អន្តរជាតិ
លោក Duterte បង្ហាញ​ជំហរ​ងាក​ទៅរក​រុស្សី​និង​ចិន​កាន់តែខ្លាំង​
27, Sep 2016 , 2:03 pm        
រូបភាព
​ទំនាក់ទំនង​ការទូត​រវាង​អាមេរិក និង​ហ្វីលីពីន ធ្លាក់ចុះ​ខ្លាំង ក្រោយ​ការរិះគន់​ឥត​សំចៃមាត់​របស់​រដ្ឋាភិបាល​អាមេរិក លើ​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន​នៅ​ហ្វីលីពីន ដែល​សម្លាប់​មនុស្ស​ច្រើនជាង​បី​ពាន់​នាក់​មកហើយ​។ ជាមួយនឹង​ការធ្លាក់ចុះ​នេះ ហ្វីលីពីន ក៏​បង្ហាញ​ជំហរ​ងាក​ចេញពី​អាមេរិក ដែលជា​សម្ព័ន្ធមិត្ត​រាប់សិប​ឆ្នាំ និង​បោះដៃ​ទៅរក​មហាអំណាច​រុស្សី និង​ចិន​ទៅវិញ​។



​បន្ទាប់ពី​ទំនាក់ទំនង​ជាមួយ​អាមេរិក​កាន់តែ​រង្គោះរង្គើ​មក​នោះ ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte កំពុង​កាច់ចង្កូត​នយោបាយ​ការបរទេស​របស់​ហ្វីលីពីន ងាក​ទៅ​មហាអំណាច​ពីរ​ទៀត គឺ​រុស្សី និង​ចិន បើទោះជា​កន្លងមក លោក​ធ្លាប់​អះអាងថា ហ្វីលីពីន​នឹង​អនុវត្ត​គោលនយោបាយ​ការបរទេស​ឯករាជ្យ​ក៏ដោយចុះ​។ យ៉ាងណាក្ដី សម្ព័ន្ធភាព​ថ្មី​នេះ នឹង​ផ្ដោត​តែ​លើ​សេដ្ឋកិច្ច​ប៉ុណ្ណោះ​។

​ក្នុង​សន្និសីទកាសែត​នៅ​ថ្ងៃទី​២៦ ខែកញ្ញា លោក Duterte និយាយថា លោក​បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​រុស្សី លោក ឌី​មី​ទ្រី ម៉េ​ដ​វ៉េ​ដេ​វ (Dmitri Medvedev) ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​អាស៊ាន​ក្នុង​ទីក្រុង​វៀងចន្ទន៍ ដោយ​លោក​បាន​និយាយ​ពី​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​។ លោក Duterte ថា លោក បាន​ប្រា​ប់លោក ម៉េ​ដ​វ៉េ​ដេ​វ ថា ទំនាក់ទំនង​រវាង​ហ្វីលីពីន និង​អាមេរិក នឹង​ឈានដល់​ចំណុច​មិនអាច​បក​ក្រោយ​បាន យ៉ាងហោចណាស់​ក៏​៦​ឆ្នាំ​ដែរ​។

​ក្នុងជំនួប​នៅ​ឡាវ ប្រធានាធិបតី​ហ្វីលីពីន​បញ្ជាក់ថា លោក​ត្រូវការ​រុស្សី​គ្រប់បែបយ៉ាង ទាំង​ពាណិជ្ជកម្ម និង​ការដោះដូរ​ទំនិញ ហើយ​លោក​នឹង​បើកចំហ​ចំពោះ​រឿងនេះ​។ ប៉ុន្តែ​ការដែល​ទំនាក់ទំនង​អាមេរិក និង​ហ្វីលីពីន មកដល់​ចំណុច​មិនអាច​បក​ក្រោយ​បាន មិន​មានន័យថា ហ្វីលីពីន ផ្ដាច់ទំនាក់ទំនង​ជាមួយ​មហាអំណាច​ពិភពលោក​មួយ​នេះឡើយ​។ លោក​ពន្យល់ថា លោក គ្រាន់តែ​បើកចំហ​សម្រាប់​ទទួល​រុស្សី និង​ចិន​ប៉ុណ្ណោះ​។​

​យោងតាម​សារព័ត៌មាន Rappler លោក Duterte បានលើកឡើង​ពី​សន្ធិសញ្ញា​ការពារ​ជាមួយ​អាមេរិក ដែល​លោក​រកឃើញថា មាន​បញ្ហា ព្រោះ​គ្មាន​ការធានា​ណាមួយ​ថា អាមេរិក​នឹង​មកជួយ​ហ្វីលីពីន​ពេល​មាន​សង្គ្រាម​។ លោក​បន្តថា​៖ «​សន្ធិសញ្ញា​គ្រាន់តែ​បញ្ជាក់ថា ការវាយប្រហារ​លើ​ហ្វីលីពីន ជាការ​វាយប្រហារ​លើ​អាមេរិក​។ ប៉ុន្តែ​រដ្ឋធម្មនុញ្ញ​អាមេរិក​ក៏​ចែងថា ប្រធានាធិបតី​អាច​ប្រកាសសង្គ្រាម​ដើម្បី​ជួយ​សម្ព័ន្ធមិត្ត តែ​ត្រូវការ​អនុញ្ញាត​ពី​សភា​ជាមុនសិន​។ ចុះបើ​សភា​មិន​ព្រម ហ្វីលីពីន​នឹង​ទៅជា​យ៉ាងណា​?»

​យ៉ាងណាមិញ ការបើកចំហ​ដាក់​រុស្សី និង​ចិន​ដែល​លោក Duterte លើកឡើង​នោះ នឹង​ផ្ដោត​សំខាន់​លើ​សម្ព័ន្ធភាព​សេដ្ឋកិច្ច មិនមែន​សម្ព័ន្ធមិត្ត​យោធា​ឡើយ​។ លោក បញ្ជាក់​ច្បាស់​ថា ហ្វីលីពីន នឹង​បើកចំហ​សម្រាប់​ការរក​ស៊ី​ពាណិជ្ជកម្ម​ប៉ុណ្ណោះ ហើយ​សម្ព័ន្ធភាព​យោធា នឹង​មិនមាន​ជាដាច់ខាត​។

​បើទោះជា​មិនមាន​សម្ព័ន្ធភាព​យោធា​ក្ដី នៅមុននេះ លោក Duterte ក៏បាន​ណែនាំ​មន្ត្រី​ក្រសួងការពារជាតិ​ហ្វីលីពីន ឲ្យ​សម្លឹងមើល​ទីផ្សារ​អាវុធ​របស់​ចិន និង​រុស្សី ដើម្បី​បង្កើន​ឥទ្ធិពល​របស់​យោធា​ខ្លួន និង​អះអាងថា ក្រុង​ប៉េកាំង​ចង់​ឲ្យ​យន្តហោះ​លោក​ទៀតផង​។ លោក​បញ្ជាក់ដែរថា កិច្ចព្រមព្រៀង​ទិញ​អាវុធ​កំពុង​ស្ថិតក្នុង​ដំណើរការ ហើយ​ការ​សំណើ​លក់​អាវុធ ក៏មាន​ជា​បន្តបន្ទាប់​ដែរ​៕


Tag:
 ហ្វីលីពីន​
  ​រុស្សី​
 ​ អាមេរិក​
 ​ ចិន
© រក្សាសិទ្ធិដោយ thmeythmey.com