អន្តរជាតិ
របបសឹកថៃ ថា ក្រុមហ៊ុន Google ជួយដកចេញខ្លឹមសារពាក់ព័ន្ធការនិយាយមិនសមរម្យលើរាជានិយមថៃ
× រដ្ឋាភិបាលរបបសឹកថៃ បានជួបជាមួយនឹងតំណាងក្រុមហ៊ុន Google ដើម្បីឲ្យជួយដកចេញនូវខ្លឹមសារនានាពាក់ព័ន្ធនឹងបរិការណ៍នៃការសោយទិវង្គតរបស់ព្រះមហាក្សត្រថៃ Bhumibol Adulyadej។ ជំនួបនេះ ធ្វើឡើងស្របនឹងការព្រមានចាត់វិធានផ្នែកច្បាប់របស់របបសឹកថៃ ទៅលើជនទាំងឡាយណាដែលនិយាយបង្ខូចកេរ្តិ៍ឈ្មោះ ឬប៉ះពាល់ដល់រាជានិយមថៃ។
លោកឧបនាយករដ្ឋមន្ត្រីថៃ Prajin Juntong នៅថ្ងៃទី២២ ខែតុលា បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា លោក បានជួបជាមួយនឹងតំណាងក្រុមហ៊ុន Google នៅរាជធានីបាងកកនៅថ្ងៃទី២១ ខែតុលា ដោយលោក បញ្ជាក់ដែរថា ក្រុមGoogle ក៏បានសន្យាក្នុងការបន្តជួយរដ្ឋាភិបាលថៃក្នុងការដកចេញខ្លឹមសារនានាដែលនិយាយមិនល្អពីរបបរាជានិយមថៃ ពី Youtube និងកម្មវិធីពាក់ព័ន្ធផ្សេងៗរបស់Google។ នេះបើយោងតាមសារព័ត៌មាន ABS-CBN។
សូមជម្រាបផងដែរថា ការប្រមាថមហាក្សត្រ រជ្ជទាយាទ និងសមាជិករាជវង្សរបស់រាជាណាចក្រថៃ ត្រូវបានចាត់ទុកជាទោសឧក្រិដ្ឋ ដែលត្រូវជាប់ពន្ធនាគាររហូតដល់៣០ឆ្នាំឯណោះ។ ប៉ុន្តែនៅក្រោយការសោយទិវង្គតរបស់មហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត នៅថ្ងៃទី១៣ ខែតុលា មកនោះ ករណីប្រមាថស្ថាប័នមហាក្សត្រនេះ បានកើនឡើងយ៉ាងខ្លាំង ហើយរដ្ឋាភិបាលថៃ ក៏បានស្នើសុំកិច្ចសហប្រតិបត្តិការពីប្រទេសនានា ដើម្បីនាំយកជនល្មើសមកផ្តន្ទាទោសទៀតផង។
ការបង្ក្រាបលើករណីប្រមាថមហាក្សត្រ បានកើនឡើងខ្លាំង ចំពេលដែលប្រជាជនថៃកំពុងតែសោកសៅនឹងការបាត់បង់មហាក្សត្រជាទីស្រឡាញ់របស់ពួកគេ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ចាប់តាំងពីរបបយោធាឡើងកាន់អំណាចជាង២ឆ្នាំមកនេះ មានករណីប្រមាថមហាក្សត្រតែ៧០ដងប៉ុណ្ណោះ។ ប៉ុន្តែពេលនេះ រយៈពេលមិនមួយសប្ដាហ៍ផង មានករណីដូចគ្នាចំនួន១២ទៅហើយ។
ជាមួយគ្នានោះ រដ្ឋាភិបាលថៃ ក៏ស្នើឲ្យមានការធ្វើបត្យាប័នរាល់ពលរដ្ឋដែលនៅបរទេសដែលបានប្រមាថព្រះចេស្តាព្រះមហាក្សត្រថៃកាលពីថ្មីៗនេះ។ ហើយរបបសឹកក៏បានដាក់សំណើទៅឲ្យប្រតិបត្តិករទូរគមនាគមន៍ទាំងឡាយ ដើម្បីស្នើឲ្យអ្នកប្រើប្រាស់ប្រព័ន្ធទូរសព្ទទាំងអស់ រាយការណ៍ពីករណីប្រមាថស្ដេចនៅលើគេហទំព័រ ឬបណ្ដាញសង្គមនានា។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលថៃ ក៏ស្នើឲ្យអ្នកផ្គត់ផ្គង់សេវាកម្មអ៊ីនធឺណិតទាំងអស់ តាមដានបណ្ដាញសង្គម Facebook Twitter និង YouTube ជាដើម ដើម្បីហាមឃាត់សកម្មភាពមិនសមរម្យទាំងនោះ ហើយបើមិនធ្វើតាមនោះ នឹងត្រូវចាត់ទុកជាទោសឧក្រិដ្ឋមិនខាន។
មហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត បានសោយទិវង្គតនៅថ្ងៃទី១៣ ខែតុលា បន្ទាប់ពីសោយរាជ្យអស់រយៈពេល៧០ឆ្នាំនោះ។ ព្រះអង្គជាស្ដេចសោយរាជ្យយូរជាងគេលើពិភពលោក ហើយក៏ទំនងជាស្ដេចមានទ្រព្យសម្បត្តិច្រើនជាងគេដែរ។ រជ្ជទាយាទ Maha Vajiralongkorn នឹងត្រូវឡើសោយរាជ្យបន្ត តែបានប្រកាសពន្យារសិន ដែលនាំឲ្យប្រធានឧត្តមប្រឹក្សាស្ដេច Prem Tinsulanon ធ្វើជាស្ដេចរាជានុសិទ្ឋិ៕
© រក្សាសិទ្ធិដោយ thmeythmey.com