បទយកការណ៍ / បទសម្ភាសន៍
លោក​ឌុយ​ម៉ុង​៖ ព្រះបាទ​សីហនុ​ផ្តល់​អាទិភាព​លើ​បូរណភាព អធិបតេយ្យភាព និង​សិទ្ធិមនុស្ស​
23, Oct 2016 , 10:18 am        
រូបភាព
ដោយ:
​ប៉ារីស​៖ ព្រះបាទ នរោត្តម សីហនុ គឺជា​តួអង្គ​ដ៏​សំខាន់​ជាងគេ​បំផុត​មួយ​នៅក្នុង​ការចរចា​សន្តិភាព​ដើម្បី​បញ្ចប់សង្គ្រាម​បង្ហូរឈាម​រវាង​ខ្មែរ​និង​ខ្មែរ ហើយ​ឈានទៅដល់​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១​។ នៅ​ខួប​លើក​ទី​២៥​នៃ​ការចុះហត្ថលេខា​នេះ លោក អ៊ីវ ឌុយ​ម៉ុង (Yves Dumont) អតីត​ប្អូនថ្លៃ​របស់​ព្រះបាទ​នរោត្តម សីហនុ បាន​យល់ព្រម​ផ្តល់​បទសម្ភាសន៍​ដល់​លោក​ម៉ែន គឹម​សេង នៃ VOA នៅ​គេហដ្ឋាន​របស់លោក​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​។ ខាងក្រោម​នេះ​ជា​ខ្លឹមសារ​នៃ​បទសម្ភាសន៍​នេះ​ទាំងស្រុង​។​



​នៅ​ខួប​លើក​ទី​២៥​នៃ​ការចុះហត្ថលេខា​នេះ លោក អ៊ីវ ឌុយ​ម៉ុង (Yves Dumont) អតីត​ប្អូនថ្លៃ​របស់​ព្រះបាទ​នរោត្តម សីហនុ បាន​យល់ព្រម​ផ្តល់​បទសម្ភាសន៍​ដល់​លោក​ម៉ែន គឹម​សេង នៃ VOA នៅ​គេហដ្ឋាន​របស់លោក​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​។​

VOA៖ សូម​ជម្រាបសួរ​លោក ឌុយ​ម៉ុង​!

​លោក ឌុយ​ម៉ុង​៖ សូម​ជម្រាបសួរ​!

VOA៖ សូម​អរគុណ​ដែល​បាន​អនុញ្ញាតឱ្យ VOA មក​សម្ភាស​។ តើ​លោក​អាច​បញ្ជាក់​បានទេ​ថា ហេតុអ្វី​បានជា​លោក​មាន​ជាប់​ពាក់ព័ន្ធ​តាមដាន​កិច្ចការ​នយោបាយ​ក្នុងប្រទេស​កម្ពុជា​?

​លោក ឌុយ​ម៉ុង​៖ ដំបូង​ដោយសារ​ខ្ញុំ​បាន​ជួប​ស្ត្រី​ម្នាក់ ហើយ​ខ្ញុំ​ក៏បាន​បាក់ចិត្ត​ស្រឡាញ់​។ នៅពេល​ក្រោយមក​ទើប​ខ្ញុំ​ដឹងថា គាត់​ជា​ព្រះអនុជ​របស់​ព្រះបាទ​សីហនុ​។ នៅពេលនោះ គឺ​ក្នុង​ឆ្នាំ​១៩៧៨​។ ខ្ញុំ​បាន​រៀបការ​នឹង​ភរិយា​របស់ខ្ញុំ​ដែលជា​បុត្រី​របស់​សម្តេចព្រះ​នរោត្តម​សុរាម្រិត ដូច​ព្រះបាទ​សីហនុ​ដែរ​។ គាត់​គឺជា​ជនភៀសខ្លួន​នៅ​ប្រទេស​បារាំង ហើយ​មកដល់​ឆ្នាំ​១៩៧៨ គ្មាន​អ្នកណាម្នាក់​ដឹងថា​សម្តេច​សីហនុ​នៅមាន​ព្រះជន្ម​នៅឡើយ​ទេ​។ ក្រោយមក​បាន​យើង​ដឹងថា ព្រះអង្គ​ត្រូវគេ​ចាប់​ឃុំ​នៅក្នុង​រាជវាំង​ក្នុង​ទីក្រុង​ភ្នំពេញ​។ ថ្ងៃមួយ​ប្រពន្ធ​របស់ខ្ញុំ​និយាយថា មាន​ដំណឹង​ល្អ​គឺ​ព្រះរៀម​របស់ខ្ញុំ​នៅមាន​ព្រះជន្ម​នៅឡើយ​ទេ​។ ហើយ​ព្រះអង្គ​យាង​មក​ទីក្រុង​ញូវយ៉ក បន្ទាប់ពី​វៀតណាម​បាន​ចូល​កាន់កាប់​កម្ពុជា​។​

