ជាតិ
បទវិភាគ
​​​ន​យោ​បាយ​ជាតិ​
តើ​ពលរដ្ឋ​គួរ​បោះឆ្នោត​គាំទ្រ​នរណា​?
27, Sep 2016 , 10:28 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ប្រវត្តិសាស្ត្រ​របស់​កម្ពុ​ជា​បាន​បង្ហាញថា ក្នុង​អតីតកាល ការផ្លាស់ប្ដូរ​អាណត្តិ​ដឹកនាំ ឬ​ការផ្លាស់ប្ដូរ​អ្នកដឹកនាំ​បាន​វិ​វ​ត្តិ​ពី​ការឡើង​ស្នង​រាជ​បន្ត​ពី​ឪពុក​ទៅ​កូន​ក្នុង​គ្រួសារ​រាជវង្ស មក​ការធ្វើ​សង្គ្រាម​ឬ​រដ្ឋប្រហារ​ដើម្បី​ផ្លាស់ប្ដូរ និង​ចុង​ក្រោយនេះ គឺ​ការបោះឆ្នោត​ដើម្បី​ផ្លាស់ប្ដូរ​។ ឆ្លងកាត់​ការបោះឆ្នោត​ប្រាំ​អាណត្តិ​កន្លងមកនេះ ថ្វីបើ​នៅមាន​ភាពមិនប្រក្រតី​ខ្លះ​តែងតែ​កើតឡើង​ក្នុងពេល​បោះឆ្នោត​ម្ដងៗ​ក៏ដោយ ក៏​កម្ពុជា​មិនទាន់មាន​ប្រព័ន្ធ​ផ្លាស់ប្ដូរ​អំណាច​ណាមួយ​ដែល​ល្អ​ជាង​មធ្យោបាយ​នេះ​នៅឡើយ​ទេ​។ ហេតុនេះ ពលរដ្ឋ​កម្ពុជា​គ្រប់រូប​ត្រូវតែ​ប្រើ​សិទ្ធិ​របស់ខ្លួន​ក្នុងការ​ជ្រើសរើស​តំណាង​របស់ខ្លួន ដើម្បី​ធ្វើជា​អ្នកដឹកនាំ​ប្រទេស ដែលជា​អ្នកមាន​សិទ្ធិ​កំណត់​ជោគវាសនា​របស់​ជាតិ​។

 


​ដើម្បី​អាចមាន​សិទ្ធិ​បោះឆ្នោត​បាន ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោត ត្រូវតែមាន​អត្តសញ្ញាណ​បណ្ណ ឬ​ឯកសារ​ពាក់ព័ន្ធ​ដែល​ទទួលស្គាល់​ដោយ​ច្បាប់បោះឆ្នោត និង​ត្រូវ​អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ទៅតាម​ទីកន្លែង​និង​កាលបរិច្ឆេទ​កំណត់​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ សម្រាប់​ការ​ឆ្នោត​ឃុំ​/​សង្កាត់ ឆ្នាំ​២០១៧ និង​ការបោះឆ្នោត​សាកល ឆ្នាំ​២០១៨​នេះ ពលរដ្ឋ​ខ្មែរ​ដែល​គ្រប់​អាយុ​បោះឆ្នោត ត្រូវ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ជាថ្មី តាមរបៀប​ថ្មី ចាប់ពី​ថ្ងៃទី​០១​ខែកញ្ញា ដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​នៅតាម​ឃុំ​/​សង្កាត់ ឬ​ទីកន្លែង​កំណត់​ណាមួយ​ដែល​សម្រេច​ដោយ គ​.​ជ​.​ប​.​។​

​សូម​ជនរួមជាតិ​ចងចាំ​ថា សន្លឹកឆ្នោត​មួយ​សន្លឹក ឬ​សំឡេងឆ្នោត​មួយ​សំឡេង​របស់ខ្លួន​ពិតជា​មានតម្លៃ​ណាស់​សម្រាប់​ការជ្រើសរើស​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ ការជ្រើសរើស​តំណាងរាស្ត្រ ឬ​អ្នកដឹកនាំ​ប្រទេស ទៅតាម​ឆន្ទៈ ឬ​ការ​ចូលចិត្ត​របស់ខ្លួន​។ ដូច្នេះ សូម​ពលរដ្ឋ​ម្នាក់ៗ បំពេញ​លក្ខខណ្ឌ​របស់​ខ្លួន​ឱ្យបាន​គ្រប់គ្រាន់ និង​ត្រៀម​ទៅ​បោះឆ្នោត​ឱ្យបាន​គ្រប់គ្នា​នៅពេល​ការបោះឆ្នោត​ចូលមក​ដល់​។​

