កីឡាជាតិ
យ៉ាងហោចណាស់​ក៏មាន​អ្នកគាំទ្រ​កីឡាបាល់ទាត់​ម្នាក់ នឹករលឹក​ដល់​អ្នក​សាង​សង់​ពហុ​កីឡដ្ឋាន​ដែរ​
24, Oct 2016 , 10:09 am        
រូបភាព
ដោយ:
 
​ក្រៅពី​ព្រះ​ឆាយា​លក្ខណ៍ ព្រះករុណា​ព្រះមហា​ក្ស​ត្រ​ដែល​យើង​ឃើញ​ជា​ញឹកញាប់ អ្នកគាំទ្រ​បាល់ទាត់​មា្ន​ក់​កាន់​រូបថត​របស់លោក វណ្ណ ម៉ូលីវណ្ណ ដែលជា​ស្ថាបត្យករ​កសាង​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុងជំនួប​ក្រុម​កម្ពុជា​យកឈ្នះ​ទី​ម័​រ​ខាងកើត ៣-២ នៃ​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ AFF Suzuki Cup 2016 កាលពី​ថ្ងៃទី​២១ ខែតុលា ដែលមាន​អ្នកគាំទ្រ​ប្រមាណ​ជាជាង​៥​ម៉ឹ​ន​នាក់​នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។

 
​ក្នុងជំនួប​ក្រុមបាល់ទាត់​កម្ពុជា​យកឈ្នះ​ទី​ម័​រ​ខាងកើត ៣-២ កាលពី​ថ្ងៃទី​២១ ខែតុលា មានរឿង​ដ៏​កម្រ​មួយ​បានកើត​ឡើង គឺមាន​អ្នកគាំទ្រ​ម្នាក់​បាន​កាន់​បង្ហាញ​រូបថត​លោក វណ្ណ ម៉ូលីវណ្ណ ដែលជា​ស្ថាបត្យករ​ដ៏​ល្បីល្បាញ​របស់​កម្ពុជា និង​ជា​អ្នក​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​។ 
 
​លើសពីនេះ​នៅ​រូបថត​លោក វណ្ណ ម៉ូលីវណ្ណ ផ្នែក​ខាងលើ​ដែល​កាន់​បង្ហាញ​ដោយ​ដៃ​ទាំងពីរ អ្នកគាំទ្រ​រូបនេះ​បាន​សរសេរ​អក្សរ​យ៉ាងខ្លី​ដ៏​មានអត្ថន័យ​ថា​«​សូម​អរគុណ​! លោក វណ្ណ ម៉ូលីវណ្ណ​»​។ ពាក្យ​យ៉ាងខ្លី​ប្រកបដោយ​អត្ថន័យ​នេះ​អាច​សរ​បញ្ជាក់​ពី​ស្នាដៃ​ដ៏​អស្ចារ្យ​របស់​ស្ថាបត្យករ​រូបនេះ ដែល​អាច​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មួយ​ប្រកបដោយ​គុណភាព​ខ្ពស់​អាច​ផ្ទុក​មនុស្ស​ដ៏​ច្រើនសន្ធឹក​សន្ធាប់​។ 
 
​គូរ​បញ្ជាក់ថា លោក វណ្ណ ម៉ូលីវណ្ណ កើត​នៅ​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ​១៩២៦ នៅ​ស្រុក​រាម ខេត្តកំពត​។ លោក​បានទទួល​សញ្ញាបត្រ​ទុតិយភូមិ​ពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ឆ្នាំ​១៩៤៤ ហើយ​លោក​បានទទួល​អាហារូបករណ៍​ទៅ​រៀន​ផ្នែក​ច្បាប់​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្នុង​ឆ្នាំ​១៩៤៦​។ 
 
​លោក​បានបញ្ចប់​ការសិក្សា​នៅ​ប្រទេស​បារាំង​ផ្នែក Arretche studio យ៉ាង​ជោគជ័យ​ជាមួយនឹង​ចំណេះដឹង និង​ទេពកោសល្យ​។ លោក បាន​វិល​ត្រលប់មក​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ​១៩៥៥​។ លើសពីនេះ ក្រោយ​ការវិលត្រឡប់​រយៈពេល​លោក​ត្រូវបានតែងតាំង​ជា​ប្រធាន​ស្ថាបត្យករ​នៅ​កម្ពុជា និង​បាន​ក្លាយជា​ព្រឹទ្ធបុរស​ទីមួយ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​។ 
 
​នៅ​ទស្សវត្សរ៍​ឆ្នាំ​៦០ ដល់ ៧០ លោក វណ្ណ ម៉ូលីវណ្ណ បាន​គូ​ប្លង់ និង​ស្ថាបនា​សំណង់​អគារ​សំខាន់ៗ​ជាច្រើន​នៅ​កម្ពុជា ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​។ ក្នុងនោះ​លោក​បាន​សាងសង់​សាលសន្និសីទ​ច​តុ​មុខ វិមាន​ឯករាជ ពហុ​កីឡដ្ឋាន​ជាតិ វិមាន​រដ្ឋ​ចំការមន និង​សាល​មហោស្រព​ជាតិ​សុរ៉ា​ម្រឹត ព្រមទាំង​សំណង់​សំខាន់ៗ​ជាច្រើន​ទៀត​៕ 
 
 
 
 

Tag:
 ​បាល់ទាត់​
  AFF Suzuki Cup 2016
  វណ្ណ ម៉ូលីវណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com