ជាតិ
សិល្បះ
ជីវិត​ស្នេហា​ដ៏​ជូរចត់​របស់លោក ហុាំង ង៉ោ លាតត្រដាង​ក្នុង​បទ​ចម្រៀង​«​ដូច​ផ្កា​កុលាប​»
05, Oct 2016 , 9:19 am        
រូបភាព
ដោយ:
​វ៉ាស៊ីនតោន​៖ នៅក្នុង​ខ្សែភាពយន្ត​ឯកសារ The Killing Fields of Dr. Haing S. Ngor បទ​ចម្រៀង​មួយ​ដែលមាន​ចំណងជើង​ថា​«​ដូច​ផ្កា​កុលាប​» ត្រូវបាន​និពន្ធ និង​ច្រៀង​ដោយ​អ្នកចម្រៀង​អាមេរិកាំង​ដើមកំណើត​ខ្មែរ ហ៊ុយ បូ​ច័ន្ទ និង​លោក Arlen Hart​។ បទ​ចម្រៀង​នេះ​បាន​ផ្សារភ្ជាប់​ទៅនឹង​ជីវិត​សេ្ន​ហារ​វាង​លោក ហុំ​ា​ង ង៉ោ និង​ភរិយា​របស់លោក ដែល​បាន​ស្លាប់​នៅក្នុង​របប​ខ្មែរក្រហម​។​



​នៅក្នុង​បទសម្ភាសន៍​ជាមួយ VOA អ្នកនាង ហ៊ុយ បូ​ច័ន្ទ បាន​ឲ្យ​ដឹងថា បទ​ចម្រៀង «​ដូច​ផ្កា​កុលាប​» នេះ​ត្រូវបាន​និពន្ធ​សម្រាប់​វ៉ុល​ចម្រៀង​ទី​១​របស់​អ្នកនាង ដែល​ចេញផ្សាយ​កាលពី​ឆ្នាំ​២០១៤​។ ក៏ប៉ុន្តែ ក្រោយពី​បាន​ទស្សនា​ខ្សែភាពយន្ត​ស្តីពី​ជីវិត​របស់លោក ហុំ​ា​ង ង៉ោ ហើយ​និង​បាន​និយាយ​ជាមួយ​អ្នកនិពន្ធ​ខ្សែភាពយន្ត​នោះ​រួចមក បទ​ចម្រៀង​របស់​អ្នកនាង​ត្រូវបាន​ជ្រើស​យកទៅ​បញ្ចូល​នៅក្នុង​ខ្សែភាពយន្ត​នោះ​។​

​អ្នកនាង ហ៊ុយ បូ​ច័ន្ទ បាន​និយាយថា បទ​ចម្រៀង​នេះ​និយាយ​អំពី​ការតស៊ូ​ឡើងវិញ​របស់​មនុស្ស​។​

«​នេះ​គឺ​ប្រៀបបាន​នឹង​រឿងរ៉ាវ ដែល​លោក ហុំ​ា​ង ង៉ោ បាន​ឆ្លងកាត់​។ លោក​បាន​តំណាង​ឲ្យ​ការតស៊ូ​ឡើងវិញ​នេះ​។ ហើយ​លោក​មាន​ប្រវត្តិ​សេ្ន​ហា​ដ៏​អស្ចារ្យ​មួយ​ជាមួយនឹង​ភរិយា​របស់លោក ហើយក៏​ជា​គ្រូពេទ្យ​ដ៏​ល្អ​ម្នាក់​»​។​

​ខ្សែភាពយន្ត The Killing Fields of Dr. Haing S. Ngor ឬ​បក​ប្រែជា​ភាសា​ខ្មែរ​ថា «​វាលពិឃាត វេជ្ជបណ្ឌិត ហុំ​ា​ង ង៉ោ​» ត្រូវបាន​ផលិត​ដោយ​លោក Arthur Dong ហើយ​ត្រូវបាន​ចាក់ផ្សាយ​ជា​សាធារណៈ​តាំងពី​ឆ្នាំ​២០១៥ ដែលមាន​រូបលោក ហុំ​ា​ង ង៉ោ សំដែង​នៅក្នុង​ខ្សែភាពយន្ត​នោះ​ផងដែរ មុនពេល​ដែល​លោក​ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​កាលពី​ឆ្នាំ​១៩៩៦​។​

​លោក ហុំ​ា​ង ង៉ោ គឺជា​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​ខ្មែរ​ដំបូង​គេ​បង្អស់ ដែល​បានទទួល​ពានរង្វាន់ Oscar សម្រាប់​តួនាទី​ជា​តួ​សំដែង​រង​កាលពី​ឆ្នាំ​១៩៨៥ ដែល​លោក​បាន​សំដែង​នៅក្នុង​ខ្សែភាពយន្ត​ឯកសារ​ដ៏​ល្បីល្បាញ​មួយ​ដែលមាន​ចំណងជើង​ថា «​វាលពិឃាត​» ឬ The Killing Fields​។​