VOA៖ បាទ​ល្អ​។ អីចឹង​ហើយ​បានជា​ធ្វើឱ្យ​លោក​ចាប់អារម្មណ៍​នឹង​នយោបាយ​កម្ពុជា​។ ឆ្នាំនេះ​គឺជា​ខួប​លើក​ទី​២៥​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែល​បាន​ចុះ ហត្ថលេខា​កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១​។ តើ​លោក​អាច​បញ្ជាក់​ហេតុការណ៍​ពីដំបូង​ថា តើ​ក្រុម​តស៊ូ​ជាពិសេស​ក្រុម​រាជានិយម​មានការ​រៀប​ចំ​ខ្លួន​ក្នុង​ការចរចា​យ៉ាងណាដែរ មុននឹង​ឈានទៅ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​?

​លោក ឌុយ​ម៉ុង​៖ ខ្ញុំ​មិន​ចូលរួម​ក្នុង​ការចរចា​ដោយផ្ទាល់​ទេ ប៉ុន្តែ​ខ្ញុំ​តាមដាន​ជាប់​ជាប្រចាំ​ហើយ​តាម​ទម្លាប់​នៅពេល​បន្ទាប់ពី​ការចរចា​តឹងតែង​ព្រះអង្គម្ចាស់​នរោត្តម​សីហនុ​សព្វព្រះទ័យ​ក្នុងការ​រៀបចំ​ពិធី​អាហារ​ថ្ងៃត្រង់ ឬ​អាហារ​ល្ងាច​នៅ​សណ្ឋាគារ​ដែល​ព្រះអង្គ​ស្នាក់នៅ​។ បើទោះបីជា​ព្រះអង្គ​មិន​ថ្លែង​ដោយផ្ទាល់ ប៉ុន្តែ​យើង​បានដឹង​រឿង​ច្រើន​ពី​ព្រះអង្គ និង​អ្នក​ប្រឹក្សា​របស់​ព្រះអង្គ​។ អ្វីដែល​ខ្ញុំ​ដឹង​នៅពេលនោះ​គឺមាន​ក្តីសង្ឃឹម​ជាច្រើន ព្រោះ​ពលរដ្ឋ​ខ្មែរ​ទទួលរង​គ្រោះ​ខ្លាំង​ពី​របប​ខ្មែរក្រហម​ច្រើនជាង​របប​ដែល​ឡើងកាន់​អំណាច​បន្ទាប់ ហើយ​មានការ​រំពឹងថា កម្ពុជា​នឹង​ត្រឡប់​មកជា​ប្រទេស​ដែលមាន​ការ​ញញឹម​ឡើងវិញ​។​

​ការចរចា​ពេល​ដំបូងៗ​ចាប់ផ្តើម​ដោយមាន​តែ​សម្តេច​សីហនុ និង​លោក​ហ៊ុន សែន គឺ​មិនមែន​បួន​ភាគី​ទេ​។ សម្តេច​សីហនុ​ទើបតែ​ប្រ​ឡប់​ចូលមកក្នុង​ឆាកនយោបាយ​វិញ ហើយ​ព្រះអង្គ​មាន​ភាពស្វាហាប់ ហើយ​លោក​ហ៊ុន សែន​ក៏​ស្វាហាប់ ហើយ​នៅ​ក្មេង​ដែលមាន​បទពិសោធន៍​ក្នុង​កិច្ចការ​ជាច្រើន ប៉ុន្តែ​មិនមាន​ច្រើន​នៅ​ខាង​ផ្នែក​នយោបាយ​និង​ការទូត​ទេ​។ ដូច្នេះ​ខ្ញុំ​គិតថា ព្រះអង្គម្ចាស់​សីហនុ​ប្រៀបដូចជា​គ្រូ​របស់គាត់​អីចឹង ហើយ​លោក​ហ៊ុន សែន ដែលជា​អ្នករៀន​រហ័ស​បាន​រៀនសូត្រ​តាមច្រើន​ពី​ព្រះអង្គម្ចាស់​សីហនុ​ក្នុងអំឡុង​ពេលនេះ​។​

VOA៖ ចុះ​បញ្ហា​ការគ្រប់គ្រង​របស់​ប្រទេស​វៀតណាម​មកលើ​កម្ពុជា​ត្រូវបាន​គេ​ចរចា​យ៉ាងម៉េច​ដែរ​?

