ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ខាត​ប្រមាណ​២៤​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដោយសារ​ការ​បំបៅ​ដោះ​កូន​មិនបាន​ពេញលេញ​
22, Oct 2016 , 10:14 am        
រូបភាព
ដោយ: ថ្មីៗ
​ការវិភាគ​ថ្មីៗ​ពី​អង្គការ​យូ​នី​សេ​ហ្វ និង​អង្គការ​ស្បៀងអាហារ​ពិភពលោក បង្ហាញថា កម្ពុជា​ខាតបង់​ថវិកា​ប្រមាណ​២៤​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដោយសារ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​មិនបាន​ពេញលេញ​។



​ការប្រើប្រាស់​ផលិតផល​ជំនួស​ទឹកដោះ​ម្ដាយ (​ម្សៅ​ទឹកដោះ​សិប្បនិម្មិត​) ដែលមាន​អាហារូបត្ថម្ភ​ទាប​ជាង​ទឹកដោះ​ម្ដាយ ដល់​កុមារ​ក្រោម​អាយុ​២​ឆ្នាំ មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស គឺ​ជិត​ទ្វេដង ក្នុង​ចន្លោះ​ឆ្នាំ​២០០០-២០១០ ។ ការស្រាវជ្រាវ បាន​ឲ្យ​ដឹង​ទៀតថា ៤៣ ភាគរយ​នៃ​ម្ដាយ​នៅ​ភ្នំពេញ បាន​បំបៅ​ទឹកដោះ​សិប្បនិម្មិត ដល់​ទារក អាយុ​០ ដល់​៦​ខែ​។

​ការប្រើប្រាស់​អាហារូបត្ថម្ភ​មិន​ត្រឹមត្រូវ ដល់​ទារក​-​កុមារ និង​ការប្រើប្រាស់​ម្សៅ​ទឹកដោះគោ​សិប្បនិម្មិត ដោយ​មិនបាន​បំបៅកូន​ដោយ​ទឹក​ម្ដាយ​តែមួយ​មុខ​គត់ របស់​ម្ដាយ​មួយចំនួនធំ បានធ្វើ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​ដល់​ទារក​-​កុមារ​។

​ថ្លែង​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​អ្នកសារព័ត៌មាន ស្ដីពី​ការចិញ្ចឹម​ទារក​និង​កុមារ អនុក្រឹត្យ​លេខ​១៣៣ និង​ការធ្វើការ​រាយការណ៍​ប្រកបដោយ​ប្រសិទ្ធភាព កាលពី​ថ្ងៃទី​២០ តុលា លោក Keith Porter នាយក​ប្រតិបត្តិ​អង្គការ ហេឡែន ខេ​ល​ល័​រ​អន្តរជាតិ បាន​លើកឡើងថា​៖ «​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​ភ្លាម អំឡុង​ម៉ោង​ដំបូង​បន្ទាប់ពី​សម្រាល​រួច អាច​ទប់ស្កាត់ អត្រា​មរណភាព​ទារក​បាន​ប្រហែល​២០​ភាគរយ​។ លោក Keith Porter បាន​បន្ថែមថា កុមារ​ដែល​បានទទួល​ការ​បំបៅ​ដោយ​ទឹកដោះ​ម្ដាយ​តែមួយ​មុខ​គត់​រយៈពេល​៦​ខែ​ដំបូង អាច​កាត់បន្ថយ​ជំងឺរាក​រូ​សវ​បាន ១១​ដង និង​ជំងឺ​រលាក​សួត​បាន ១៥​ដង បើ​ធៀប​នឹង​កុមារ​មិនបាន​ទទួល​ការ​បំបៅ​ដោយ​ទឹកដោះ​ម្ដាយ​។ ចំណែក​ការបន្ត​បំបៅកូន​ដោយ​ទឹកដោះ​រហូតដល់​២​ឆ្នាំ ឬ​លើសពីនេះ អាច​ទទួលបាន​ការលូតលាស់ និង​បង្កើន​សតិបញ្ញា​ស្មារតី​។​

​ជាមួយគ្នា​នោះ លោកស្រី​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណ​នារី  នាយករង​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក នៃ​ក្រសួងសុខាភិបាល បាន​លើកឡើងថា ការ​បំបៅកូន​ដោយ​ទឹកដោះ​សិប្បនិម្មិត​អាចធ្វើ​ឲ្យ​ទារក និង​កុមារ ប្រឈម​ទៅនឹង​ជំងឺ​ជាច្រើន ដូចជា ជំងឺ​ទឹកនោមផ្អែម លើសឈាម  រលាក​ពោះវៀន រលាក​ស្រោមខួរ រលាក​ផ្លូវដង្ហើម​ស្រួចស្រាវ និង​ជំងឺ​កង្វះ​កាល់ស្យូម​។ លោកស្រី​វេជ្ជបណ្ឌិត បាន​បញ្ជាក់ថា ចំពោះ​ម្ដាយ​ដែល​បាន​បំបៅកូន​ដោយ​ទឹកដោះ អាច​កាត់បន្ថយ​នៃ​ការកើត​ជំងឺមហារីក​សុដន់ និង​មហារីក​ដៃ​ស្បូន​ផងដែរ​។​

​ក្នុងអំឡុង​ឆ្នាំ ២០០០  មាន​ទារក​អាយុ​ពី​០ ដល់​៦​ខែ តែ​១១ ភាគរយ​ប៉ុណ្ណោះ ដែល​បាន​បំបៅ​ដោយ​ទឹក​ម្ដាយ​តែមួយគត់​។ នៅ​ឆ្នាំ​២០០៥ បាន​កើន​ឡើងដល់​៦០​ភាគរយ និង​កើន​ឡើងដល់​៧៤​ភាគរយ នៅ​ឆ្នាំ​២០១០ ។ ប៉ុន្តែ​ដល់​ឆ្នាំ​២០១៤ អត្រា​នៃ​ការ​បំបៅ​ដោយ​ទឹក​ម្ដាយ​តែមួយគត់ បាន​ធ្លាក់​ចុះមក​ត្រឹម ៦៥ ភាគរយ ជំនួស​ដោយ​ការ​បំបៅកូន​ដោយ​ទឹកដោះ​សិប្បនិម្មិត​៕


Tag:
 ការ​បំបៅ​ដោះ​កូន
© រក្សាសិទ្ធិដោយ thmeythmey.com