​អ្នកនាង ហ៊ុយ បូ​ច័ន្ទ បាន​បកស្រាយ​អត្ថន័យ​នៃ​បទ​ចម្រៀង​«​ដូច​ផ្កា​កុលាប​» ទៅនឹង​ខ្សែជីវិត​របស់លោក ហុំ​ា​ង ង៉ោ ថា​៖ «​នៅពេលដែល​ខ្ញុំ​ច្រៀង​ឃ្លា​មួយ​ថា ស្ងប់ស្ងាត់​ដូច​ទឹកសមុទ្រ តើ​អ្នកដឹង​ទេ ហើយ​ក្លិន​ផ្អែម​ដូច​ផ្កា​កុលាប វា​សំដៅ​ទៅលើ​អារម្មណ៍​ដែលមាន​នៅក្នុង​ចិត្ត​របស់​យើង ដែល​ធ្វើ​ឲ្យ​យើង​ស្ងប់ ក្រោយពេល​ឆ្លង​ផុត​រឿង​សោកសៅ ដូចដែល​លោក ហុំ​ា​ង ង៉ោ បាន​ឆ្លងកាត់​ក្នុងអំឡុង​របប​ខ្មែរក្រហម​»​។​

​អ្នកនិពន្ធ​បទ​ចម្រៀង​អាមេរិកាំង​ដើមកំណើត​ខ្មែរ​រូបនេះ​មាន​កិត្តិយស ដែល​បទ​ចម្រៀង​របស់​អ្នកនាង​ត្រូវបាន​បញ្ចូល​ក្នុង​ខ្សែភាពយន្ត​ស្តីពី​ខ្សែជីវិត​របស់លោក ហុំ​ា​ង ង៉ោ​។​

«​ខ្សែភាពយន្ត​នេះ​រៀបរាប់​ពី​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ ហើយ​បានផ្តល់​មេរៀន​ជីវិត​ដ៏​មាន​ប្រយោជន៍​ដែល​ផ្តោតលើ​ក្តីសង្ឃឹម និង​វប្បធម៌​។ ហើយ​សំខាន់​ជាង​នេះ ខ្សែភាពយន្ត​នេះ​និយាយ​អំពី​បុរស​ម្នាក់ ដែល​បាន​បេ្ត​ជ្ញា​ចិត្ត​តំណាង​ឲ្យ​ខ្មែរ និង​ជាពិសេស​គឺ​តំណាង​ឲ្យ​សិទ្ធិមនុស្ស​ជុំវិញ​ពិភពលោក​»​។​

​អ្នកនាង ហ៊ុយ បូ​ច័ន្ទ បានចាប់ផ្តើម​ច្រៀង​តាំងពី​ខ្លួន​នៅ​ក្មេង ហើយ​ទេពកោសល្យ​របស់​អ្នកនាង​កាន់តែ​ប្រសើរឡើង នៅពេលដែល​អ្នកនាង​ចូល​ច្រៀង​ឲ្យ​ក្រុម​តន្ត្រី​រ៉ុ​ក​ខ្មែរ​របស់​ឪពុក​អ្នកនាង​។ ក៏ប៉ុន្តែ ក្រោយ​ពេលដែល​ឪពុក​របស់​អ្នកនាង​បាន​ស្លាប់​កាលពី​ឆ្នាំ​២០០៦ អ្នកនាង ហ៊ុយ បូ​ច័ន្ទ បាន​ព្យាយាម​តស៊ូ​ឡើងវិញ ហើយ​ពង្រឹង​ទេពកោសល្យ​របស់​អ្នកនាង រហូត​ឈានដល់​និពន្ធ​បទ​ចម្រៀង​ដោយ​ខ្លួនឯង​។​

​ក្នុងនាម​ជា​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​ខ្មែរ អ្នកស្រី ហ៊ុយ បូ​ច័ន្ទ ចាត់ទុក​បទ​ចម្រៀងរ​បស់​អ្នកនាង​ថា បង្ហាញ​ពី​«​បទពិសោធន៍​របស់​ព​ល​រដ្ឋ​អាមេរិកាំង​ដែលមាន​ដើមកំណើត​ពី​ពូជសាសន៍​ផ្សេងៗ​» ជាពិសេស​ខ្មែរ​អាមេរិកាំង ដែល​ពួកគេ​ភាគច្រើន​ព្យាយាម​ស្វែងយល់​ពី​អត្តសញ្ញាណ​ពិតប្រាកដ​របស់ខ្លួន​។​

«​បទ​ចម្រៀង​របស់ខ្ញុំ​ភាគច្រើន​ត្រូវបាន​និពន្ធ​ឡើង ដោយសារ​រឿងរ៉ាវ​តស៊ូ​ជាច្រើន​របស់​បងប្អូន​ព​ល​រដ្ឋ​ខ្មែរ​អាមេរិកាំង​យើង និង​ដំណើរ​ជីវិត​របស់​ពួកយើង​រហូតមកដល់​ពេលនេះ​។ ហើយ​បទ​ចម្រៀង​របស់ខ្ញុំ​ក៏​ព្យាយាម​លើកទឹកចិត្ត​ដល់​យុវជន​ឲ្យ​ស្វែងរក​សំឡេង​របស់ខ្លួន​»​។​

​សម្រាប់​អ្នកនាង ហ៊ុយ បូ​ច័ន្ទ ការនិពន្ធ​បទ​ចម្រៀង​គឺជា​មធ្យោបាយ​មួយ ដែល​អាច​ផ្សារភ្ជាប់​រូបនាង​ទៅកាន់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ដែល​អ្នកនាង​យល់ថា នៅតែ​ស្វែងយល់​ពី​អត្តសញ្ញាណ​របស់ខ្លួន​ជា​ខ្មែរ​អាមេរិកាំង​៕



​សូមចុចទៅប្រភពដើម VOA ត្រង់នេះ

© រក្សាសិទ្ធិដោយ thmeythmey.com