​លោក ឌុយ​ម៉ុង​៖ ខ្ញុំ​មិនដឹង​ព័ត៌មាន​លម្អិត​លើ​ផ្នែក​ហ្នឹង​ទេ​។ ប៉ុន្តែ​អ្វីដែល​ខ្ញុំ​ដឹង​គឺមាន​ការដាក់​សម្ពាធ​ខ្លាំង​លើ​ព្រះអង្គម្ចាស់​សីហនុ និង​ភាគី​ពីរ​ផ្សេងទៀត គឺ​ខ្មែរក្រហម និង​សឺ​ន សាន​។ ហើយ​ខ្ញុំ​ចាំ​យ៉ាងច្បាស់​ថា សម្ពាធ​មាន​ខ្លាំង​រហូតដល់​សម្តេច​សីហនុ​បាក់​ទឹក​ព្រះទ័យ​។ ភាពស្វាហាប់​របស់​ព្រះអង្គ​រលាយបាត់ ហើយ​ព្រះអង្គ​ត្រៀមចាំ​ទទួលយក​អ្វី​ក៏បាន​។ ខ្ញុំ​នៅចាំ​បាន​ថា នៅពេល​ពិសារ​អាហារ​ល្ងាច​នោះ​គឺ​ព្រះអង្គ​ពិបាក​ព្រះទ័យ​មែនទែន ហើយ​អ្នក​ដទៃទៀត​ក៏​ពិបាក​។​

VOA៖ តើ​សម្ពាធ​យ៉ាងម៉េច​? ហើយ​តើ​វា​ចេញពី​ប្រភព​ណា​មក​?

​លោក ឌុយ​ម៉ុង​៖ ខ្ញុំ​មិនដឹង​ទេ ប៉ុន្តែ​គឺ​ព្រះអង្គ​បាន​ជួបពិភាក្សា​នៅពេល​ព្រឹក ហើយ​នៅពេល​រសៀល​និង​ពេល​ល្ងាច​ព្រះអង្គ​បាក់​ទឹក​ព្រះទ័យ ហើយ​ហាក់ដូចជា​គ្មាន​ច្រកចេញ​។​

VOA៖ តើ​ឆ្នាំ​នោះ​គឺ​ឆ្នាំ​១៩៩០ ឬ ១៩៩១?

​លោក ឌុយ​ម៉ុង​៖ ប្រហែលជា​នៅ​ឆ្នាំ​១៩៩១​។ ប្រហែលជា​មួយឆ្នាំ មុនពេល​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ដូច្នេះ​ពេលនោះ​សំខាន់​ណាស់​។ ព្រះអង្គម្ចាស់​សីហនុ​ខិតខំ​ជំរុញ​កិច្ចការ​មួយចំនួន​តែមួយ​អង្គឯង ហើយ​ភាគី​ដទៃទៀត​មិន​គាំទ្រ​ឡើយ​ក្នុងនោះ​មាន​ខ្មែរក្រហម សឺ​ន សាន ឬ ហ្វ៊ុនស៊ីនប៉ិច​។ ពេលខ្លះ​ព្រះអង្គ​មាន​តែមួយ​អង្គឯង​។ នៅឯ​ពិធី​អាហារ​ល្ងាច​នោះ​ដែល​ខ្ញុំ​ចងចាំ​បាន​យ៉ាង​រស់​រវើក គឺ​ព្រះអង្គ​មានបន្ទូលថា​«​ចប់​ហើយ​។ យើង​ចាញ់ហើយ​។ ពួក​វៀតណាម​បាន​និយាយ​កាលពី​មុននេះ​បន្តិច​ថា សីហនុ​ដើរមក​ដល់​ចុង​ខ្សែ​ហើ​យ‍​»​។​

​ហើយ​ពេលនោះ មនុស្ស​គ្រប់គ្នា​ស្ងាត់ច្រៀប​។ ខ្ញុំ​បានធ្វើ​កិច្ចការ​មួយ​ដែល​ខ្ញុំ​មិនគួរ​ធ្វើ​ទាល់តែសោះ​។ លោក​ដឹង​ទេ​ថា ពេលដែល​យើង​នៅ​ចំ​មុខ​ព្រះ​ភ័​ក្រ​របស់​ព្រះអង្គ​គឺ​យើង​មិនត្រូវ​និយាយ​អ្វី​ទាំងអស់ បើ​ព្រះអង្គ​មិន​សួរ​ទេ​។ ព្រះអង្គ​មិន​ចូលចិត្ត​ឱ្យ​អ្នកណាម្នាក់​និយាយ​អ្វី​ភ្លីភ្លើ​នៅមុខ​ព្រះ​ភ័​ក្រ​ព្រះអង្គ​ទេ​។ បើសិនជា​អ្នក​និយាយ​អ្វី​ដោយ​ព្រះអង្គ​មិនបាន​ស្នើឱ្យ​បញ្ចេញយោបល់ ហើយ​បើ​អ្នក​និយាយ​អ្វី​ខុស​រួមទាំង​វេយ្យាករណ៍​បារាំង​ផង​នោះ ព្រះអង្គ​នឹង​ស្តីបន្ទោស​ភា្ល​ម​។ ដូច្នេះ​ខ្ញុំ​ស្ម័គ្រចិត្ត​មាន​យោបល់ បើទោះបីជា​ប្រពន្ធ​របស់ខ្ញុំ​សំឡឹងមុខ​ខ្ញុំ​ក្នុងន័យ​ថា​កុំ​និយាយ​។​

