បទយកការណ៍ / បទសម្ភាសន៍
កិច្ចព្រមព្រៀង​ក្រុងប៉ារីស បាន​បង្កើត​រដ្ឋ​អធិបតេយ្យ កម្ពុជា
23, Oct 2016 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ថ្ងៃទី​២៣ តុលា ឆ្នាំ​២០១៦ គឺជា​ខួប​លើក​ទី​២៥ នៃ​កិច្ចព្រមព្រៀង​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​។ សន្ធិសញ្ញា​ដែលមាន​ហត្ថលេខី​ចំនួន​១៨​ប្រទេស គឺជា​មូលដ្ឋាន​សំខាន់​នៃ​ការបង្កើត​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ជំរុញ​ឲ្យ​កម្ពុជា​ក្លាយជា​សមាជិក​របស់​ស្ថាប័ន​អន្តរជាតិ​ធំៗ ព្រមទាំង​លើកស្ទួយ​សេដ្ឋកិច្ចកម្ពុជា​តាមរយៈ​ជំនួយ​អន្តរជាតិ​ផងដែរ​។ លោក ដៀប សុផល សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ និង​ទំនាក់ទំនង​អន្តរជាតិ បាន​ថ្លែងថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅតែមាន​តម្លៃ​សម្រាប់​កម្ពុជា​។



​សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន របស់​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ ជាមួយ លោក​សាស្ត្រាចារ្យ ដៀប សុផល ដូចតទៅ​៖     




​លោក រ៉ឹ​ម ភា​រី​៖ ជំរាបសួ​រលោក​សា​ស្រា្ត​ចា​រ្យ ដៀប សុផល​។ នៅ​ថ្ងៃទី​២៣ តុលា ឆ្នាំ​២០១៦ គឺ​ខួប​លើក​ទី​២៥​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ ជាបឋម​នេះ សូម​លោក​សាស្ត្រាចារ្យ​ពន្យល់​ពី​ដំណើរ​ដើមទង មុន​កម្ពុ​ជាមាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។  

លោក ដៀប សុផល​៖ ការសម្រេចបាន​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស គឺមាន​ការខិតខំ​ពី​ភាគី​ខ្មែរ​ផង និង​ភាគី​អន្តរជាតិ​ផង​។ សម្រាប់​ភាគី​ខ្មែរ យើង​ត្រូវ​ដឹងថា នៅ​ថ្ងៃទី​០៧ មករា ឆ្នាំ​១៩៧៩ កងទ័ព​វៀតណាម និង​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បាន​ផ្តួល​រម្លំ​កងទ័ព​ខ្មែរក្រហម​។ ខ្ញុំ​សូមបញ្ជាក់ថា បើសិន​គ្មាន​កម្លាំង​ទ័ព​វៀតណាម​នោះទេ កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា មិនអាច​ឈ្នះ​ខ្មែរក្រហម​បានទេ ព្រោះ​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុ​ជាមាន​ទ័ព​តិច​ណាស់​។ ក្រោយពេល​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា វៀតណាម​បាន​កាន់កាប់​កម្ពុជា ខណៈ​នៅ​អង្គការសហប្រជាជាតិ​មានការ​បោះឆ្នោត​មួយ សម្រេច​មិន​ទទួលស្គាល់​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​ទាមទារ​ឲ្យ​កងទ័ព​វៀតណាម​ដកចេញ​ពី​កម្ពុជា​។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បាន​ខិតខំ​ពង្រឹង​កងទ័ព​បន្តិច​ម្តងៗ​។ រីឯ កងទ័ព​ត្រីភាគី ដែល​រួមមាន​៖ ភាគី​របស់ សម្តេច នរោត្តម​សីហនុ ភាគី​ខ្មែរក្រហម និង​ភាគី​លោកតា​ស៊ឺន​សាន បាន​បង្កើតជា​កម្លាំង​ទ័ព​រួមគ្នា ដើម្បី​ច្បាំង​ប្រឆាំង​កងទ័ព​វៀតណាម​នៅ​កម្ពុជា និង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​។  បន្ទាប់មក នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៨៧ សម្តេច​នរោត្តម សីហនុ និង​សម្តេច ហ៊ុន សែន បាន​ជួបគ្នា​នៅ​ប្រទេស​បារាំង ដើម្បី​ធ្វើ​សេចក្តីប្រកាស​រួមមួយ ដែលមាន​អត្ថន័យ​ថា​៖«​បញ្ហា​ខ្មែរ គឺ​ខ្មែរ​ត្រូវ​ដោះស្រាយ​ដោយ​ខ្លួនឯង និង​សន្តិវិធី​»​។ ទាំងនេះ គឺជា​គោលការណ៍​មួយ​នៃ​នយោបាយ​បង្រួបបង្រួម​ជាតិ​។ ម្យ៉ាងវិញទៀត អន្តរជាតិ ដែលមាន​ប្រទេស​ជាច្រើន បានទាមទារ​ឲ្យ​វៀតណាម​ដក​កងទ័ព​ចេញពី​កម្ពុជា​។ ទីបំផុត វៀតណាម​ក៏​យល់ព្រម​ដកទ័ព​។ 

