កីឡាជាតិ
ជាតិ
កីឡករកីឡាការិនីប៉េតង់កម្ពុជា២រូបបន្តស្វែងរកមេដាយពីព្រឹត្តិការណ៍ Beach Games នៅវៀតណាម
×
ក្រោយឈ្នះមេដាយសំរឹទ្ធពីរលើវិញ្ញាសាវាយគូបុរស-នារី កាលពីម្សិលមិញ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា នេះកីឡាករកីឡាការិនីប៉េតង់កម្ពុជាពីររូបបាន និងកំពុងបន្តការប្រកួតប្រជែងលើវិញ្ញាសាប្រកួត១នាក់ទល់១នាក់បុរស-នារី ដើម្បីស្វែងរកមេដាយពីព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់ជើងឯកទ្វីបអាស៊ី Asian Beach Games នៅទីក្រុងដាណាង ប្រទេសវៀតណាម។
កីឡាករប៉េតង់កម្ពុជាពីររូបរួមមានកីឡាករ ញ៉ែម បូរ៉ា និងកីឡាការិនី ដួង ឌីណា បាននិងកំពុងធ្វើការប្រកួតប្រជែងជាមួយគូប្រកួតរៀងៗខ្លួនលើវិញ្ញាសាប្រកួត១នាក់ទល់១នាក់បុរស-នារី ក្នុងព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់ជើងឯកទ្វីបអាស៊ីនៅទីក្រុងដាណាង ប្រទេសវៀតណាម។ ក្នុងនោះកីឡាកីឡាករ ញ៉ែម បូរ៉ា ដែលឈរនៅពូលB ត្រូវជួបប្រកួតបើកឆាកជាមួយកីឡាករ Altangerel របស់ប្រទេសម៉ុងហ្គោលីនៅម៉ោង៩:០០នាទី។
បន្ទាប់មកនៅម៉ោង១០:៣០នាទីរូបគេត្រូវបន្តជួបកីឡាករ Hoi Giang របស់ម្ចាស់ផ្ទះវៀតណាម មុនប៉ះកីឡាករ Goh Weee Teck របស់សិង្ហបុរីនៅម៉ោង ១:៣០នាទីរសៀល និងចុងក្រោយត្រូវជួបជាមួយកីឡាករ Mienmany Lar របស់ឡាវនៅម៉ោង ៣:០០នាទីរសៀល។
ដោយឡែក កីឡាការិនី ដួង ឌីណា ដែលឈរនៅពូលA ត្រូវប៉ះកីឡាការិនី Nguyen Thi Tran របស់វៀតណាម នៅម៉ោង៩:០០នាទី មុនបន្តជួបកីឡាការិនី Goma Ayumi របស់ជប៉ុននៅម៉ោង១០:៣០នាទី។ នៅម៉ោង១:៣០នាទីរូបគេត្រូវជួបប្រកួតជាមួយកីឡាការិនី Tan Quian Ni Janice របស់ប្រទេសសិង្ហបុរី ហើយចុងក្រោយត្រូវប្រកួតជាមួយកីឡាការិនី Chao Guijin របស់ចិននៅរសៀលម៉ោង៤:៣០នាទី។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតរបស់កីឡាករកីឡាការិនីកម្ពុជាថ្ងៃនេះដើម្បីស្វែងរកពិន្ទុខ្ពស់ប្រចាំពូលនីមួយៗពីលេខ១ដល់លេខ២ឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាថ្ងៃទី២៨ ខែកញ្ញា ស្អែកនេះ។ ឆ្លងកាត់ការប្រកួតកាលពីព្រឹកមិញកីឡាករ ញ៉ែម បូរ៉ា បានយកឈ្នះលើកីឡាករម៉ុងហ្គោលី ក្នុងលទ្ធផល១៣ទល់នឹង២។ ចំណែកកីឡាការិនី ដួង ឌីណា បានចាញ់កីឡាការិនីវៀតណាម ក្នុងលទ្ធផល ១១ទល់នឹង៧។
គួរបញ្ជាក់ផងដែរថា សម្រាប់ក្រុមកីឡាបាល់ទះលើឆ្នេរខ្សាច់របស់កម្ពុជាដែលមានកីឡាករ ជុន សោភា និង ស៊ឹម ឃ្លោក ដែលឈរនៅពូលD នឹងប្រកួតបង្គ្រប់កិច្ចជាមួយក្រុមអាហ្វហ្គានីស្ថាននៅថ្ងៃនេះផងដែរ។ បន្ទាប់ពីក្រុមនេះ បានចាញ់ក្រុមថៃ២សិតទល់នឹង១សិត(២-១) និងបន្តចាញ់ក្រុមចិន២សិតទលើនឹង០ កាលពីម្សិលមិញ៕
Tag:
ប៉េតង់
Beach Games 2016
© រក្សាសិទ្ធិដោយ thmeythmey.com