ពីនេះ ពីនោះ
ការពិត​ពាក្យ​«​សហាយ​» បែរ​ជាមាន​អត្ថន័យ​ល្អ​ជាង​ពាក្យ​ថា​«​សង្សារ​»​ទៅវិញ​
23, Oct 2016 , 12:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ​«​សហាយ​» និង​«​សង្សារ​» គ្រាន់តែ​អាន​ភ្លាម ក្នុង​អារម្មណ៍​តែងតែ​គិតថា ពាក្យ​«​សហាយ​» គឺមាន​អត្ថន័យ​អវិជ្ជមាន ហើយ​ពាក្យ​«​សង្សារ​»​មាន​អត្ថន័យ​វិជ្ជមាន​។ បន្ថែម​ពីនេះ ពាក្យ​«​សង្សារ​» គឺជា​ពាក្យ​ដែល​ពេញនិយម រវាង​យុវជន និង យុវនារី  ដែល​ស្រឡាញ់គ្នា ហើយ​តែងតែ​និយាយថា «​នាង​ជា​សង្សារ​ខ្ញុំ​, បុរស​ម្នាក់​នោះ​ជា​សង្សារ​ខ្ញុំ​» ជាដើម​។  ចង់ដឹងថា​ពាក្យ​ទាំងពីរ​នេះ​មាន​អត្ថន័យ​បែបណា វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ដូចខាងក្រោម​៖



​ចំពោះ​ពាក្យ «​សហាយ​» មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា សម្លាញ់​, មិត្តសម្លាញ់​, អ្នក​ដែល​ទៅ ឬ​មកជា​មួយ​, អ្នក​ជូន​, អ្នក​កំដរ​, គ្នា​, អ្នក​ដែលជា​គ្នា​(​បើ​ស្ត្រី​ជា​សហាយិកា​)​។ ខ្មែរ​ប្រើពាក្យ​នេះ សំដៅ​សេចក្ដី​ផ្សេង​ថា “​បុរស​ស្ត្រី​ដែល​ដើរហើរ​ឬ​ដែល​ខូចកា​ចនឹង​គ្នា​”​។

​បើជា «​សហាយកំណាន់​» មានន័យថា សហាយ​ដែលជា​កំណាន់ចិត្ត​។ «​សហាយស្មន់​» មានន័យថា សហាយ​ដែល​ខូចកា​ចនឹង​គ្នា ដល់​បែកការ​ត្រូវ​បង់ប្រាក់​ពិន័យ​មុខស្មន់​។  ចំពោះ​ពាក្យ​«​មុខស្មន់​»​នេះ​វិញ​មានន័យថា មុខក្រសួង ឬ​នាទី​ដែល​ត្រូវ​ពិន័យ​តាម​មាត្រា​ច្បាប់ បញ្ញត្តិ​អំពី​ស្មន់នឹងគ្នា​។

​ដោយឡែក​ពាក្យ «​សង្សារ​» មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា ដំណើរ​អន្ទោល​ទៅមក​, ដំណើរ​អន្ទោលកើតស្លាប់​មិន​ឈប់​មិន​ស្រាក​។ ប៉ុន្តែ​ខ្មែរ​ប្រើពាក្យ​នេះ​សំដៅ​សេចក្ដី​ថា “​ស្ដ្រី​ជា​គូ​កម្សត់​, ស្ដ្រី​ជា​សហាយស្មន់​”​ក៏មាន​។  ចំពោះ​ពាក្យ​«​សង្សារ​»​នេះ​ផងដែរ​នឹងមាន​អត្ថន័យ​ផ្សេងៗ​គ្នា​ជាច្រើន នៅពេលដែល​យកពាក្យ​នេះ ទៅ​ផ្សំ​ជាមួយ​ពាក្យ​ផ្សេងៗ​មួយចំនួនទៀត​ដូចជា​៖ សង្សារទុក្ខ​, សង្សារទោស​, សង្សារព័ន្ធន៍​, សង្សារភព​, សង្សារភ័យ​...​។​

​ជារួម​មក ប្រសិនបើ​មើល​ជា​អត្ថន័យ​ក្នុងចំណោម​ពាក្យ​ទាំងពីរ​នេះ ពាក្យ​«​សហាយ​» មាន​អត្ថន័យ​ល្អ ជាង​ពាក្យ​«​សង្សារ​»​។ ប៉ុន្តែ​ក្នុងករណី​និយាយថា «​សហាយស្មន់​»​ទើប​ទាញ​ពាក្យ​ថា «​សហាយ​»​ទៅជា​អវិជ្ជមាន​វិញ​៕

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


Tag:
 ​ភាសា​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com