កីឡាជាតិ
ជាតិ
កីឡាជាតិលើកទី១៖ កីឡាការិនី នី សំណាង, លោក កែម ស៊ីហួត ដឹកនាំការធ្វើសច្ចាប្រណិធាន កីឡាការិនី នី សំណាង និងលោក កែម ស៊ីហួត
× កីឡាការិនីចំបាប់ នី សំណាង និងលោក កែម ស៊ីហួត នឹងធ្វើជាតំណាងអត្តពលិក និងមន្ត្រីកីឡាកម្ពុជា ធ្វើសច្ចាប្រណិធានក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១ ដែលធ្វើឡើងចាប់ពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា។ ចំណែកការសច្ចាប្រណិធាន ធ្វើឡើងនៅក្នុងកម្មវិធីបើកការប្រកួតកីឡាជាតិនាថ្ងៃទី២៨ ខែតុលា។
កីឡាការិនីចំបាប់ នី សំណាង ម្ចាស់មេដាយសំរឹទ្ធកីឡាឆ្នេរខ្សាច់អាស៊ីឆ្នាំ២០១២នៅថៃ និងលោក កែម ស៊ីហួត អនុប្រធានកីឡាទាញព្រ័ត្រកម្ពុជា នឹងធ្វើសច្ចាប្រណិធាននៅមុខថ្នាក់ដឹកនាំប្រទេស និងកីឡា ព្រមទាំងគណៈកម្មការរៀបចំការប្រកួតក្នុងថ្ងៃបើកការប្រកួតកីឡាជាតិលើកទី១ នាថ្ងៃទី២៨ ខែតុលា នៅពហុកីឡដ្ឋានជាតិ។
បើយោងតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ការសច្ចាប្រណិធានធ្វើឡើងក្នុងគោលបំណង ដើម្បីឲ្យការប្រកួតកីឡាជាតិលើកទី១ ប្រកបដោយសមភាព និងយុទ្ធធម៌ ជាពិសេសដាស់ស្មារតីរបស់អត្តពលិកក៏ដូចជាមន្ត្រីកីឡាឲ្យត្រូវគោរពតាមគោលការណ៍ Fair Play ក្នុងការប្រកួត និងវិន្និច្ឆ័យ។
កីឡាការិនី នី សំណាង ដែលតំណាងឲ្យអត្តពលិកកម្ពុជាត្រូវកាន់ទង់ជាតិកម្ពុជាហើយត្រូវស្រែកប្តេជ្ញានៅមុខថ្នាក់ដឹកនាំកីឡាថា នឹងប្រកួតដោយសមភាព មិត្តភាព, សមាគ្គីភាព និងភាតរភាព ជាពិសេសនឹងគោរពតាមគោលការណ៍នៃការប្រកួត និង Fair Play។ មិនខុសគ្នានោះឡើយ លោក កែម ស៊ីហួត តំណាងឲ្យមន្ត្រីកីឡាត្រូវស្រែកប្តេជ្ញាថា នឹងវិនិច្ឆ័យដោយសមភាព និងយុត្តិធម៌ ជាពិសេសផ្អែកតាមគោលការណ៍ Fair Play។
លោកអគ្គលេខាធិការ NOCC រូបនេះបានបញ្ជាក់ថា ការធ្វើសច្ចាប្រណិធាននេះមិនប្រកាន់ពីកម្រិតសមត្ថភាព និងស្នាដៃនោះឡើយ ពោលគឺអាចធ្វើបានគ្រប់កីឡាករទាំងអស់។ លើសពីនេះ ការសច្ចាប្រណិធានគេតែងប្រារព្ធធ្វើឡើងរៀងរាល់ការប្រកួតធំៗទូទាំងពិភពលោកដើម្បីបញ្ជាក់ពីគោលការណ៍ Fair Play។
គួរបញ្ជាក់ថា ការប្រកួតកីឡាជាតិលើកទី១នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឬឯកម្មវិធីបើកការប្រកួតធ្វើនៅថ្ងៃទី២៨ ខែតុលា នៅពហុកីឡដ្ឋានជាតិ ក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រៅពីកម្មវិធីបើកដោយមានការរត់ភ្លើងគប់ និងដង្ហែទង់ជាតិក៏មានការសម្តែងផ្ទាំងទស្សនីយភាព សិល្បៈ តន្ត្រី និងក្បាច់គុនរបស់កងយោធពលខេមរភូមិន្ទផងដែរ៕
Tag:
កីឡាជាតិលើកទី១
នី សំណាង
កែម ស៊ីហួត
© រក្សាសិទ្ធិដោយ thmeythmey.com