អតីតមន្ត្រីរដ្ឋបាលលោក George W.Bush ជាច្រើននាក់បានចេញមុខប្រកាសគាំទ្របេក្ខជនប្រធានាធិបតីអាមេរិកបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ។ ពួកគេបានប្រកាសថា ការគាំទ្រលោកដូណាល់ ត្រាំ ជាការរួបរួមគ្នាដើម្បីបង្រួបបង្រួមបក្សសាធារណរដ្ឋ និងឈានទៅឈ្នះការបោះឆ្នោតថ្ងៃ ៨ វិច្ឆិកាផង។
វាជាដំណឹងល្អសម្រាប់ បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ នៅពេលដែលបណ្តាអ្នកសាធារណរដ្ឋបម្រើការងារក្នុងរដ្ឋបាលលោក George W. Bush នាំគ្នាប្រកាសគាំទ្រលោក។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters មន្ត្រីបក្សសាធារណរដ្ឋម្នាក់ដែលស្និទ្ធក្រុមឃោសនារបស់លោក ដូណាល់ ត្រាំ បានអះអាងថាបណ្តាមន្ត្រីបម្រើការងារក្នុងរដ្ឋបាលលោក George W. Bush ប្រហែល ៥០ រូបស្ថិតក្នុងបញ្ជីអ្នកដែលគាំទ្រលោក ដូណាល់ ត្រាំ។ ពួកគេទាំងនេះបានប្រកាសបង្ហាញការគាំទ្រនិងត្រៀមបោះឆ្នោតឲ្យលោក ដូណាល់ ត្រាំនៅថ្ងៃ ៨វិច្ឆិកាខាងមុខនេះដែរ។
ក្នុងចំណោមន្ត្រីទាំងនោះ មានដូចជា អ្នកនាំពាក្យសេតវិមាន Ari Fleisher, អតីអគ្គរដ្ឋអាជ្ញាអាមេរិក John Ashcroft, អតីតរដ្ឋមន្ត្រីការងារ Elaine Chao, អតីតរដ្ឋមន្ត្រីរតនាគារ John Snow និងអតីតរដ្ឋមន្ត្រីសុខាភិបាល Tommy Thomson។ ក្រៅពីនេះ មានរដ្ឋមន្ត្រីក្រសួងការពារជាតិ Donald Rumsfeld, អតីតរដ្ឋមន្ត្រីកិច្ចយុទ្ធជន Anthony Principi និងអតីតអនុប្រធានកិច្ចការនយោបាយប្រចាំសេតវិមាន Matt Schlapp ផងដែរ។
ការប្រកាសគាំទ្របេក្ខជន ដូណាល់ ត្រាំ នេះកើតមានឡើងមុនពេលដែលលោក ត្រូវជួបជែកដេញដោលទល់មុខជាមួយបេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យលោកស្រី ហ៊ីឡារី គ្លីនតុន ជាលើកដំបូងនៅថ្ងៃអង្គារនេះ។ ហើយការសម្រេចចិត្តគាំទ្រសេដ្ឋីអចលទ្រព្យរូបនេះ ក៏ត្រូវបានគេអះអាងថា ជាការបង្រួបបង្រួមបក្សដើម្បីដណ្តើមយកជ័យជម្នះលើបក្សប្រជាធិបតេយ្យដែរ។
យ៉ាងមិញ ឪពុកប្រធានាធិបតី George W. Bush គឺលោក George H.W Bush មិនបានគាំទ្រលោក ដូណាល់ ត្រាំឡើយ ថ្វីបើលោកជាអ្នកសាធារណរដ្ឋក៏ដោយ។ លោកបានប្រកាសថាលោកនឹងបោះឆ្នោតឲ្យលោកស្រី ហ៊ីឡារី គ្លីនតុន ដែលជា គូប្រជែងរបស់លោក ដូណាល់ ត្រាំ ឯណោះវិញ។ ចំណែកលោក Jeb Bush ដែលធ្លាប់ជាគូប្រជែងរបស់លោក ដូណាល់ ត្រាំ ក្នុងសម័យប្រជែងក្នុងបក្សវិញ ក៏អះអាងថា លោកមិនគាំទ្រដូណាល់ត្រាំ តែលោកក៏មិនបោះឆ្នោតឲ្យហ៊ីឡារី គ្លីនតុនដែរ។
ចំណែកប្រធានាធិបតីអាមេរិក ទី ៤៣ លោក George W.Bush វិញមិនប្រកាសថាលោកនឹងបោះឆ្នោតឲ្យលោកស្រី ហ៊ីឡារី គ្លីនតុន ដូចឪពុកលោកឡើយ។តែអ្វីដែលសំខាន់លោកទំនងជាមិនចេញមុខគាំទ្រលោក ដូណាល់ ត្រាំឡើយ។
សូមបញ្ជាក់ថា នៅប្រហែល ៦ សប្តាហ៍ទៀតប៉ុណ្ណោះការបោះឆ្នោតប្រធានាធិបតីនឹងមកដល់ តែលោក ដូណាល់ ត្រាំ កំពុងព្យាយាមស្វះស្វែងបញ្ចុះបញ្ចូលឲ្យបណ្តាអ្នកសាធារណរដ្ឋគាំទ្រលោកដើម្បីឈ្នះឆ្នោត។ រយៈពេលចុងក្រោយមកនេះ អ្នកសាធារណរដ្ឋច្រើនដែរ ដែលបានប្រកាសថានឹងបោះឆ្នោតឲ្យលោក ដូណាល់ ត្រាំ ក្នុងនោះមានទាំងលោក Ted Cruz ដែលធ្លាប់ជាគូប្រជែងរបស់លោកដែរ៕