​ខ្ញុំ​និយាយថា​៖ «​ព្រះអង្គ​នៅពេលណា​ដែល​ព្រះអង្គម្ចាស់​សីហនុ​ធ្លាក់​មកដល់​ចុង​ខ្សែ​...​​»​។ ពេលនោះ​ព្រះអង្គ​មើលមុខ​ខ្ញុំ​ដោយ​អាកា​រៈថា ម្នាក់នេះ​និយាយ​ពីអ្វី​។ ខ្ញុំ​បន្តថា​«...​ពេលនោះ​គឺ​ព្រះអង្គ​អាច​ចាប់ផ្តើម​ខ្សែ​ថ្មី​មួយ​ទៀ​ត‍​»​។ គ្រប់គ្នា​សំងំស្ងៀម​។ មួយសន្ទុះ​ក្រោយមក​ព្រះអង្គម្ចាស់​សីហនុ​សើច​យ៉ាងខ្លាំង ហើយ​មានបន្ទូលថា​«​លោក អ៊ីវ ខ្ញុំ​ចូលចិត្ត​អ្វីដែល​លោក​និយាយ​ល្អ​ខ្លាំង​ណា​ស‍់​។ សូម​អរគុណ​ដែល​បាន​លើកទឹកចិត្ត​ខ្ញុំ​ឱ្យ​ប្រយុទ្ធ​តប​វិញ​»​។​

VOA៖ តើ​មូល​ហេតុអ្វី​បានជា​ធ្វើឱ្យ​លោក​ក្លាហាន​ហ៊ាន​ឡើង​និយាយ​ដូច្នេះ​ដាក់​ព្រះអង្គ​?

​លោក ឌុយ​ម៉ុង​៖ ខ្ញុំ​មាន​អារម្មណ៍​ថា វា​ជា​ពេល​ដ៏​សំខាន់​ដែល​មិនគួរណា​បំបាក់ទឹកចិត្ត​អ្នកណាម្នាក់​ជាពិសេស​ព្រះអង្គ​។ ហើយ​ខ្ញុំ​បាន​រៀនសូត្រ​ពី​ជីវិត​របស់​ព្រះអង្គ​ថា​ព្រះអង្គ​ជួបប្រទះ​ការលំបាក​ជាច្រើន ប៉ុន្តែ​ព្រះអង្គ​តែងតែ​ស្ទុះ​ងើបឡើង​វិញ​។​

VOA៖ លោ​កថា​ព្រះអង្គម្ចាស់​សីហនុ​បានទាមទារ​សម្រាប់​ពល​រដ្ឋ​កម្ពុជា​ក្នុងអំឡុងពេល​នៃ​ការជួប​ចរចា​។ តើ​លោក​អាច​លើកឡើង​នូវ​ចំណុច​ខ្លះ​ទេ​ថា​មាន​អ្វីខ្លះ​?

