បទយកការណ៍ / បទសម្ភាសន៍
យុវតី​បច្ចុប្បន្ន លែង​ចង់​រស់នៅ​ជាមួយ​ឪពុក​ម្តាយក្មេក​ក្រោយ​រៀបការ​រួច​?
23, Oct 2016 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ នារី​សម័យនេះ បាន​កែប្រែ​ឥរិយាបថ ខុសពី​សម័យមុន​។ ចំណេះដឹង បាន​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​ពួកគេ ឲ្យ​គិតគូរ​ពី​អនាគត​ដោយ​ខ្លួនឯង ជាពិសេស​ការជ្រើសរើស​គូស្រករ និង​អះអាងថា ចង់​រស់នៅ​ដោយ​ឯករាជ្យ​ជាមួយ​ប្តី​ប្រពន្ធ មិន​ចង់​រស់នៅ​ជាមួយ​ឪពុក​ម្តាយក្មេក​ឡើយ​។



​កញ្ញា ជួប ច័ន្ទ​ផូ​ផា​ណែ​ត ជា​និស្សិត​ឆ្នាំ​ទី​១ នៃ​សាកលវិទ្យាល័យ​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹងថា នាង​មិន​ចង់​រស់នៅ​ជាមួយ​គ្រួសារ​ខាង​ណា​ទេ ព្រោះ​ខ្លាច​លំបាក​។ ក្នុងន័យនេះ មិនមែន ផា​ណែ​ត ខ្លាច​នឿយហត់​នឹង​បម្រើ​ឪពុក​ម្តាយក្មេក​នោះទេ ប៉ុន្តែ នាង​ខ្លាច​ពួកគាត់​ហត់នឿយ​នឹង​មើល​ការខុសត្រូវ​ក្នុងផ្ទះ​ទៅវិញ​ទេ​។ នាង សុខចិត្ត​ជួល​ឈ្នួល​ឲ្យ​មក​នៅ​ជាមួយ ដើម្បី​មើល​ការខុសត្រូវ​ក្នុងផ្ទះ​ជំនួស​វិញ​។ ផា​ណែ​ត​ពន្យល់ថា​៖«​ធម្មតា តែ​យើង​ការ​ហើយ អាចមាន​បញ្ហា ឬ​មាន​ផ្ទៃពោះ សម្រាលកូន អ៊ីចឹង​មិន​ចង់​ឲ្យ​ឪពុកម្ដាយ​ទាំងសងខាង មើលថែ​នោះទេ​។ ពួកគាត់​ចាស់ៗ​ហើយ​»​។ បើតាម យុវតី​រូបនេះ ក្រោយ​រៀបការ​រួច​នាង​ក៏ត្រូវ​នៅ​បន្ត​ធ្វើការ​ទៀត​ដែរ ដើម្បី​រក​ចំណូល​មក​ផ្គត់ផ្គង់​គ្រួសារ នាង​មិន​ចង់​មាន​ឈ្មោះថា រស់​ដោយសារ​ប្តី ឬ​«​ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំ​»​នោះឡើយ​។ ផា​ណែ​ត​យល់ថា នៅពេលដែល​មនុស្ស​ស្រី​គ្រប់រូប​មានការ​ងារ​ល្អ ឬ​មុខរបរ​មួយ​ច្បាស់លាស់  ពួកគេ​នឹងមាន​តម្លៃ​។

​បើទោះជា ផា​ណែ​ត អះអាងថា នឹង​បន្តធ្វើ​ការងារ​របស់ខ្លួន​ក៏ដោយ ប៉ុន្តែ​មិនមែន​នាង​បំភ្លេចចោល​នូវ​តួនាទី​ជា​ភរិយា​ល្អ និង​ម្តាយ​ល្អ​នៅក្នុង​គ្រួសារ​នោះទេ​។ «​រៀបចំ​ទុកដាក់​ម្ហូបអាហារ មាន​ពេល​សម្រាប់​ប្តី និង​កូន ហើយ​ចាត់ចែង មើល​ការខុសត្រូវ​ក្នុង​គ្រួសារ​»​។ នេះ​ជាការ​លើកឡើង​របស់ កញ្ញា ជួប ច័ន្ទ​ផូ​ផា​ណែ​ត ដែល​អះអាងថា​ទាំងនេះ គឺជា​តួនាទី​របស់ខ្លួន ក្នុងនាម​ជា​ភរិយា​ម្នាក់​។​

