សង្គមអន្តរជាតិ​
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ ជា​អង្គការ​អន្តរជាតិ​ខ្សោយ​ជាងគេ​
02, Oct 2016 , 10:00 pm        
រូបភាព
បណ្ដាមេដឹកនាំប្រទេសមិនចូលបក្សសម្ព័ន្ធក្នុងកិច្ចប្រជុំនៅវ៉េណេស៊ុយអេឡា។ រូបភាព The Atlantic
បណ្ដាមេដឹកនាំប្រទេសមិនចូលបក្សសម្ព័ន្ធក្នុងកិច្ចប្រជុំនៅវ៉េណេស៊ុយអេឡា។ រូបភាព The Atlantic
មកទល់ពេលនេះ អង្គការ​អន្តរជាតិ​ជាច្រើន ត្រូវបាន​បង្កើតឡើង​ព្រោងព្រាត ដោយ​អង្គការ​ខ្លះ​ស្ថិតនៅ​កម្រិត​ពិភពលោក​ដូចជា​អង្គការសហប្រជាជាតិ ធនាគារពិភពលោក​ជាដើម ហើយ​ខ្លះទៀត​ជា​អង្គការ​តំបន់​ដូចជា​សហភាព​អឺរ៉ុប​ជា​ឧទាហរណ៍​ស្រាប់​។ អង្គការ​ខ្លះទៀត ដើរតួ​ជា​តំណាង​ឲ្យ​ក្រុម​ប្រទេស​ណាមួយ ដែល​ប្រមូល​ផ្ដុំគ្នា​ដោយ​ផ្អែកលើ​នយោបាយ និង​សេដ្ឋកិច្ច​ដូចគ្នា​។ យ៉ាងណាក្ដី អង្គការ​ទាំងអស់នោះ មិន​សុទ្ធ​តែមាន​ប្រសិទ្ធភាព​ដោះស្រាយ​បញ្ហា​ឡើយ​។ 



​អង្គការសហប្រជាជាតិ ត្រូវគេ​មើលឃើញថា ជា​អង្គ​ការដែល​នាំមុខគេ និង​មាន​ប្រសិទ្ធភាព​ជាងគេ​ក្នុងការ​ដោះស្រាយ​បញ្ហា​លើ​ពិភពលោក បើទោះជា​មាន​បញ្ហា​ជាច្រើន​នៅតែ​បន្ត​កើតឡើង​ឥត​ឈប់​ក៏ដោយចុះ​។ ដោយឡែក​ខាងក្រោម​នេះ គឺជា​អង្គការ​អន្តរជាតិ​ចំនួន​៥ ដែល​មិនសូវមាន​ប្រសិទ្ធភាព​ការងារ និង​មិនសូវមាន​ឥទ្ធិពល​ខ្លាំង​លើ​ឆាក​អន្តរជាតិ ដែល​ចេញផ្សាយ​ដោយសារ​ព័ត៌មាន The Atlantic​។​

១. ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ (Non Alignment Movement)
​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ បង្កើតឡើង​ដោយ​ក្រុម​ប្រទេស​ដែលមាន​គោលនយោបាយ​មិន​ចូលបក្ស​សម្ព័ន្ធ ឯករាជ្យ និង​អព្យាក្រឹត នៅ​ចំ​ពេលដែល​លោកខាងលិច និង​លោក​ខាងកើត កំពុង​ប្រជែង​គ្នា បន្ទាប់ពី​បញ្ចប់​សង្គ្រាមលោកលើកទី​ពីរ​។ ចលនា​នេះ​ទើបតែ​បញ្ចប់​កិច្ចប្រជុំ​កំពូល​របស់ខ្លួន​នាពេល​ថ្មីៗ​នេះ នៅឯ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ប៉ុន្តែ​មាន​ប្រមុខរដ្ឋ​-​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ជា​សមាជិក​តិចតួច​ប៉ុណ្ណោះ បាន​ចូលរួម ដែល​នេះ​បានបង្ហាញ​ពី​ការធ្លាក់ចុះ​ឥទ្ធិពល​នៃ​ចលនា​ពិភពលោក​មួយ​នេះ​។

២. សមាគម​ទីផ្សា​រួម​នៅ​អាមេរិក​ខាងត្បូង (Mercosur)
​បង្កើតឡើង​ក្នុង​គោលដៅ​ពាណិជ្ជកម្ម Mercosur បែរជា​ធ្លាក់ចុះ​ដោយសារ​ការជ្រៀតជ្រែករ​បស់​នយោបាយ​ទៅវិញ​។ ប្រេ​ស៊ី​ល អា​សង់​ទីន អ៊ុយ​រុយ​ហ្កា​យ បាន​បញ្ចូល​វ៉េ​ណេ​ស៊ុយ​អេ​ឡា ជា​សមាជិក ខណៈដែល​ប៉ា​រ៉ា​ហ្កា​យ​ត្រូវបាន​ព្យួរ​សមាជិកភាព​ក្នុង​ឆ្នាំ​២០១២​។ ប៉ុន្តែ​ចាប់តាំងពី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ចូល​ជា​សមាជិក​មក​នោះ បញ្ហា​ក៏​កើតមាន​មិនចេះចប់ ហើយ​កាលពីដើម​ខែកញ្ញា ឆ្នាំ​២០១៦​នេះ សមាជិក​បួន​ប្រទេស​ទៀត ត្រូវបាន​រារាំង​មិន​ធ្វើជា​ប្រធាន​ប្ដូរ​វេន​ទៀតផង​។ មកទល់ពេលនេះ Mercosur ដូចជា​កិច្ចព្រមព្រៀង «​អត្តឃាត​» ទៅហើយ​។  