​លោក ឌុយ​ម៉ុង​៖ បាទ មាន​ចំណុច​បី​ដែលមាន​បូរណភាព​ទឹកដី ដែលជា​ចំណុច​សំខាន់​រហូតដល់​សព្វថ្ងៃ​នេះ និង​អធិបតេយ្យភាព​។ ហើយ​សូមកុំ​ច្រឡំ​រវាង​ចំណុច​ទាំងពីរ​នេះ​។ អ្នក​អាចមាន​កម្ពុ​ជាមួយ​ដែលមាន​អធិបតេយ្យភាព ប៉ុន្តែ​មិនមាន​ព្រំដែន ឬ​គិតពី​អធិបតេយ្យភាព​កម្ពុជា​ដែល​មិនមាន​បូរណភាព​ទឹកដី​។ ដូច្នេះ​ចំណុច​ពីរ​នេះ​សំខាន់​ណាស់​។ ហើយ​ចំណុច​ទី​បី​គឺ​សិទ្ធិមនុស្ស​ដែល​ប្រហែលជា​មិនទាន់​ទទួលបាន​ដូច​អ្វីដែល​បាន​គូសវាស​កាលពី​២៥​ឆ្នាំមុន​ទេ​។ ដូច្នេះ​មាន​ចំណុច​បី​នេះ​ដែល​មិនអាច​ផ្លាស់ប្តូរ​បាន​។ មាន​ចំណុច​បន្ថែមទៀត​ដែល​មិនសូវ​បាន​គេ​ដឹង ប៉ុន្តែ​ខ្ញុំ​បានដឹង​ខ្លះ​នោះ​គឺមាន​ថ្ងៃមួយ​នៅពេល​ញ៉ាំ​អាហារ​ថ្ងៃត្រង់​ដែល​មិនមាន​មនុស្ស​ច្រើន​ដូច​កាលពី​លើក​មុន​ទេ​។ ពេលនោះ​គឺមាន​តែម​នុស្ស​បួន​នាក់​។ មាន​ព្រះ​ជាយា​ម៉ូ​និក ប្រពន្ធ​របស់ខ្ញុំ សម្តេច​សីហនុ និង​ខ្ញុំ​។ ព្រះអង្គ​បាន​ប្រាប់​យើង​ថា យើង​ជិត​បញ្ចប់​ការចរចា​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ប៉ុន្តែ​មាន​កិច្ចការ​មួយ​ដែល​ខ្ញុំ​មិន​សព្វព្រះទ័យ​ទាល់តែសោះ គឺ​ពួកគេ​ចង់ឱ្យ​ខ្ញុំ​ឡើង​សោយរាជ្យ​។ ពួកគេ​ចង់ឱ្យ​កម្ពុជា​ទៅជា​ព្រះរាជាណាចក្រ​វិញ​ហើយ​ឱ្យ​ខ្ញុំ​ឡើង​សោយរាជ្យ ហើយ​ខ្ញុំ​មិន​ចង់​សោយរាជ្យ​ទេ​។ ប្រពន្ធ​របស់ខ្ញុំ​សួរថា​ហេតុអ្វី​ទៅ​ព្រះករុណា​?

​ព្រះអង្គ​បាន​មាន​ព្រះបន្ទូល​ថា នៅពេលដែល​ខ្ញុំ​ដាក់រាជ្យ ខ្ញុំ​បាន​ស្បថ​ថា​នឹងមិន​ឡើង​សោយរាជ្យ​វិញ​ទេ​។ ហើយ​អ្នកដឹង​ហើយ​ថា វា​ជា​សម្បថ​មួយ​ដែល​ខ្ញុំ​មិនអាច​រំលោភបំពាន​បាន​។ ប្រហែលជា​អ្វីមួយ​ដែល​ព្រះអង្គ​មិនបាន​មាន​ព្រះបន្ទូល​នោះ​គឺ​ក្នុងនាម​ជា​ព្រះមហាក្សត្រ គឺ​ព្រះអង្គ​មិនមាន​អំណាច​ដើម្បី​ការពារ​ប្រទេស​កម្ពុជា និង​អនុវត្ត​កិច្ចព្រមព្រៀង​ដូច​អ្នក​កាន់តំណែង​នាយករដ្ឋមន្ត្រី ឬ​ប្រធានាធិបតី​ទេ​។​

​ប៉ុន្តែ​ព្រះអង្គ​បញ្ជាក់​ច្បាស់​ណាស់​ថា ព្រះអង្គ​មិន​ចង់​ឡើង​សោយរាជ្យ​វិញ​ទេ​។ ហើយ​នៅពេល​ក្រោយមក​ខ្ញុំ​ដឹងថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​បានដាក់​ឱ្យ​ព្រះអង្គ​ឡើង​សោយរាជ្យ​វិញ​។ ដូច្នេះ​ខ្ញុំ​បាន​សួរ​ប្រពន្ធ​ខ្ញុំ​ថា ហេតុអ្វី​បានជា​ទៅជា​អីចឹង​? ហេតុអ្វី​បានជា​ព្រះអង្គ​ទទួលយក​? ហើយ​ប្រពន្ធ​ខ្ញុំ​និយាយថា​ដោយសារតែ​គ្មាន​អ្នកណាម្នាក់​គាំទ្រ​ព្រះអង្គ​ទេ​។ សូម្បីតែ ក្រុមប្រឆាំង​នឹង​របប​រាជានិយម​ក៏​ចង់ឱ្យ​ព្រះអង្គ​ឡើង​សោយរាជ្យ​ដែរ​ដើម្បី​កុំឱ្យ​ព្រះអង្គ​មានអំណាច​។ ក្រុម​វៀតណាម និង​គណបក្ស​ប្រជាជន​មិន​ចង់ឱ្យ​ព្រះអង្គ​ធ្វើជា​នាយករដ្ឋមន្ត្រី ឬ​ប្រធានាធិបតី​ទេ​។ តើ​លោក​ដឹង​ទេ​សូម្បីតែ​មិត្តភក្តិ​របស់​ព្រះអង្គ​ដែលមាន​ពី​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​ក៏​មិន​ចង់​ដែរ ព្រោះ​មានព្រះអង្គ​ម្ចាស់​ខ្លះ​ប្រហែលជា​ចង់​ធ្វើជា​នាយករដ្ឋមន្ត្រី ហើយ​ក្រោយមក​ឡើង​សោយរាជ្យ​ហើយ​ប្រសិនបើ​កម្ពុជា​ក្លាយទៅជា​របប​សាធារណរដ្ឋ​គឺ​ប្រហែល​បិទ​ឱកាស​ពួកគេ​ហើយ​។​

