សង្គមអន្តរជាតិ​
អន្តរជាតិ
សម្លៀកបំពាក់​ពណ៌​ខ្មៅ​កំពុង​ឡើងថ្លៃ ខណៈ​ប្រជាជន​ថៃ​កំពុង​កាន់ទុក្ខ​
16, Oct 2016 , 10:05 am        
រូបភាព
បន្ទាប់ពី​ទទួល​ដំ​ណឺង​នៃ​ការ​សោយ​ទិវង្គត​នៃ​ព្រះ​ចៅ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) និង​ការប្រកាស​កាន់ទុក្ខ​មក​នោះ ប្រជាជន​ថៃ​ជាច្រើន បាន​សម្រុក​ទៅរក​ទិញ​សម្លៀកបំពាក់​ខ្មៅ​សម្រាប់​ការ​កាន់ទុក្ខ ដែល​ធ្វើ​ឲ្យ​សម្លៀកបំពាក់​ពណ៌​ខ្មៅ​អស់ពី​ស្តុក​យ៉ាង​រហ័ស​។ តម្លៃ​ស​ម្លៀ​ល​បំពាក់​ពណ៌​ខ្មៅ ក៏​ឡើងថ្លៃ​ភ្លាមៗ ដោយសារ​តម្រូវ​ការកើនឡើង​នោះ តែ​អាជ្ញាធរ​ថៃ ក៏បាន​ចេញ​វិធានការ​ទប់ស្កាត់​ការ​ឡើងថ្លៃ​ហួសហេតុ​រួចហើយ​ដែរ​។​

 
​ប៉ុន្មាន​ថ្ងៃមុន​មហាក្សត្រ​ថៃ ភូមិបុល អាឌុលយ៉ាដេត ចូល​ទិវង្គត តម្រូវការ​សម្លៀកបំពាក់​ពណ៌​ផ្កាឈូក បាន​កើនឡើង​យ៉ាងខ្លាំង ព្រោះ​ប្រជាជន​ថៃ​នាំគ្នា​ស្លៀក​សម្លៀកបំពាក់​ពណ៌​នេះ ដើម្បី​ថ្វាយព្រះពរ​ដល់​មហាក្សត្រ​ដែ​ល​មាន​ព្រះ​ឈួន​។ នៅពេលនោះ ប្រជាជន​ថៃ មិនបាន​បម្រុង​ទុក​សម្លៀកបំពាក់​ខ្មៅ​ឡើយ ប៉ុន្តែ​ក្រោយ​មហាក្សត្រ​សុគត​នោះ តម្រូវការ​សម្លៀកបំពាក់​ពណ៌​ខ្មៅ កើនឡើង​ខ្លាំង រីឯ​តម្លៃ​ក៏​ឡើង​តាម​នឹង​ដែរ​។​
 
​ការផ្គត់ផ្គង់​មិន​គ្រប់គ្រាន់ និង​ការកើនឡើង​នៃ​តម្រូវការ​នោះ ធ្វើ​ឲ្យ​តម្លៃ​សម្លៀកបំពាក់​ពណ៌​ខ្មៅ​កើនឡើង​យ៉ាង​ឆាប់រហ័ស ដោយសារ​ប្រជាជន​ត្រូវការ​សម្លៀកបំពាក់​ពណ៌​នេះ សម្រាប់​កាន់ទុក្ខ​ព្រះមហាក្សត្រ​។ នៅឯ​ផ្សារ Bobae ក្នុង​ទីក្រុង​បាងកក អាវ​ប៉ូ​ឡូ​ពណ៌​ខ្មៅ​គ្មាន​ម៉ាក ដែល​ធ្លាប់តែ​លក់​ក្នុងតម្លៃ​ចន្លោះ​៨០ ទៅ​១២០​បាត (​ស្មើ​២​ដុល្លារ ទៅ​៣​ដុល្លារ​) នោះ ត្រូវបាន​លក់​ក្នុងតម្លៃ​៣០០​បាត (៨.៥​ដុល្លារ​) រីឯ​អាវ​លាត​ពណ៌​ខ្មៅ​មានតម្លៃ​៤​ដុល្លារ​។​
 
​យោងតាម​សារព័ត៌មាន Channel NewsAsia ក្រសួងពាណិជ្ជកម្ម​ថៃ ក៏បាន​ចេញ​វិធានការ​ទប់ស្កាត់​ការឡើង​ថ្លៃ​ផងដែរ​។ ក្រសួងពាណិជ្ជកម្ម​ថៃ បាន​ណែនាំ​ឲ្យ​សាធារណជន​ដាក់ពាក្យ​បណ្ដឹង ប្រសិនបើ​ពួកគេ​ត្រូវ​ចំណាយ​ច្រើនជាង​២៥០​បាត (​ស្មើ​៧​ដុល្លារ​) សម្រាប់​អាវ​ប៉ូ​ឡូ​ពណ៌​ខ្មៅ​គ្មាន​ម៉ាក​នោះ​។ អ្នកលក់​ណាក៏ដោយ អាច​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​ដល់​ទៅ​៧​ឆ្នាំ ឬក៏​ត្រូវ​ពិន័យ​ជា​ប្រាក់​១៤០០០០​បាត (​ស្មើនឹង​៣៩០០​ដុល្លារ​) ឬក៏​ពិន័យ​ទាំងពីរ សម្រាប់​ការលក់​ដំឡើងថ្លៃ​ហួសហេតុ​នោះ​។​
 
​ប្រភពព័ត៌មាន​ដដែល​បន្តថា កង្វះ​សម្លៀកបំពាក់​ពណ៌​ខ្មៅ នឹងត្រូវ​ដោះស្រាយ​ក្នុងពេល​ខ្លី​ខាងមុខ ខណៈដែល​រោងចក្រ នឹង​បង្កើន​ការផលិត​សម្លៀកបំពាក់​ពណ៌​ខ្មៅ​ឲ្យ​បាន​ច្រើន​ថែមទៀត សម្រាប់​បំពេញតម្រូវការ ដែល​កំពុង​ហក់​ឡើង​ខ្លាំង​។ នេះ​ក៏​ដោយសារតែ​ការ​កាន់ទុក្ខ​ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត នឹងត្រូវ​ធ្វើឡើង​រយៈពេល​យូរ​ទៅទៀត​។​
 
​សូម​រម្លឹកថា ក្រោយ​ការប្រកាស​ព័ត​មាននៃ​ការ​សោយ​ទិវង្គត​មក រាជវាំង​ថៃ​ប្រកាសថា មន្ត្រី​រដ្ឋាភិបាល និង​បុគ្គលិក​ក្រុមហ៊ុន​រដ្ឋ​ទាំងអស់ តម្រូវ​ឲ្យ​ស្លៀក​សម្លៀកបំពាក់​ពណ៌​ខ្មៅ​រយៈពេល​១០០​ថ្ងៃ​។ ហើយ​ទង់ជាតិ​ថៃ ក៏​នឹងត្រូវ​បង្ហូត​ត្រឹម​ពាក់កណ្ដាល​ដង​រយៈពេល​៣០​ថ្ងៃ​នៅ​ទូទាំងប្រទេស​ដែរ​៕  

Tag:
 ​ថៃ​
  Bhumibol Adulyadej
© រក្សាសិទ្ធិដោយ thmeythmey.com