អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតី​ហ្វីលីពីន ប្រកាស​ផ្តាច់ទំនាក់ទំនង​យោធា​និង​សេដ្ឋកិច្ច​ជាមួយ​អាមេរិក​ជា​ផ្លូវការ​
20, Oct 2016 , 6:12 pm        
រូបភាព
ដោយ:
លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ នៅ​ល្ងាច​ថ្ងៃទី​២០ ខែតុលា​នេះ ប្រកាស​ផ្តាច់ទំនាក់ទំនង​ជា​ផ្លូវការ​ពី​អាមេរិក​លើ​វិស័យ​យោធា និង​សេដ្ឋកិច្ច​។ សេចក្តីថ្លែងការណ៍​នេះ ត្រូវបាន​ធ្វើឡើង​ខណៈពេល​ដែល​កំពុងតែ​បំពេញ​ទស្សនកិច្ច​រយៈពេល​បួន​ថ្ងៃ​នៅក្នុង​ក្រុង​ប៉េកាំង​នៃ​ប្រទេស​ចិន​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ហ្វីលីពីន inquirer.net​។​



​ថ្លែង​មុនពេល​នៃ​ការចាប់ផ្តើម​វេទិកា​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ហ្វីលីពីន​-​ចិន លោក​ប្រធានាធិបតី​ហ្វីលីពីន  បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ សូម​ប្រកាស​ពី​ការចាកចេញ​ពី​សហរដ្ឋ​អាមេរិក​ទាំង​លើ​វិស័យ​យោធា និង​សេដ្ឋកិច្ច​...»​។

​លោក​ប្រធានាធិបតី​រូបនោះ ថែមទាំង​បន្ថែមថា លោក ជឿជាក់​លើ​លំហូរ​នៃ​មនោគមន៍​របស់​ចិន ហើយ លោក នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​រុស្ស៊ី​ដើម្បី​ជជែក​ជាមួយនឹង​លោក ពូ​ទីន​ផងដែរ​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ « នឹងមាន​ប្រទេស​គឺ ចិន រុស្ស៊ី និង​ហ្វីលីពីន​ប្រឆាំងនឹង​ពិភពលោក​»​។​

​សូម​ជម្រាប​ផងដែរ​ថា លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ កំពុងតែ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ជា​លើកដំបូង​នៅក្នុង​ទីក្រុង​ប៉េកាំង​នៃ​ប្រទេស​ចិន​តប​តាម​ការអញ្ជើញ​របស់លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង​។ អ្វី​គួរកត់សម្គាល់​នោះ មុនពេល​នៃ​ការប្រកាស​ផ្តាច់ទំនាក់ទំនង​យោធា និង​សេដ្ឋកិច្ច​ជាមួយនឹង​អាមេរិក ប្រធានាធិបតី​ហ្វីលីពីន ក៏បាន​ជួបពិភាក្សា​ជាមួយនឹង​ប្រធានាធិបតី​ចិន លើ​កិច្ចសហប្រតិបត្តិការ​ទូ​លំ​ទូលាយ ដែល​ភាគច្រើន​ផ្តោត​សំខាន់​លើ​ផលប្រយោជន៍​សេដ្ឋកិច្ច​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com