​ដើម្បី​អាច​សម្រេច​ចិត្តបាន​ត្រឹមត្រូវ ពលរដ្ឋ​ម្នាក់ៗ ត្រូវតែ​ស្គាល់​ប្រវត្តិ​របស់​បេក្ខជន ជាពិសេស ត្រូវ​ស្គាល់​គោលនយោបាយ​របស់​បក្ស​នីមួយៗ និង​ត្រូវ​ពិនិត្យមើល​ការងារ​ជាក់ស្ដែង​ដែល​បក្ស​នីមួយៗ​បានធ្វើ​កន្លងមក​ទាំង​ការងារ​នយោបាយ ការងារ​មនុស្សធម៌ ការអភិវឌ្ឍ និង​ការងារ​ដឹកនាំ​ប្រទេស ទាំង​កម្រិត​បក្ស កម្រិត​ជាតិ និង​អន្តរជាតិ​។ ក្រៅពីនេះ ក៏ត្រូវ​តាមដាន​មើល​សមត្ថភាព ភាពជា​អ្នកដឹកនាំ និង​សីលធម៌​របស់​មេបក្ស និង​សមាជិក​បក្ស​ទាំងអស់​ផងដែរ​។ បើ​មិន​ដូច្នោះ​ទេ អ្នកនឹង​ប្រគល់​សំឡេងឆ្នោត​របស់​អ្នក​ទៅឱ្យ​បុគ្គល ឬ​បក្ស​ណាមួយ​ដោយ​ប្រថុយប្រថាន ដែលជា​យថាហេតុ អ្នក​ដែល​មិនមាន​គុណធម៌​ល្អ​ទាំងនោះ​នឹង​ត្រូវបាន​ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ ឬ​តំណាងរាស្ត្រ ឬ​ថ្នាក់ដឹកនាំ​។

​ប្រសិនបើ​អ្នកមាន​មូលដ្ឋាន​គ្រប់គ្រាន់​ក្នុងការ​សម្រេចចិត្តថា ត្រូវ​បោះឆ្នោត​ប្រគល់​សំឡេងគាំទ្រ​ឱ្យ​បេក្ខជន ឬ​បក្សនយោបាយ​ណាមួយ​ហើយ​នោះ អ្នក​ត្រូវតែ​ប្រកាន់​ជំហរ​របស់​អ្នក​ឱ្យ​ច្បាស់ នឹងត្រូវ​បោះឆ្នោត​ជូន​អ្នកនោះ ឬ​បក្ស​នោះ​ដោយ​សេចក្ដីក្លាហាន ពីព្រោះ​បើទោះបីជា​មុនពេល​បោះឆ្នោត​អាចមាន​បុគ្គល ឬ​ក្រុម​ណាមួយ​ព្យាយាម​ទិញ​ទឹកចិត្ត ឬ​គំរាមកំហែង​ឱ្យ​បោះឆ្នោត​ឱ្យគេ​ក៏ដោយ ក៏​ពេល​បោះឆ្នោត អ្នក​ទាំងនោះ​មិនមាន​សិទ្ធិ​ទៅតាម​ឃ្លាំមើល​ការបោះឆ្នោត ឬ​ការ​គូស​សន្លឹកឆ្នោត​របស់​អ្នក​ដល់ បន្ទប់សម្ងាត់​នោះដែរ​។ ហេតុនេះ បើទោះបីជា​ដើម្បី​រក្សា​ជីវិត អ្នក​បាន​ស្បថ ឬ​សន្យាថា​បោះឆ្នោត​ឱ្យគេ​ក៏ដោយ ក៏​ពេល​ចូលក្នុង​បន្ទប់សម្ងាត់ អ្នក​នៅតែ​អាចមាន​សិ​ទ្ទិ​គ្រប់គ្រាន់​ក្នុងការ​សម្រេចចិត្ត​បោះឆ្នោត​ជូន​បេក្ខជន ឬ​បក្សនយោបាយ​ណាមួយ​តាម​មនសិការ​និង​ឆន្ទៈ​របស់​អ្នក​ដោយ​គ្មាន​នរណា​ដឹង​ឡើយ​។​

​ជាថ្មី​ម្ដងទៀត សូម​ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ ទៅ​បោះឆ្នោត​ដើម្បី​រួមចំណែក​សម្រេច​ជោគវាសនា​របស់​ប្រទេសជាតិ​ដោយ​ខ្លួនឯង សូមកុំ​បោះបង់​ឱកាស​ដ៏​មានតម្លៃ​នេះ ហើយ​ទុកឱ្យ​អ្នកដទៃ​ជា​អ្នកកំណត់​ជោគវាសនា​ជំនួស​ខ្លួន​។ បើ​មិន​ដូច្នោះ​ទេ ប្រសិនបើ​អ្នកដទៃ​ជ្រើសរើស​អ្នកដឹកនាំ​ខុស អ្នក​ក៏​នឹង​ទទួលរង​ការលំបាក ឬ​អកុសល​ផ្សេងៗ​ចេញពី​អ្នកដឹកនាំ​ដែល​មិនល្អ​នោះ​មិនខានឡើយ​។ នៅពេលនោះ បើទោះបី​អ្នក​មានការ​ស្ដាយក្រោយ​ក៏ដោយ ក៏​អ្នក​មិនអាច​ធ្វើ​អ្វី​បានដែរ អ្នក​ត្រូវតែ​រង់ចាំ​រហូតដល់​មួយ​អាណត្តិ ទើប​អាច​ផ្លាស់ប្ដូរ​បាន​។ ដូច្នេះ ដើម្បី​កុំឱ្យ​ស្ដាយក្រោយ ពលរដ្ឋ​ម្នាក់ៗ ត្រូវតែ​បំពេញ​លក្ខខណ្ឌ​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​មាន​សិទ្ធិ​បោះឆ្នោត ត្រូវ​ពិនិត្យ​សុក្រឹតភាព​របស់​បេក្ខជន និង​បក្សនយោបាយ និង​ត្រូវ​ទៅ​បោះឆ្នោត​ដោយ​ខ្លួនឯង​កុំឱ្យ​ខកខាន​ឡើយ​៕  


Tag:
 នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com