VOA៖ ខ្ញុំ​បាន​មើល​ឯកសារ​កិច្ចព្រមព្រៀង​គ្រប់​ទំព័រ​គឺ​មិនមាន​ដាក់​ព្រះនាម​របស់​ព្រះអង្គ​ទេ​។ ដូច្នេះ​អ្វីដែល​លោក​ទើប​ប្រាប់​ខ្ញុំ​គឺជា​ការព្រមព្រៀង​ក្រៅផ្លូវការ​មែន​ទេ​?
​លោក ឌុយ​ម៉ុង​៖ ប្រាកដ​ហើយ​។​

VOA៖ អីចឹង​តើ​លោក​មានប្រតិកម្ម​ដូច​លើក​មុន​ពេលដែល​លោក​និយាយ​ពី​ខ្សែពួរ​នោះទេ​?

​លោក ឌុយ​ម៉ុង​៖ ខ្ញុំ​អត់​មាននិយាយ​អ្វី​ទេ​។ ខ្ញុំ​អត់​មាននិយាយ​អ្វី​ទាំងអស់​!

VOA៖ តាម​យោបល់​លោក​តើ​ព្រះអង្គ​សោយរាជ្យ​និង​ព្រះអង្គ​កាន់អំណាច​ជា​នាយករដ្ឋមន្ត្រី ឬ​ប្រធានាធិបតី តើ​តួនាទី​មួយណា​អាច​បម្រើ​ប្រទេស​បានល្អ​ជាង​?
​លោក ឌុយ​ម៉ុង​៖ ខ្ញុំ​គិតថា​ព្រះអង្គ​គឺជា​មនុស្ស​ដ៏​អស្ចារ្យ​។ គ្មាន​អ្នកណា​ការពារ​មាតុភូមិ​របស់​ព្រះអង្គ​បានល្អ​ជាង​ព្រះអង្គ​ទេ​។ ប្រហែលជា​មានតែ​លោក​ឧ​ត្ត​ម​សេនីយ៍​ដឺ​ហ្កោ​ល ឬ​លោក​ឆឺ​ច​ឈី​ល​ទេ ដែល​អាច​ប្រៀបធៀប​ជាមួយនឹង​ព្រះអង្គ​បាន​។ បើ​ព្រះអង្គ​កាន់អំណាច​កិច្ចព្រមព្រៀង​ប៉ារីស​នឹងមាន​មុខមាត់​ថ្មី ហើយ​ខ្ញុំ​ជឿជាក់ថា​អ្វីៗ​នឹង​បានល្អ​ជាង​ពេលបច្ចុប្បន្ន​នេះ​សម្រាប់​ប្រទេស​កម្ពុជា ប្រសិនបើ​ព្រះបាទ​សីហនុ​មានអំណាច​មក​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។​

VOA៖ លោក​មានប្រសាសន៍ថា ប្រទេស​កម្ពុជា​អាច​នឹង​«​ល្អ​ជាង​ពេល​ប​ច្ចុ​ប្ប​ន្ន‍​»​។ នេះ​គឺជា​ពាក្យ​គន្លឹះ​ដ៏​សំខាន់​។ ឥឡូវ​និយាយ​ពី​កិច្ចព្រមព្រៀង​នេះ​ដែល​លោក​បាន​និយាយ​យោង​ដល់​បូរណភាព អធិបតេយ្យភាព គឺ​យើង​នៅតែ​ឃើញ​មាន​បញ្ហា​ជាមួយនឹង​ប្រទេស​វៀតណាម​ហើយ​ថ្មីៗ​នេះ​រដ្ឋាភិបាល​កម្ពុជា​ទើបតែ​ចេញ​នូវ​កំណត់​ទូត​មួយ​តវ៉ា​ពី​ការសាងសង់​ប៉ុស្តិ៍​ប៉ូលិស និង​យោធា និង​ការចូល​ជីក​ស្រះ​នៅតាម​បណ្តោយ​ព្រំដែន​។ ចុះ​ទស្សនៈ​ទូទៅ​របស់លោក​យល់​យ៉ាងម៉េច​ដែរ​ពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ក្នុង​រយៈពេល​២៥​ឆ្នាំ​កន្លងមកនេះ​?