៣. BRICS (Brazil, Russia, India, China, South Africa)
​ស្ថាប័ន​នេះ​ចេញ​ជា​រូបរាង​នៅ​ឆ្នាំ​២០០១ ដែល​តំណាង​ឲ្យ​ប្រទេស​មាន​សេដ្ឋកិច្ច​ងើបឡើង​ខ្លាំង​របស់​ពិភពលោក​។ ប៉ុន្តែ អង្គការ​នេះ ក៏​មិនសូវមាន​ឥទ្ធិពល​ខ្លាំង​ដែរ ដ្បិត​សមាជិក​ទាំង​៥ មិនមាន​មូលដ្ឋាន​សេដ្ឋកិច្ច​រួមគ្នា​អ្វី​ឡើយ ហើយ​គោលដៅ​នៃ​ការបង្កើត ក៏​ដើម្បី​តែ​ប្រជែង​ជាមួយ​ស្ថាប័ន​ក្រោម​ឥទ្ធិពល​អាមេរិក​ប៉ុណ្ណោះ​។ លើសពីនេះ ចិន​ក៏បាន​ឈាន​មួយចំនួន​ទៅមុន​តាមរយៈ​ការបង្កើត​ធនាគារ​ដែល​ធំ និង​សម្បូរ​ធនធាន​ជាមួយ​ប្រទេស​ដទៃទៀត​។  

៤. អង្គការ​ប្រទេស​នាំចេញ​ប្រេង (OPEC)
OPEC ធ្លាប់ជា​អង្គការ​មួយ​មាន​ឥទ្ធិពល​ខ្លាំង ព្រោះ​អង្គការ​នេះ ជា​អ្នកគ្រប់គ្រង និង​កំណត់​តម្លៃ​ប្រេង​លើ​ពិភពលោក ប៉ុន្តែ​ការប្រែប្រួល​នៃ​បម្រើបម្រាស់​ថាមពល​ពី​ប្រេង ទៅ​ឧស្ម័ន​និង​ថាមពល​ផ្សេងទៀត ធ្វើ​ឲ្យ​អង្គការ​នេះ​ធ្លាក់​ឥទ្ធិពល​។ ម្យ៉ាងទៀត ប្រទេស​ជា​សមាជិក ក៏​ខ្វែងគំនិត​លើ​បរិមាណ​ប្រេង​ត្រូវ​ផលិត ស្រប​ពេលដែល​តម្លៃ​ប្រេង​ធ្លាក់ចុះ​ខ្លាំង​អស់​ពេល​ជា​យូរ​មក​នោះ​។ លើសពីនេះ បរិមាណ​ប្រេង​ដែល​ប្រទេស​មិនមែន​សមាជិក OPEC ផលិត​បាន​នោះ ក៏​ធ្វើ​ឲ្យ​តម្លៃ​ទីផ្សារ​របស់ OPEC ត្រូវ​កាត់បន្ថយ​ដែរ​។ 

៥. សហភាព​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី (EEC)
​អង្គការ​នេះ បង្កើតឡើង​ដើម្បី​ប្រជែង​ជាមួយ​សហភាព​អឺរ៉ុប ប៉ុន្តែ​អង្គការ​នេះ មិនបាន​លេចធ្លោ​អ្វី​ឡើយ​។ ផ្ដួចផ្ដើម​ដោយ​ក្រុង​មូ​ស្គូ អង្គការ​នេះ​មាន​សមាជិក​មកពី​ប្រទេស​តំបន់​អាស៊ី​កណ្ដាល ដែល​រង​ឥទ្ធិពល​រុស្សី​។ ការពឹង​ផ្អែកលើ​សេដ្ឋកិច្ច​រុស្សី ដែល​កំពុង​ធ្លាក់ចុះ និង​ជួប​បញ្ហា​ដោយសារ​ទណ្ឌកម្ម​របស់​អឺរ៉ុប និង​អាមេរិក ក៏​ធ្វើ​ឲ្យ​សមាជិក​ផ្សេងទៀត រង​ទុក្ខ​ដែរ​។ ហើយ​នេះ​ជា​មូលហេតុ ដែល​អង្គការ​នេះ​មិនអាច​ប្រកួត​ជាមួយ​សហភាព​អឺរ៉ុប​បានឡើយ​៕
 


© រក្សាសិទ្ធិដោយ thmeythmey.com