អន្តរជាតិ
បារាំង​៖ កូនភ្លោះ​៥​គូ​រៀន​នៅក្នុង​សាលា​មតេយ្យ​ជាមួយគ្នា​ដោយ​ចៃដន្យ​
23, Oct 2016 , 8:39 pm        
រូបភាព
ដោយ: ធីតា
​សាលា​មតេយ្យ Lavault-Sainte-Anne នៅ​តំបន់ Montluçon ប្រទេស​បារាំង ទទួលបាន​សិស្ស​១០​នាក់​យ៉ាង​ចៃដន្យ​។ សិស្ស​តូចៗ​ទាំង​១០​នាក់​នោះ គឺជា​កូនភ្លោះ​៥​គូ​ដែល​មកពី​គ្រួសារ​ផ្សេងៗ​គ្នា​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត La Montagne​។​




​ស្ថិតក្នុង​តំបន់ Montluçon ដែលមាន​មនុស្ស​ប្រមាណ​ជាង​១០០០​នាក់ សាលា​មតេយ្យ Lavault-Sainte-Anne បាន​ក្លាយជា​ករណី​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុន​នៅ​ប្រទេស​បារាំង​។ សាលា​ខ្នាតតូច​មួយ​នេះ បានទទួល​សិស្ស​ថ្មី​ដែល​កូនភ្លោះ​រហូតដល់​ទៅ​៥​គូ អាយុ​ចន្លោះ​ពី​២​ទៅ​៣​ឆ្នាំ សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​។​

​បើតាម​កាសែត La Montagne ករណីនេះ ជា​កំណត់ត្រា​ថ្មី​មួយ​នៅ​បារាំង ដែល​កាលពី​ឆ្នាំ​២០១៤ សាលា Eure-et-Loir ធ្លាប់​ទទួល​សិស្ស​ដែលជា​កូនភ្លោះ​ចំនួន​៤​គូ ដោយ​ចៃដន្យ​។​

​លោកស្រី Michèle Canova  គ្រូបង្រៀន​ដែលមាន​បទពិសោធ​ន៍ប​ង្រៀ​ន​ជាង​៣៤​ឆ្នាំ បាន​អះអាងថា លោកស្រី បាន​ជួប​ករណីនេះ​ជា​លើកដំបូង​។ លោកស្រី ទទួលស្គាល់ថា គ្រូ​ហាក់​មានការ​លំបាក​បន្តិច​ក្នុងការ​បង្រៀន​កូនភ្លោះ ជាពិសេស​ក្នុងតំណាក់កាល​ដំបូង នៅមុន​ស្គាល់​ពួកគេ​ច្បាស់​។​

​លោកស្រី បាន​លើកឡើងថា​៖ «​ខ្ញុំ​ពិតជា​មានការ​ពិបាក​ក្នុងការ​បែងចែក Raphael និង Gabriel ដែលមាន​អាយុ​តិចជាងគេ ខ្ញុំ​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​កត់ចំណាំ​ពី​ពួកគេ​»​។ យោងតាម​ស្ថិតិ​របស់​វិទ្យាស្ថាន Insee នៅ​ប្រទេស​បារាំង ចាប់តាំងពី​ឆ្នាំ​១៩៨០​មក កំណើត​កូនភ្លោះ មាន​អាត្រា​កាន់តែ​កើនឡើង​ជា​លំដាប់​៕


Tag:
 ប្លែកៗ​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com