ជាតិ
សេដ្ឋកិច្ច
ទូត​ឥណ្ឌូនេស៊ី​៖ ឥណ្ឌូនេស៊ី​អាច​ទិញ​អង្ករ​កម្ពុជា បើ​តម្លៃ​ទាប​ជាង​អង្ករ​ថៃ និង​វៀតណាម​
27, Sep 2016 , 11:15 am        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម (ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី)
រូបភាពពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម (ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី)
ដោយ:
 
​ភ្នំពេញ​៖ ប្រទេស​ឥណ្ឌូនេស៊ី​នឹង​ពិចារណា​ទិញ​អង្ករ​កម្ពុជា បើ​តម្លៃ​អង្ករ​កម្ពុជា​អាច​ប្រកួតប្រជែង​ជាមួយ​អង្ករ​ថៃ និង​វៀតណាម​។ នេះ​បើតាម​ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី ដែល​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្រោយ​ពិធី​សម្ពោធ​ពិព័រណ៍​ពាណិជ្ជកម្ម និង​ទេសចរណ៍​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​២៣​ខែកញ្ញា ។​


​លោក Pitono Purnomo ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា ឲ្យ​ដឹងថា កម្ពុជា និង​ប្រទេស​ឥណ្ឌូនេស៊ី បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​(MOU) សម្រាប់​ការនាំចេញ​អង្ករ​ចំនួន ១​សែន​តោន ប៉ុន្តែ​ការនាំចេញ​នេះ​ជួប​បញ្ហា​តម្លៃ​។ លោក​គូសបញ្ជាក់​ដូច្នេះ​ថា​«​បញ្ហា​គឺ​លើ​រឿង​តម្លៃ ដែល​ស្ថិតក្រោម​ការចរចារ​នៅឡើយ​។ វា​អាស្រ័យ​ពាណិជ្ជករ​កម្ពុជា ថា​ត្រូវធ្វើ​ឲ្យ​តម្លៃ​មាន​ភាព​ប្រកួតប្រជែង​ដូចម្ដេច​នឹង​គូប្រជែង​ថៃ និង​វៀតណាម​»​។ 
 
«​ខ្ញុំ​យល់ថា តម្លៃ​ខ្ពស់​ជាងគេ ក៏ដោយ​សារ​អង្ករ​កម្ពុ​ជាមាន​គុណភាព​ខ្ពស់ ហើយ​ចំណាយ​ច្រើន​លើ​ថ្លៃ​ដឹកជញ្ជូន​ផងដែរ​»​។ នេះ​បើតាម​ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​រូបនេះ ដែល​បញ្ជាក់ថា ឥណ្ឌូនេស៊ី  គឺជា​ប្រទេស​ប្រើប្រាស់​អង្ករ​ដ៏​ធំ​មួយ  ហើយ​ត្រូវការ​នាំចូល​តែ​ប្រភេទ​អង្ករ​គុណភាព​កម្រិត​ធម្មតា​ប៉ុណ្ណោះ​។ លោក​ប្រាប់​យ៉ាងដូច​នេះ​ថា​៖«​យើង​មិន​ត្រូវការ​អង្ករ​គុណភាព​ខ្ពស់ (Premium rice) ទេ​។ ហើយ​ម្យ៉ាង​យើង​នាំចូល​សម្រាប់​ស្តុក គឺ​មានន័យថា ស្ថិរភាព​តម្លៃ​»​។ 
 
​លោក Pitono Purnomo បញ្ជាក់ទៀតថា​៖«​បើ​អង្ករ​កម្ពុជា​មានតម្លៃ​ប្រកួតប្រជែង​ប្រសើរ  ឥណ្ឌូនេស៊ី​នឹង​ពិចារណា​ទិញ​អង្ករ​កម្ពុជា ពីព្រោះ​យើង​បាន​នាំចូល​អង្ករ​ពី​ប្រទេស​ថៃ និង​វៀតណាម​ជាច្រើន​»​។​
​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្ដិ បានប្រកាស​នៅក្នុង​កិច្ចពិភាក្សា​អំពី​ការប្រមូល​ទិញស្រូវ​អង្ករ​សម្រាប់​នាំចេញ នៅ​ថ្ងៃទី​១៦​ខែកញ្ញា ថា ក្រសួង​កំពុងធ្វើការ​ជាមួយ​ភាគី​ឥណ្ឌូនេស៊ី លើ​ការនាំចេញ​អង្ករ​ទៅ​ប្រទេសមួយ​នេះ​។​
 
​លោក ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​(CRF) ថ្លែងថា ថ្លៃដើម​ផលិត​អង្ករ​របស់​កម្ពុជា​ខ្ពស់ ដែល​មិនអាច​ប្រកួតប្រជែង​នឹង​តម្លៃ​អង្ករ​ប្រទេសជិតខាង ប៉ុន្តែ​អង្ករ​កម្ពុ​ជាមាន​គុណភាព​ល្អ​ជាងគេ​។ «​ទាល់តែ​ព្យាយាម​កាត់ថ្លៃ​ដើម​ឲ្យ​អស់​លទ្ធភាព នោះ​ហើយ​យើង​អាចឆ្លើយតប​នឹង​កិច្ចសន្យា​ប្រទេស​ទាំង​ពីរបាន​។ ចំណុច​ទី​២ គេ​អាច​ឲ្យ​យើង​ថ្លៃ​ជាង​អង្ករ​ប្រទេសជិតខាង ព្រោះ​អង្ករ​យើង​ស្ដង់ដារ​ខ្ពស់ជាង​»​។ នេះ​បើតាម​អនុប្រធាន CRF រូបនេះ ដែល​អះអាងថា ការនាំចេញ​អង្ករ​ធម្មតា​ជួប​ការប្រកួតប្រជែង​ខ្ពស់ និង​ទទួលផល​ចំណេញ​តិច ជាង​ការនាំចេញ​អង្ករ​គុណភាព​ខ្ពស់​។​
 
​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​សម្រេចបាន​ទឹកប្រាក់ ៤៥០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៥ ។ ឥណ្ឌូនេស៊ី​នាំ​ចូលមក​កម្ពុជា​ចំនួន ៤៣៥ លាន​ដុល្លារ លើ​ផលិតផល​សម្លៀកបំពាក់ គ្រឿង​បំលាស់ សារធាតុ​គីមី ផលិតផល​វិ​ជ្ជ​សាស្ត្រ និង​ថ្នាំជក់ ខណៈ​កម្ពុជា​នាំចេញ​សម្លៀកបំពាក់ និង​ផលិតផល​បរិភោគ​។ នេះ​បើតាម​របាយការណ៍​ស្ថាន​ទូត​ឥណ្ឌូនេស៊ី​៕

Tag:
 អង្ករ​
  ទូត​ឥណ្ឌូនេស៊ី​
  ហ៊ុន ឡាក់​
© រក្សាសិទ្ធិដោយ thmeythmey.com