អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ហ៊ី​ឡា​រី​៖ មុន​និយាយ​ជាមួយ​ខ្ញុំ​រឿង​«​ខ្វះ​ការ​អត់ធន់​» ដូ​ណា​ល់​ត្រាំ ទៅ​ឲ្យ​បាន ១១២​ប្រទេស​សិន
27, Sep 2016 , 4:51 pm        
រូបភាព
​ក្នុង​ការជជែក​ដេញដោល​គ្នា​លើកដំបូង លោក ដូ​ណា​ល់ ត្រាំ បាន​អះអាងថា លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ជា​មនុស្ស​គ្មាន​ការ​អត់ធន់ ហើយ​បើ​និយាយ​ពីបទ​ពិសោធន៍​វិញ មានតែ​បទពិសោធន៍​អាក្រក់ៗ​ប៉ុណ្ណោះ​។ លោកស្រី​តប​វិញ​ថា ដរាបណា​លោក ដូ​ណា​ល់ ត្រាំ អាចធ្វើ​ដំណើរ​ទៅ​ប្រទេស​ជាង​១០០ និង​បំពេញការងារ​ការទូត​រាប់មិនអស់​សិន ចាំ​ជជែក​រឿង​«​ខ្វះ​ការ​អត់ធន់​»​ជាមួយ​លោកស្រី​។



​ក្នុង​វេទិកា​ជជែក​ដេញដោល​ទល់មុខ​គ្នា​រវាង​បេក្ខជន​ប្រធានាធិបតី លោក ដូ​ណា​ល់ ត្រាំ អះអាងថា លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​មិនមាន​លក្ខណៈ​ជា​ប្រធានាធិបតី​ឡើយ ព្រោះ​លោកស្រី​ខ្វះ​ការ​អត់ធន់ និង ខ្វះ​ការ​អធ្យាស្រ័យ​និង​ទប់​អារម្មណ៍​។ ប៉ុន្តែ​ការលើកឡើង​របស់លោក ត្រូវបាន​លោកស្រី ហ៊ី​ឡា​រី វាយប្រហារ​បក​វិញ​យ៉ាង​ចាស់ដៃ​។​

​ពេល​អ្នកសម្របសម្រួល Lester Holt បាន​លើកឡើងថា លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​តំណាង​ឲ្យ​គណបក្ស​ធំ​ដំបូង​បំផុត តែ​លោក ដូ​ណា​ល់ ត្រាំ ធ្លាប់ រិះគន់ថា លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន មិនមាន​លក្ខណៈសម្បត្តិ​ជា​ប្រធានាធិបតី​ឡើយ​។ ដូច្នេះ​លោក Lester Holt បាន​ចោទ​សួរថា​៖« តើ​លោក​ចង់​មានន័យ​ដូចម្តេច​ដែលថា​លោកស្រី ហ៊ី​ឡា​រី មិន​សក្តិ​សមជា​ប្រធានាធិបតី​?»

​លោក ដូ​ណា​ល់ ត្រាំ ឆ្លើយតប​វិញ​ភ្លាម​ថា​៖«​ខ្ញុំ​ជឿជាក់ថា លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ជា​មនុស្ស​ដែល​គ្មាន​ការ​អត់ធន់​។ ដើម្បី​ក្លាយជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក គេ​ត្រូវតែ​ជា​មនុស្ស​ដែលមាន​ការ​អត់ធន់​ខ្ពស់​»​។

​ភ្លាមៗ​នោះ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​វាយប្រហារ​តប​វិញ​ថា មុន​មក​និយាយ​រឿង​«​ខ្វះ​ការ​អត់ធន់​»​ជាមួយ​លោកស្រី លោក ដូ​ណា​ល់ ត្រាំ ត្រូវធ្វើ​ដំណើរ​ទៅកាន់​ប្រទេស ១១២ ហើយ​អាចមាន​សមត្ថភាព​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​កិច្ចព្រមព្រៀង​ផ្សេងទៀត​បាន​ជោគជ័យ​សិន​។​

​លោកស្រី​បញ្ជាក់​ច្បាស់​ថា​៖ « ដរាបណា​លោក ដូ​ណា​ល់ ត្រាំ អាចធ្វើដំណើរ​ទៅកាន់​ប្រទេស​១១២ ហើយ​ចរចា​កិច្ចព្រមព្រៀង​សន្តិភាព​,​បទ​ឈប់​បាញ់​, ដោះលែង​អ្នកទោសនយោបាយ​, បង្កើត​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ និង​ចំណាយ​ពេលវេលា​១១​ម៉ោង​ផ្តល់​ចម្លើយ​ចំពោះមុខ​គណកម្មកា​រស​ភា​ដូចខ្ញុំហើយ ចាំ​មក​ជជែក​រឿង​ខ្វះ​ការ​អត់ធន់​ជាមួយ​ខ្ញុំ​»​។ 

​មិន​អស់ចិត្ត លោក ដូ​ណា​ល់ ត្រាំ ចាប់ផ្តើម​រិះគន់​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ទៀត​។ និយាយ​ដល់​ការធ្វើដំណើរ​និង​បទពិសោធន៍​ការទូត បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ បាន​រៀបរាប់​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន មាន​បទ​ពិ​សោ​ន៍​មែន​តែ​សុទ្ធតែ​បទពិសោធន៍​អាក្រក់ៗ​។​

«​និយាយ​រឿង​ពិភពលោក ឲ្យ​ខ្ញុំ​និយាយប្រាប់​អស់លោកអ្នក​បន្តិច​។ ហ៊ី​ឡា​រី គ្លី​ន​តុ​ន មានបទពិសោធន៍​ច្រើន​មែន ប៉ុន្តែ​វា​សុទ្ធតែ​បទពិសោធន៍​អាក្រក់ៗ​។ យើង​សម្រេចបាន​កិច្ចព្រមព្រៀង​អាក្រក់ៗ​ជាច្រើន​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ ដូច្នេះ ហ៊ី​ឡា​រី គ្លី​ន​តុ​ន មាន​ទទួលបាន​បទពិសោធន៍​អាក្រក់​ទាំងនោះ​»៕


Tag:
 ហ៊ីឡារី គ្លីនតុន
  ដូណាល់ ត្រាំ
  Debate2016
© រក្សាសិទ្ធិដោយ thmeythmey.com