ជាតិ
​​​ន​យោ​បាយ​ជាតិ​
​មេធាវី​ថា តុលាការ មិនគួរ​កោះហៅ ឯកឧត្តម សម រង្ស៊ី ដោយ​ប្រញាប់ប្រញាល់​នោះទេ​
21, Oct 2016 , 11:04 am        
រូបភាព
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៦​នេះ គឺជា​កាលបរិច្ឆេទ ដែល​តុលាការ តម្រូវ​ឲ្យ​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូល​បំភ្លឺ ក្នុងករណី​ថ្មី​មួយ​ផ្សេងទៀត​។ យ៉ាងណា ឯកឧត្តម សម រង្ស៊ី មិនអាច​ចូលទៅ​កាន់​តុលាការ តាម​ដីកា​នោះទេ ដោយសារតែ​មេបក្ស​ប្រឆាំង​រូបនេះ កំពុង​រស់​នៅឯ​បរទេស​។



​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កោះហៅ ឯកឧត្តម សម រង្ស៊ី ឲ្យ​ចូលទៅ​បំភ្លឺ​ពី​ដំណើ​រឿង «​ញុះញង់ បង្កចលាចល ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​»​។ នេះ​ជា​រឿងក្តី​មួយ​ផ្សេងទៀត ដែល​ព្រះរាជអាជ្ញា​ទើបតែ​ចាប់ផ្តើម​ស៊ើបអង្កេត លើ​ឯកឧត្តម សម រង្ស៊ី​។

​លោក សំ សុ​គង់ មេធាវី​របស់​ឯកឧត្តម សម រង្ស៊ី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា ព្រះរាជអាជ្ញា ពឹង​ផ្អែកលើ​របាយការណ៍​ពី​សមត្ថកិច្ច ក្នុងការ​ស៊ើបអង្កេត​ក្នុង​រឿងក្តី​ខាងលើ​។ លោក សំ សុ​គង់ បន្តថា អង្គហេតុ ដែល​សមត្ថកិច្ច បញ្ជូនទៅ​ព្រះរាជអាជ្ញា គឺ​ទាក់ទង​នឹង​សារ​នយោបាយ​របស់​ឯក​ឧ​ត្ត​ម សម រង្ស៊ី ដែល​បាន​ថ្លែង​នៅក្នុង​វត្ត​ខ្មែរ​មួយ ក្នុងប្រទេស​បារាំង កាលពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៦​។

​យ៉ាងណាក៏ដោយ លោក សំ សុ​គង់ សូម​មិន​បញ្ជាក់​ពី​ភាសា​នយោបាយ​របស់​ឯក​ឧ​ត្ត​ម សម រង្ស៊ី ត្រង់ចំណុច​ណាមួយ ដែល​បណ្តាល​ឲ្យ​ព្រះរាជអាជ្ញា ចាប់ផ្តើម​ស៊ើបអង្កេត​នោះទេ​។ លោក គ្រាន់តែ​បង្ហើប​ថា សារ​នយោបាយ ដែល​ឯកឧត្តម សម រង្ស៊ី ថ្លែង​នៅ​ប្រទេស​បារាំង​នេះឯង ដែល​ព្រះរាជ​អា​ជ្ញ យក​ធ្វើជា​មូលដ្ឋាន​ក្នុងការ​ស៊ើបអង្កេត​។

«​ខ្ញុំ​មិន​និយាយ​ទេ​ថា សម្តី​របស់គាត់ (​ឯកឧត្តម សម រង្ស៊ី​) ត្រង់ណា ដែល​ធ្វើ​ឲ្យ​ព្រះរាជអាជ្ញា​ចាប់ផ្តើម ស៊ើបអង្កេត នោះទេ​។ ខ្ញុំ​មិនអាច​និយាយ​ពេលនេះ​បានទេ ព្រោះ​ជា​ដំណាក់កាល​នៃ​ការស៊ើបអង្កេត ដូច្នេះ​បើ​ខ្ញុំ​និយាយ​ទៅ នឹង​ប៉ះពាល់ ដល់​ការស៊ើបអង្កេត​។ នេះ​ជាការ​ពន្យល់​របស់ លោក សំ សុ​គង់​។

​លោក​មេធាវី​ខាងលើ ហាក់ដូចជា​ហួសចិត្ត នៅពេលដែល​ព្រះរាជអាជ្ញា កោះហៅ​ឯកឧត្តម សម រង្ស៊ី យ៉ាង​ប្រញាប់ប្រញាល់​បែបនេះ​។ លោក បញ្ជាក់ថា ព្រះរាជអាជ្ញា ក៏​ដឹង​យ៉ាងច្បាស់​ដែរ ថា​ឯកឧត្តម សម រង្ស៊ី កំពុង​រស់​នៅឯ​បរទេស ដោយ​មិនអាច​ចូលទៅ​បំភ្លឺ​តាម​ការកោះហៅ​ក្នុង​កាលៈទេសៈ នេះ​ទេ​។

​សូមបញ្ជាក់ថា ឯកឧត្តម សម រង្ស៊ី កំពុង​រង​បណ្តឹង​ជាច្រើន ពី​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ មេដឹកនាំ​បក្ស​កាន់អំណាច ដែល​បាន​ប្តឹង​ឯកឧត្តម សម រង្ស៊ី មានដូចជា សម្តេច ហ៊ុន សែន សម្តេច ហេង សំរិន និង​លោក ហោ ណាំហុង ជាដើម​។ ចំពោះ​បណ្តឹង ដែល​ប្តឹង​ដោយ​លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រី​នៃ​ក្រសួងការបរទេស ត្រូវបាន​តុលាការ កាត់ទោស​រួចទៅហើយ ដោយ​ឲ្យ​ឯកឧត្តម សម រង្ស៊ី ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​»៕


Tag:
 សម រង្ស៊ី​
  តុលាការ​
  មេធាវី​
© រក្សាសិទ្ធិដោយ thmeythmey.com