អន្តរជាតិ
ប្រជាពលរដ្ឋ​ថៃ​នាំគ្នា​ទិញ​ក្រដាសប្រាក់ ១០០ បាត ដែលមាន​រូប​ព្រះមហាក្សត្រ Bhumibol
21, Oct 2016 , 12:39 pm        
រូបភាព
ប្រជាជន​ថៃ​ប្រមូលផ្ដុំ​គ្នា​នៅ​ទីក្រុង​បាំង​កក​កាលពី​ថ្ងៃទី​១៤ តុលា ២០១៦ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ព្រះមហាក្សត្រ Bhumibol Adulyadej ដែល​បាន​សោយ​ទីវ​ង្គ​ត
ប្រជាជន​ថៃ​ប្រមូលផ្ដុំ​គ្នា​នៅ​ទីក្រុង​បាំង​កក​កាលពី​ថ្ងៃទី​១៤ តុលា ២០១៦ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ព្រះមហាក្សត្រ Bhumibol Adulyadej ដែល​បាន​សោយ​ទីវ​ង្គ​ត
ដោយ: VOA
​ប្រជាពលរដ្ឋ​ថៃ​បាន​ឈរ​តម្រង់​ជួរ​រង់ចាំ​យ៉ាង​អត់ធ្មត់​នៅ​ខាងក្រៅ​ធនាគារ​រដ្ឋ​នានា នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​ដូរ ឬ​ទិញ​ក្រដាសប្រាក់ ១០០ បាត ដែលមាន​រូប​ព្រះមហាក្សត្រ Bhumibol ដើម្បី​ជាការ​រំឭក​ដល់​ព្រះអង្គ ដែល​ទើបនឹង​បាន​សោយ​ទិវង្គត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​។​



​ក្រដាសប្រាក់​នេះ​ត្រូវបាន​បោះពុម្ព​ដោយ​ធនាគារ​ប្រទេស​ថៃ ឲ្យ​សាធារណជន​ទូទៅ​ប្រើប្រាស់​តាំងពី ៥ ឆ្នាំ មុន​ម្ល៉េះ ប៉ុន្តែ​ក្រដាសប្រាក់​នេះ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ឡើងវិញ​ជាថ្មី​ម្ដងទៀត បន្ទាប់ពី​ព្រះមហាក្សត្រ Bhumibol បាន​សោយ​ទិវង្គត​ទៅ​។​

​ប្រជាពលរដ្ឋ​ថៃ បានចាប់ផ្ដើម​តម្រង់​ជួរ​ចាប់​តាំងពីព្រឹក​ព្រលឹម​នៅតាម​ធនាគារ​នានា​នៅ​ទូទាំងប្រទេស​ថៃ ដើម្បី​ទិញ​ក្រដាសប្រាក់ ១០០ បាត​នេះ ដែល​ក្រដាសប្រាក់​នេះ​មានតម្លៃ​ស្មើនឹង ២០០ បាត ឬ​ស្មើនឹង ៥ ដុល្លារ ៧១ សេន​សហរដ្ឋអាមេរិក ដែលជា​តម្លៃ​ពីរដង​នៃ​តម្លៃ​ដើម​របស់​វា​។​

​ក្រដាសប្រាក់ ១០០ បាត​នេះ មាន​រូប​ព្រះមហាក្សត្រ​ធ្វើ​ទស្សនកិច្ច​សួរសុខទុក្ខ​ប្រជានុរាស្ត្រ ដាំ​ស្មៅ និង​លេង​តន្ត្រី​។ រូបនេះ​ត្រូវបាន​បោះពុម្ព​ឡើង​ជាមួយនឹង​ទឹក​ថ្នាំ​ពណ៌​មាស​ភ្លឺៗ ជំនួស​ឲ្យ​ពណ៌​ក្រហម ដែល​គេ​ឃើញ​មាន​នៅលើ​ក្រដាសប្រាក់ ១០០ បាត ធម្មតា​។​

​នាង Surinamon Rakkaew អាយុ ២៤ ឆ្នាំ បាន​និយាយថា​៖ «​ខ្ញុំ​ចង់ទុក​រាល់​ក្រដាសប្រាក់​ទាំងអស់​ដែលមាន​រូប​ព្រះមហាក្សត្រ ពីព្រោះថា នៅ​ថ្ងៃ​ណាមួយ ក្រដាសប្រាក់​ទាំងនេះ​នឹង​បាត់​ជាក់​ជាមិនខាន ដោយហេតុថា យើង​នឹងមាន​ព្រះមហាក្សត្រ​ថ្មី​គ្រប់គ្រង​ប្រទេស​»​។​

​ដោយសារ​តែមាន​តម្រូវការ​ច្រើន យ៉ាងហោចណាស់​មាន​ធនាគារ​មួយ គឺ​ធនាគារ​ប្រាក់​សន្សំ​រដ្ឋាភិបាល (Goverment Savings Bank) ដែលមាន​ស្ដុក​ក្រដាសប្រាក់ ១០០ បាត​នេះ ចំនួន ៩ ម៉ឺន​សន្លឹក បាន​ឲ្យ​ដឹងថា ខ្លួន​នឹង​លក់​ក្រដាសប្រាក់​នេះ​ឲ្យ​អតិថិជន​ម្នាក់ តែ ៥ សន្លឹក​តែប៉ុណ្ណោះ​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com