​លោក ឌុយ​ម៉ុង​៖ ទស្សនៈ​របស់ខ្ញុំ​ដែល​មិន​រស់នៅក្នុង​ប្រទេស​កម្ពុ​ជា​ទេ​ប៉ុន្តែ​មាន​មិត្តភក្តិ​នៅ​កម្ពុជា​គឺ​ខ្ញុំ​មើលឃើញ​កិច្ចការ​ពីរ​។ ទីមួយ​គឺ​ការព្រួយបារម្ភ និង​មួយទៀត​បញ្ជាក់​ពី​ក្តីសង្ឃឹម​។​

​ការព្រួយបារម្ភ​គឺ​សិទ្ធិមនុស្ស បូរណភាព និង​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​កំពុង​រង​ការគំរាមកំហែង​។ ចំណុច​ទាំងបី​នេះ​សំខាន់​ណាស់​។ គ្មាន​ប្រយោជន៍​អ្វី​ទេ​នៅក្នុង​បូរណភាព​ទឹកដី​ទេ បើ​ជនជាតិខ្មែរ​មិន​គ្រប់គ្រង​ប្រទេស​កម្ពុជា​ខ្លួនឯង​។ គ្មាន​ប្រយោជន៍​អ្វី​ទេ​ដែល​កម្ពុជា​ត្រូវ​គ្រប់គ្រង​ដោយ​មិន​គិតពី​សិទ្ធិមនុស្ស​។ ដូច្នេះ​ចំណុច​ទាំងបី​មាន​សារៈសំខាន់​ណាស់ ហើយ​ចំណុច​ទាំងបី​នេះ​ទទួលរង​ការគំរាមកំហែង​។ នេះ​គឺជា​ការព្រួយបារម្ភ​ដែល​ខ្ញុំ​មាន​។ ដំណឹង​ល្អ​គឺ​លើសពី​ពេលមុន​ទាំងអស់​គឺមាន​ឆន្ទៈ​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។​

​ការ​ប្រារព្ធ​នៃ​ខួប​លើក​ទី​២៥​ឆ្នាំ​នៅ​ខែតុលា​ក្នុង​ទីក្រុង​ភ្នំពេញ​គឺជា​សញ្ញា​ល្អ​។ ខ្ញុំ​ដឹងថា​ប្អូនថ្លៃ​របស់ខ្ញុំ​គឺ​ព្រះអង្គម្ចាស់​នរោត្តម សិរីវុឌ្ឍ ដែល​គ្រប់គ្រង​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិ ប​ត្តិ​ការ​និង​សន្តិភាព (CICP)​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​វាយតម្លៃ​កិច្ច ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថា ជា​លក្ខខណ្ឌ​មួយ​នៃ​ជោគជ័យ​សម្រាប់​ប្រទេស​កម្ពុជា និង​សម្រាប់​តំបន់​ទាំងមូល​។ ប្រទេស​កម្ពុជា​គឺជា​ផ្នែក​មួយ​នៃ​ក្រុម​ធំ​នៃ​បណ្តា​ប្រទេស​តំបន់​អាស៊ាន ដែលមាន​ប្រទេសជិតខាង​ដូចជា​ឡាវ វៀតណាម​និង​ថៃ​។ ហើយ​ខ្ញុំ​គិតថា ជោគជ័យ​ក្នុងប្រទេស​កម្ពុជា​នឹង​ជួយ​ឱ្យមាន​សន្តិភាព​នៅ​តំបន់​នេះ​។​

VOA៖ មាន​មាត្រាមួយ​ដែល​ខ្ញុំ​បាន​អាន គឺថា​ពេលដែល​មានការ​រំលោភ​ព្រំដែន​ប្រទេស​កម្ពុជា​គឺ​ប្រទេស​ហត្ថលេខី​ត្រូវតែ​ជួប និង​ពិភាក្សាគ្នា​ជាបន្ទាន់ ហើយ​ដូចដែល​ខ្ញុំ​បានលើកឡើង​ពី​ខាង​ដើមពី​ការតវ៉ា​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​ប្រទេស​វៀតណាម​អំពី​ការចូល​រំលោភ​ព្រំដែន ប៉ុន្តែ​ហាក់ដូចជា​មិនមាន​ប្រតិកម្ម​អ្វី​ពី​ប្រទេស​ទាំង​នោះទេ​។ តាម​យោបល់​លោក​តើ​គួរតែ​ធ្វើ​យ៉ាងម៉េច​ដើម្បីឱ្យ​ប្រទេស​ទាំងនោះ​ចូលរួម​មក​ដោះស្រាយ​តាម​អ្វីដែល​ពលរដ្ឋ​កម្ពុជា​ចង់បាន​?