​រៀបការ​រួច រស់នៅ​ផ្ទះ​ដោយឡែក​ពី​ឪពុកម្តាយ​ទាំងសងខាង ក៏​ជា​គំនិត​របស់ កញ្ញា អ៊ុត រស្មី​ដែរ​។ ជា​និស្សិត​ឆ្នាំ​ទី​២ និង​កំពុង​រៀន​ផាត់មុខ និង​ធ្វើ​សក់​ផង រស្មី បាន​បញ្ជាក់ថា នាង​ចង់​រស់​នៅតែ​ពីរ​នាក់​ប្ដី​ប្រពន្ធ ព្រោះ​នាង​បារម្ភ​ថា​អាចមាន​ភាព​រកាំរកូស ជាមួយ​សមាជិក​ណាមួយ​ក្នុង​គ្រួសារ​។ ម្យ៉ាងទៀត រស្មី បានគិត​គូរ​ពី​ជីវិត​ឯកជន​របស់​ប្តី​ប្រពន្ធ​របស់​នាង​ដែរ​។ យុវតី​រូបនេះ ពន្យល់​យ៉ាង​ដូច្នេះ​៖« ការរស់នៅ​តែ​ពីរ​នាក់​ប្ដី​ប្រពន្ធ​អាចធ្វើ​ឲ្យ​ជីវិត​គ្រួសារ​មាន​ភាព​ផ្អែមល្ហែម យល់ចិត្ត​គ្នា​ច្បាស់ ងាយស្រួល​តម្រូវ​ចិត្ត​ទាំងពីរ​នាក់ ដែល​ធ្វើ​ឲ្យ​គ្រួសារ​មាន​សុភមង្គល​»​។​

​រស់នៅ​ដោយឡែក​ពី​ឪពុកម្តាយ ក្រោយ​រៀបការ​រួច ក៏​ជា​រឿង​ដែល កញ្ញា និ​តា ជា​និស្សិត​ផ្នែក​គ្រប់គ្រង បានគិត​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នាង​ក៏​ទទួលបាន​ភ្លៀង​ខៀវ​ពី​ឪពុកម្តាយ​របស់ខ្លួន​រួច​ដែរ​ហើយ​។​« បើ​កូន​ណា​រៀបការ​រួច នោះ​នឹងត្រូវ​រស់នៅ​បែក​ពី​គ្រួសារ កុំ​នៅ​ជាមួយ​ម៉ែឪ ពិបាក​»​។  នេះ​ជាការ​បញ្ជាក់​របស់ កញ្ញា និ​តា ដែល​កំពុងតែ​រំលឹក​ពាក្យសម្តី​របស់​ម្តាយ​នាង​។ យុវតី​រូបនេះ បានបង្ហាញ​ការ​រយ​ល់​ស្រម និង​បន្ត​លើកឡើង​ពី​គុណសម្បត្តិ​នៃ​ការរស់នៅ​តែ​ពីរ​នាក់​ប្តី​ប្រ​ព្ធ ក្រោយពេល​រៀបការ​រួច​យ៉ាងនេះ​ថា​៖«​ពេល​យើង​នៅតែ​ពីរ​នាក់ ប្តី​ប្រពន្ធ​យើង ពេល​យើង​ឈ្លោះ​គ្នា ពិបាក វេទនា​យ៉ាងម៉េច ក៏​យើង​មិន​ឲ្យ​ឪពុកម្ដាយ​យើង​ពិបាក​ជាមួយ​យើង​ដែរ​»​។​

​ដ្បិត​យុវតី​ទាំងនោះ សុទ្ធតែ​អះអាងថា ពួកគេ​មិន​ចង់​រស់នៅ​ជាមួយ​ឪពុក​ម្តាយក្មេក ប៉ុន្តែ​ការកសាង​គ្រួសារ​មួយ ជា​រឿង​លំបាក​ខ្លាំង ដែល​ទាមទារ​ឲ្យ​ប្តី​ប្រពន្ធ​របស់​ពួកគេ​យល់ចិត្ត​គ្នា​ខ្លាំង អត់ធ្មត់ និង​រួមគ្នា​ដោះស្រាយ​បញ្ហា​ដែល​នឹង​អាច​កើតឡើង​៕


Tag:
 រៀបការ​
© រក្សាសិទ្ធិដោយ thmeythmey.com