ជាតិ
សម្តេច ហ៊ុន សែន នឹងចូលរួម​កិច្ចប្រជុំ​កំពូល​ចំនួន​៣​នៅ​វៀតណាម
23, Oct 2016 , 7:30 pm        
រូបភាព
សម្តេច ហ៊ុន សែន ពេលទៅបំពេញបេសកកម្មក្រៅប្រទេសកន្លងមក
សម្តេច ហ៊ុន សែន ពេលទៅបំពេញបេសកកម្មក្រៅប្រទេសកន្លងមក
ដោយ: ថ្មីៗ
​សម្តេច ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម (CLMV)​លើក​ទី​៨ កិច្ចប្រជុំ​កំពូល​យុទ្ធសាស្ត្រ​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ (ACMECS)​លើក​ទី​៧  និង​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្តីពី​តំបន់​មេគង្គ នៅ​ក្រុង​ហាណូយ ប្រទេស​វៀតណាម​។ កិច្ចប្រជុំ​ទាំងនេះ នឹង​ប្រព្រឹត្តទៅ ពីថ្ងៃ​ទី​២៤-២៦ ខែតុលា​ខាងមុខ​។



​បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា និង​ថ្លែង​បទ​អន្តរាគមន៍​នៅក្នុង​កិច្ចប្រជុំ​ទាំង​៣​នេះ​។​

​កិច្ចប្រជុំ​កំពូល CLMV លើក​ទី​៨ នឹង​ពិភាក្សា​លើ​ប្រធានបទ «​ចាប់យក​ឱកាស កសាង​អនាគត​»​ហើយ​កិច្ចប្រជុំ​កំពូល ACMECS លើក​ទី​៧ នឹង​ផ្តោតលើ​ប្រធានបទ​«​ឆ្ពោះទៅរក​តំបន់​អនុតំបន់​មេគង្គ​ប្រកបដោយ​ថាមភាព និង​វិបុលភាព​»​។ នេះ​ជាការ​បញ្ជាក់​នៅក្នុង​សេចក្តី​ជូន​ព័ត៌មាន​ដដែល ដែល​បន្តថា ថ្នាក់ដឹកនាំ​នៃ​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម នឹង​ឆ្លៀត​យក​ឱកាស​នៃ​កិច្ចប្រជុំ​នៅ​ហាណូយ​នេះ ចូលរួម​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​តំបន់​មេគង្គ​ផ្សេងទៀត ក្នុង​វេទិកា​សេដ្ឋកិច្ច​ស្តីពី​តំបន់​មេគង្គ ដែល​នឹង​ផ្តោតលើ​ប្រធានបទ​«​ការស្វែងរក​ជោគជ័យ​រួមគ្នា ក្នុង​តំបន់​មេគង្គ​»​។​

​សេចក្តីថ្លែងការណ៍​រួម​ស្តីពី​កិច្ចប្រជុំ​កំពូល CLMV លើក​ទី​៨ និង​សេចក្តីថ្លែងការណ៍​ទីក្រុង​ហាណូយ ស្តីពី​កិច្ចប្រជុំ​កំពូល  ACMECS  លើក​ទី​៧ នឹងត្រូវ​អនុម័ត​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ នីមួយៗ​៕


Tag:
 ហ៊ុន សែន​
  CLMV
  ACMECS
© រក្សាសិទ្ធិដោយ thmeythmey.com