង​សង្គម​ខ្មែរ​នាពេល​បច្ចុប្បន្ននេះ​។ សម្រាប់​កុមារ​រើស​សំរាម និង​សម្រាប់​កុមារ​ដែល​ធ្លាប់​ក្រីក្រ​ហើយ​ជួយសង្គ្រោះ​ដោយ​លោក គី ស្យ​ង់​, លោក គ្រី​ស្យ​ង់ គឺជា​វីរបុរស​មនុស្សធម៌រ​បស់​ពួកគេ​។ អ្នកខ្លះ ហៅ​លោក គ្រី​ស្យ​ង់ ថា ជា​«​តា​»​របស់​កុមារ​រើស​សំរាម និង​កុមារ​ក្រីក្រ​។ អ្នក​ខ្លះទៀត​ចាត់ទុក​លោកតា ជា​បី​តា​ទី​ពីរ​របស់​ពួកគេ​។

​លើ​ពីនេះ​ទៅទៀត អ្វីដែល​គ្រួសារ​ខ្មែរ​មួយចំនួន​សម្រក់​ទឹកភ្នែក​ទាំង​មិន​អស់ចិត្ត​នោះ គឺ​នៅត្រង់ថា លោកតា គ្រី​ស្យ​ង់ គឺជា​ជនជាតិ​បារាំង​សោះ តែ​លោកតា មានទឹក​ចិត្តសប្បុរស​ធម៌ ទឹកចិត្ត​ជ្រះថ្លា ទឹកចិត្ត​សណ្តោស ទឹកចិត្ត​បុណ្យ​…​ជួយសង្គ្រោះ​ជីវិត​កុមារ​ក្រីក្រ​រើស​សំរាម​ខ្មែរ​ឲ្យ​ចាក​ចេញពី​រណ្តៅ​អវិជ្ជា និង​ចេញពី​រណ្តៅ​នៃ​ភាពក្រីក្រ​៕








































Tag:
 Papy mamie
© រក្សាសិទ្ធិដោយ thmeythmey.com