ជាតិ
កើត​សំរាម​ច្រើន​នៅ​ភ្នំពេញ​ជា​កំហុស​នរណា​? នេះ គឺជា​កង្វល់​របស់​អ្នកសារព័ត៌មាន​
06, Oct 2016 , 3:36 pm        
រូបភាព
​ភ្នំពេញ​៖ ប្រធានបទ សំរាម ទឹកលូ បង្គន់ ព្រៃឈើ ខ្សាច់ ត្រូវបាន​និពន្ធ​នាយក​សារព័ត៌មាន​លើកឡើង​ច្រើន​នៅក្នុង​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​ស្តីពី​ការ​គាំពារ​បរិស្ថាន​នៅក្នុង​ប្រទេស​កម្ពុជា និង​តំបន់​ទន្លេមេគង្គ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​ខែតុលា​ឆ្នាំ​២០១៦​នេះ​។ ក្រៅពី​ប្រធានបទ​បរិស្ថាន​ផ្សេងៗ បញ្ហា​សំរាម ត្រូវបាន​អ្នកសារព័ត៌មាន​លើកឡើង​ច្រើន តែ​ទំនងជា​ពិបាក​រក​ដំណោះស្រាយ​។



​បើទោះបីជា​មិន​និយាយ​ចំៗ​ក៏ដោយ ក៏​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​នៅតែមាន​ក្តីបារម្ភ​ជុំវិញ​រឿង​សំរាម និង​រឿង​ទឹកលូ​ដែល​នៅ​បន្ត​រំខាន​អារម្មណ៍​ពលរដ្ឋ​ជាទូទៅ និង​ជាពិសេស នៅ​ទីក្រុង​ភ្នំពេញ​។ ការលើកឡើង​របស់លោក​រដ្ឋមន្ត្រី​បានធ្វើ​ឡើង​នៅក្នុង​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​ស្តីពី​ការ​គាំពា​បរិស្ថាន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​ខែតុលា​ឆ្នាំ​២០១៦ ។ បន្ទាប់ពី​លោក​រដ្ឋមន្ត្រី​បញ្ចប់​បទ​អន្តរាគមន៍​ភ្លាម ប្រធានបទ​រឿង​សំរាម ត្រូវបាន​អ្នកសារព័ត៌មាន​ជជែក​គ្នាច្រើន​។

​តំណាង​សារព័ត៌មាន​ខ្លះ ស្តីបន្ទោស​លើ​ពលរដ្ឋ​ដែល​មិនសូវមាន​ចរិតល្អ ចូលចិត្ត​បោះ​សំរាម​ចោល​គ្មាន​ទិសដៅ​។ អ្នកសារព័ត៌មាន​ខ្លះ ស្តីបន្ទោស​អាជ្ញាធរ​ដែល​មិនអាច​រៀបចំ​កន្លែង​ទុកដាក់​សំរាម​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ទុកដាក់​សំរាម​ឲ្យ​មាន​សណ្តាប់ធ្នាប់​។ អ្នកសារព័ត៌មាន​ខ្លះ​ស្តីបន្ទោស​អ្នក​រើស​អេតចាយ​ចូលចិត្ត​កាយ​កញ្ចប់​សំរាម ឬ​ធុងសំរាម​ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​សំរាម​ធ្លាក់​ចេញពី​ធុង ឬ​កញ្ចប់​។

​អ្នកចូលរួម​ផ្សេងទៀត​ដែល​មកពី​អង្គការក្រៅរដ្ឋាភិបាល បាន​ស្តីបន្ទោស​អាជ្ញាធរ អ្នកប្រមូល និង​ប្រជាពលរដ្ឋ​តែម្តង​ទាក់ទង​ទៅនឹង​រឿង​វត្តមាន​សំរាម​នៅក្នុង​រាជធានី​ភ្នំពេញ​នេះ​។ ក្រៅពី​រឿង​សំរាម អ្នកសារព័ត៌មាន​ផ្សេងទៀត អំពាវនាវ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បង្កើត​បង្គន់​សាធារណៈ​ឲ្យ​បាន​ច្រើន ចៀសវាង​កុំ​ឲ្យ​អ្នកធ្វើដំណើរ​បត់ជើងតូច​ផ្តេសផ្តាស​នៅតាម​ទីសាធារណៈ​នៅក្នុង​ក្រុងភ្នំពេញ​៕


Tag:
 បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com