​លោក ឌុយ​ម៉ុង​៖ នេះ​ជា​ចំណុច​សំខាន់​ដែល​លោក​បានលើកឡើង​គឺថា​គេ​មិនគួរ​ទុក​ពលរដ្ឋ​កម្ពុជា​និង​រដ្ឋាភិបាល​ឱ្យនៅ​ឯកោ​ទេ​។ ខ្ញុំ​គិតថា អ្នក​ដែល​គាំទ្រ​ឱ្យមាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​គឺជា​ប្រទេស​ធំ​ដូចជា​បារាំង សហរដ្ឋអាមេរិក និង​ចិន ហើយ​ប្រទេស​ទាំងនេះ​គួរតែ​ចូលរួម​ពាក់ព័ន្ធ​ជាង​ពេលបច្ចុប្បន្ន​នេះ​។ ជា​ឧទាហរណ៍ ក្នុងនាម​ជា​ជនជាតិ​បារាំង​គឺ​ខ្ញុំ​មានការ​សោកស្តាយ​ដែល​រដ្ឋាភិបាល​របស់ខ្ញុំ​មិន​គាំទ្រ​ថែមទៀត​ដល់​ការអនុវត្ត​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ហើយ​នៅ​រាល់​ពេលដែល​ពួកគេ​ឃើញ​ការរំលោភ ពួកគេ​ដែល​បាន​ចុះហត្ថលេខា​ត្រូវតែ​និយាយ​ពី​ចំណុច​នេះ​។ វា​មិន​ត្រឹមតែ​ជា​ប្រយោជន៍​ដល់​កម្ពុជា​ទេ​ប៉ុន្តែ​សម្រាប់​តួនាទី​របស់​បារាំង​នៅលើ​ពិភពលោក​ផងដែរ​។​

VOA៖ ដូច្នេះ​តើ​លោក​មាន​អនុសាសន៍​យ៉ាងណាទេ​ដល់​ពលរដ្ឋ​កម្ពុជា​ដែល​ចង់ឃើញ​ឱ្យ​មានការ​អនុវត្តតាម​កិច្ចព្រមព្រៀង​នេះ​?

​លោក ឌុយ​ម៉ុង​៖ ខ្ញុំ​គិតថា គំនិត​នៃ​ការរៀបចំ​សន្និសីទ​មួយ​របស់​បណ្តា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ប៉ារីស​គឺជា​គំនិតល្អ​មួយ​ដែលមាន​សារៈសំខាន់​។ អីចឹង​ហេតុអ្វី​បានជា​ចិន សហរដ្ឋអាមេរិក និង​បារាំង មិន​កោះអញ្ជើញ​ឱ្យមាន​សន្និសីទ​មួយ​ពិនិត្យមើល​ពី​ការអនុវត្ត​កិច្ចព្រមព្រៀង​នោះ​។ ខ្ញុំ​ជា​អ្នកជំនួញ​ហើយ​នៅក្នុង​របរជំនួញ​នៅពេលណា​ដែល​អ្នកធ្វើ​សេចក្តី​ព្រមព្រៀង​អ្វីមួយ គឺ​អ្នកធ្វើ​ការប្រជុំ​ដើម្បី​ពិនិត្យមើល​កិច្ចព្រមព្រៀង​នោះ​ថា តើ​ត្រូវបាន​គេ​អនុវត្តតាម​ឬទេ​? អ្វីដែល​នៅ​បាត់បង់​ហើយ​តើ​យើង​ភ្លេច​អ្វីខ្លះ​? តើ​យើង​គួរតែ​ធ្វើឱ្យ​ប្រសើរឡើង​ទេ​? កិច្ចព្រមព្រៀង​ស្ថិតនៅ​ជានិច្ច​នៅពេលដែល​អ្នកចុះហត្ថលេខា​ហើយ​ក្នុងករណីនេះ​វា​ហាក់ដូចជា​កិច្ចព្រមព្រៀង​បាន​ស្លាប់​ហើយ​។ វា​មិនទាន់​ស្លាប់​ទេ​។ គេ​មិនគួរ​ធ្វើ​អីចឹង​ទេ​។​

VOA៖ សូម​អរគុណ​លោក​ឌុយ​ម៉ុង​ដែល​បានផ្តល់​បទ​សម្ភាស​ដល់ VOA​។​

​លោក ឌុយ​ម៉ុង​៖ សូម​អរគុណ​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com