លោក រ៉ឹ​ម ភា​រី​៖ ហេតុអ្វី​បានជា​វៀតណាម​យល់ព្រម​ដក​កងទ័ព​?  

​លោក ដៀប សុផល​៖ សហភាពសូវៀត ដែលជា​អ្នក​គាំពារ​វៀតណាម ដើម្បី​វាយ​រំលំ​ខ្មែរក្រហម និង​ធានា​ចិញ្ចឹម​កងទ័ព​វៀតណាម​ដែល​ឈរជើង​លើ​ទឹកដី​កម្ពុជា បាន​ជួប​មហា​វិបត្តិ​សេដ្ឋកិច្ច​។ ពេលនោះ សូ​វៀតបាន​ផ្តាច់ជំនួយ​កងទ័ព​វៀតណាម ខណៈ​ប្រទេស​លោកខាងលិច​ព្រមាន​បិទ​សេដ្ឋកិច្ច និង​ទំនាក់ទំនង​ជាមួយ​វៀតណាម​។ ដូច្នេះ វៀតណាម បាន​យល់ព្រម​ដកទ័ព ដើម្បី​ចាប់យក​ទំនាក់ទំនង​អន្តរជាតិ ជាពិសេស​លោកខាងលិច ដើម្បី​ស្តា​សេដ្ឋកិច្ច​របស់ខ្លួន​។  នៅពេល​វៀតណាម បាន​ដក​កងទ័ព កម្ពុជា​នៅតែមាន​សង្គ្រាម​រវាង​ក​ង​ទ័ព​ត្រីភាគី និង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ប៉ុន្តែ សង្គ្រាម​មិន​ចាញ់​មិន​ឈ្នះ ទើប​ឈានទៅរក​ការចរចា​រវាង​ខ្មែរ និង​ខ្មែរ ។ ប៉ុន្តែ បើសិន​គ្មាន​ការគាំទ្រ​ពី​អន្តរជាតិ​ជាតិ​នោះទេ ការចរចា​ក៏​ពិបាក​ដែរ ជាពិសេស​អង្គការសហប្រជាជាតិ​។ អង្គការសហប្រជាជាតិ បាន​សន្យាថា​ជួយ​ស្តា​មុខមាត់ និង​សេដ្ឋកិច្ចកម្ពុជា ឲ្យ​មាន​ស្ថិរភាព​ឡើងវិញ​។ ការចាប់អារម្មណ៍ លើ​ជំនួយ​ពី​អង្គការសហប្រជាជាតិ ទើប​ភាគី​ទាំង​បួន បាន​ចុះហត្ថលេខា​បញ្ចប់សង្គ្រាម​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នា​ថ្ងៃទី​២៣ តុលា ឆ្នាំ​១៩៩១​។  

​លោក រ៉ឹ​ម ភា​រី​៖ តើ​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មាន​គោលការណ៍​សំខាន់ៗ​អ្វីខ្លះ​?

