ជាតិ
ខេត្តកោះកុង ព្រះសីហនុ កំពត កែប និង​តាកែវ ប្រឈម​ភ្លៀង​ធ្លាក់​ខ្លាំង​រហូតដល់​ថ្ងៃទី​២៣ ខែតុលា​
18, Oct 2016 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹងថា ខេត្ត​ចំនួន​៥ អាច​នឹង​ប្រឈម​នឹង​ទឹកភ្លៀង​ពី​បង្គួរ​ទៅ​ខ្លាំង ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២៣ ខែតុលា​នេះ ។ នេះ​បើតាម​ការ​ព្យាករ អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។



​ក្រសួង​ធនធានទឹក បាន​បញ្ជាក់ថា​ខេត្ត​ចំនួន​ប្រាំ​ក្នុងចំណោម​រាជធានី​ខេត្ត​ទាំង​២៥ នោះ​រួមមាន​ខេត្ត កោះកុង ខេត្ត​ព្រះសីហនុ ខេត្តកំពត ខេត្ត​កែប និង​ខេត្តតាកែវ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ទឹកភ្លៀង​ពី​បង្គួរ ទៅ​ខ្លាំង​ចាប់ពី​ថ្ងៃទី​១៨ រហូតដល់​ថ្ងៃទី​២៣​ខែតុលា​នេះ​។ 

​ក្រៅពី​ខេត្ត​ទាំង​ប្រាំ​ខាងលើ ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​បញ្ជាក់​បន្ថែមថា ចំពោះ​ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ អាច​នឹងមាន​ភ្លៀង​ធ្លាក់​បង្គួរ​។ ដោយឡែក ចំពោះ​ខេត្តឧត្ដរមានជ័យ បន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិសាត់ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ក្រចេះ កំពង់​ឆ្នាំ និង​ខេត្ត​ប៉ៃលិន  អាច​នឹងមាន​ភ្លៀង​ធ្លាក់​តិចតួច មិនមាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះទេ​។

​គួររម្លឹកថា បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា បានធ្វើ​ឲ្យ​ខេត្ត​មួយចំនួន បាន​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ផងដែរ​។ ក្នុងនោះ​រួមមាន​ខេត្តបាត់ដំបង ខេត្តកំពត និង​ខេត្តកំពង់ស្ពឺ ជាដើម​។  ក្នុងចំណោម​ខេត្ត​ទាំងនេះ ខេត្តកំពង់ស្ពឺ ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ ព្រោះ​ដោយសារ​មានការ​បាក់​ទំនប់​ស្វាយ ដែល​នាំ​ឲ្យ​ពលរដ្ឋ​នៅ​ឃុំ​ជង្រុក កំពុង​រស់នៅ​ជាមួយ​ទឹកជំនន់ ព្រោះ​ទឹកបាន​កាត់ផ្តាច់​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនទៀត ព្រមទាំង​លិច​ផ្ទះ​កម្ពស់​ពី​កន្លះ​ម៉ែត្រ ទៅមួយ​ម៉ែត្រ​ពី​ដី​។  បន្ថែម​ពីនេះ​ក៏មាន​ឃុំ មួយចំនួន​ផ្សេងទៀត​ដូចជា ឃុំ​ព្រៃ​ញាតិ ឃុំ​ទឹកល្អក់ និង​ឃុំ​ស្រង់ ក្នុង​ខេត្តកំពង់ស្ពឺ​នេះ ត្រូវបាន​លិចលង់ បន្ទាប់ពី​បាក់​ទំនប់​ស្វាយ​ដូចគ្នា​៕


Tag:
 អាកាសធាតុ​
  ជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com