ជាតិ
កម្ពុជា នឹង​ទទួល​ជំនួយឥតសំណង​ជិត​៣២​លាន​ដុល្លារ​ពី​ជប៉ុន​
27, Sep 2016 , 11:14 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ កម្ពុជា នឹង​ទទួល​ជំនួយឥតសំណង​ជិត​៣២​លាន​ដុល្លារ​ពី​ជប៉ុន សម្រាប់​ជួយ​ទ្រទ្រង់​លើ​គម្រោង​ចំនួន​២​នៅ​កម្ពុជា​។ ហិរញ្ញប្បទាន​ឥត​សំណង​នេះ គឺ​រដ្ឋាភិបាល​ជប៉ុន បន្ត​ផ្ដល់ជូន​រដ្ឋាភិបាល​កម្ពុ​ជា ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។


​ទំហំ​ទឹកប្រាក់​ជំនួយឥតសំណង​ដែល​រដ្ឋាភិបាល​កម្ពុជា ទទួលបាន​ពី​រដ្ឋាភិបាល​នេះ មាន​ចំនួន​សរុប ៣២០៦ លាន​យ៉េន (​ជិត​៣២​លាន​ដុល្លារ​អាមេរិក​) ។ ទឹកប្រាក់​ទាំងនេះ​ត្រូវ​បែងចែក​សម្រាប់​អនុវត្ត​លើ​គម្រោង​សមា​រណកម្ម​បោសសម្អាត​គ្រាប់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​ដំណាក់កាល​ទី​៣ (Integrated Mine Clearance And Landmine Victim Assistance-Phase III) ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​១៨១០​លាន​យ៉េន (​ជិត​១៨​លាន​ដុល្លារ​) និង​គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សមត្ថភាព​ដឹកជញ្ជូន​របស់​រថយន្ត​ក្រុង​ក្នុង​រាជធានី​ភ្នំពេញ (Improvement of Transportation Capacity of Public Bus In Phnom Penh) ដែលមាន​ទឹកប្រាក់​ចំនួន​១៣៩៦​លាន​យ៉េន (​ជិត​១៤​លាន​ដុល្លារ​)​។ 
 
​ហិរញ្ញប្បទាន​ឥត​សំណង​នេះ នឹងត្រូវ​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ និង​កំណត់ហេតុ​នៃ​ការពិភាក្សា រវាង​រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​លោក ឡុង វិ​សា​លោ និង​លោក យូ​ជី គូ​ម៉ា ម៉ា​រុ (Yuji KUMAMARU) ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ម៉ោង​៣ រសៀល ថ្ងៃទី​២៧ កញ្ញា​នេះ​៕

Tag:
 កម្ពុជា​
  ​ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com