លោក ដៀប សុផល​៖ ចំណុច​សំខាន់ គឺមាន​នៅលើ​ចំណងជើង​នៃ​កិច្ច​ព្រម​ព្រៀម​ទីក្រុង​សន្តិភាព​ប៉ារីស គឺមាន​គោលដៅ​ធ្វើ​ឲ្យ​កម្ពុ​ជាមាន​សន្តិភាព​។ គោលការណ៍​មួយ គឺ​ការបង្កើត​រដ្ឋាភិបាល​ថ្មី ដោយ​ឈរលើ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ ចំណែក គោលការណ៍​លម្អិត​មួយចំនួនទៀត ដូចជា ការវិល​ត្រឡប់មកវិញ របស់​ជនភៀសខ្លួន​ខ្មែរ​រាប់សែន​នៅ​ព្រំដែន​កម្ពុជា​-​ថៃ​…​។  
លោក រ៉ឹ​ម ភា​រី​៖ បច្ចុប្បន្ននេះ តើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​បន្ត​សុពលភាព ឬក៏​បាន​ស្លាប់​ក្រោយ​កម្ពុជា​បាន​បង្កើត​រដ្ឋធម្មនុញ្ញ​នៅ​ឆ្នាំ​១៩៩៣? 

​លោក ដៀប សុផល​៖ សម្រាប់​ទស្សនៈ​របស់ខ្ញុំ ខ្ញុំ​ឈរ​កណ្តាល​។ គេ​ថា ស្លាប់ គឺ​វា​មិនទាន់ ស្លាប់​ទេ ព្រោះ សន្ធិសញ្ញា​នេះ ធ្វើ​ឲ្យ​យើង​អាច​បន្ត​បង្កើត​រដ្ឋ​ធម្ម​នុ​ញ្ញា​ដែលជា​ច្បាប់កំពូល​នៅ​ឆ្នាំ​១៩៩៣ ដែល​យើង​កំពុង​អនុវត្តន៍​មកដល់​សព្វថ្ងៃនេះ​។ លើសពីនេះ សន្ធិសញ្ញា​នេះ ធ្វើ​ឲ្យ​កម្ពុជា​បាន​បង្កើត​រដ្ឋ​អធិបតេយ្យភាព​មួយ ដែល​អាច​ទៅ​ចុះហត្ថលេខា​នៅ​អង្គការសហប្រជាជាតិ ដើម្បី​ក្លាយជា​ប្រទេស​ហត្ថលេខី​ទទួលស្គាល់​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិមនុស្ស និង​ច្បាប់​អន្តរជាតិ​ផ្សេងទៀត ដែល​យើង​ប្រកាន់យក នេះ​ទីមួយ​។ ទី​ពីរ គេ​ថា មាន​សុពលភាព តើ​បាន​ន័យ​ដូចម្តេច​? យើង​យក​គោលការណ៍​នៃ​ទីក្រុង​ប៉ារីស យកមកប្រើ​មាត្រា​ទី​ប៉ុន្មានៗ ខ្ញុំ​ថា វា​ហាក់ដូចជា​មិនមាន​ផលប្រយោជន៍​អី​ទេ​។ បើ​យើង​និយាយ​ពី​លទ្ធិប្រជាធិបតេយ្យ យើង​មិនបាច់​ប្រើ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​នោះទេ យើង​ក្លាយជា​រដ្ឋ​អធិបតេយ្យភាព​មួយ ដែល​បាន​ចុះហត្ថលេខា និង​ទទួល​សេចក្តីប្រកាស​សន្ធិសញ្ញា​ស្តីពី​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​របស់​អង្គការសហប្រជាជាតិ​។ យើង​ឃើញ​ហើយ គេ​ដាក់​តំណាង​របស់​អង្គការសហប្រជាជាតិ​តាមដាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា គឺ​ដោយ​យើង​ជា​ប្រទេស​ហត្ថលេខី មិនមែន​ដោយសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នោះទេ​។

​លោក រ៉ឹ​ម ភា​រី​៖ តើ​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​អ្វីខ្លះ ដែល​នៅ​បន្ត​រហូតមកដល់​បច្ចុប្បន្ន ហើយ​កម្ពុជា​ត្រូវ​អនុវត្តន៍​?

លោក ដៀប សុផល​៖ Ok! លទ្ធិប្រជាធិបតេយ្យ ដែល​មានចែង​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣​។ ក្រែង​ច្បាប់រដ្ឋធម្មនុញ្ញ​អនុម័ត​ឡើង ដោយ​ឈរលើ​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ ដូច្នេះ រដ្ឋធម្មនុញ្ញ​នេះ វា​បាន​បន្ត​រួចទៅហើយ​៕      


Tag:
 ដៀប សុផល​
  ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស
© រក្សាសិទ្ធិដោយ thmeythmey.com