អន្តរជាតិ
លោកស្រី ប៉ាក ស្នើ​កែ​រដ្ឋធម្មនុញ្ញ​បន្ថែម​អាណត្តិ​ដល់​ប្រធានាធិបតី​
24, Oct 2016 , 11:41 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី កូរ៉េខាងត្បូង​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ( Park Geun-hye) បានស្នើ​ឲ្យ​មានការ​វិសោធនកម្មរ​ដ្ឋ​ធម្មនុញ្ញ​ដើម្បី​កែប្រែ​បទបញ្ញត្តិ​ដែល​កំណត់​ឲ្យ​ប្រធានាធិបតី​មាន​សិទ្ធិ​កាន់តំណែង​ត្រឹម​មួយ​អាណត្តិ​នោះ​។ ការកែប្រែ​ច្បាប់កំពូល​នេះ​ធ្វើឡើង​ដើម្បី​រក្សា​ចីរភាព​ក្នុងការ​អនុវត្ត​គោលនយោបាយឲ្យបាន​ជោគជ័យ​។​



​ក្នុងពេល​ផ្តល់​សុន្ទរកថា​ក្នុង​កិច្ចប្រជុំសភា​ពាក់ព័ន្ធ​ការកំណត់​ថវិកាជាតិ​សម្រាប់​ឆ្នាំក្រោយ លោកស្រី ប៉ាក ហ្គឺ​ន​ហេ បាន​ឆ្លៀតឱកាស​ដាក់សំណើរ​ឲ្យ​មានការ​វិសោធនកម្មរ​ដ្ឋ​ធម្មនុញ្ញ​កូរ៉េខាងត្បូង​ដើម្បី​ត្រួស​ត្រាយផ្លូវ​ឲ្យ​ប្រធានាធិបតី​កាន់អំណាច​បាន​ច្រើនជាង​មួយ​អាណត្តិ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ Yonhap លោកស្រី បាន​បញ្ជាក់ថា រដ្ឋាភិបាល​លោកស្រី រៀបចំ​ឯកសារ​ពាក់ព័ន្ធ​ដើម្បី​ជំរុញ​ឲ្យ​មានការ​កែប្រែ​រដ្ឋធម្មនុញ្ញ​នេះ​នៅក្នុង​អាណត្តិ​លោកស្រី​ដែល​នឹងត្រូវ​ចប់​នៅ​ឆ្នាំ ២០១៨ ខាងមុខ​នោះ​។ ក្នុងនោះ​លោកស្រី​ស្នើ​ឲ្យ​សភា​បង្កើត​គណៈកម្មការ​ពិ​សេសមួយ​ជាបន្ទាន់​ដើម្បី​ចាប់ផ្តើម​ពិភាក្សា​លើ​ការកែប្រែ​រដ្ឋធម្មនុញ្ញ​នេះដែរ​។​

​តាមពិតទៅ ក្នុង​បរិបទ​នយោបាយ​កូរ៉េខាងត្បូង ប្រធានាធិបតី ឬ​សភា​មាន​សិទ្ធិអំណាច​ក្នុងការ​ស្នើ​ឲ្យ​មានការ​កែប្រែ​រដ្ឋធម្មនុញ្ញ​។ រដ្ឋធម្មនុញ្ញ​កូរ៉េខាងត្បូង​បច្ចុប្បន្ន​បានកំណត់​ឲ្យ​ប្រធានាធិបតី​កាន់អំណាច​ត្រឹម​មួយ​អាណត្តិ​ដែលមាន​រយៈពេល​ប្រាំ​ឆ្នាំ​ប៉ុណ្ណោះ​។ រដ្ឋធម្មនុញ្ញ​នេះ​ត្រូវបាន​គេ​កែប្រែ​ចុងក្រោយ​បំផុត​នៅក្នុង​ឆ្នាំ ១៩៨៧ ដើម្បី​កំណត់អាណត្តិ​ប្រធានាធិបតី​និងបញ្ចប់​របប​ផ្តាច់​ការ ។

​ទាក់ទិន​ការលើក​សំណើរ​នេះដែរ លោកស្រី​ប្រធានាធិបតី​រូបនេះ​បាន​ពន្យល់ថា ការកំណត់​កាលវិភាគ​នយោបាយ​កន្ល​ង​មក វា​ហាក់បីដូចជា​មិន​ស្រប​សម្រាប់​ការអនុវត្ត​គោលនយោបាយ​និង​បង្ក​ការលំបាក​សម្រាប់​ការសម្រេច​គោលដៅ​នានា​របស់​រដ្ឋាភិបាល​។ លោកស្រី​បន្តថា រយៈពេល ៥​ឆ្នាំ​ក្នុង​តំណែង​ជា​ប្រធានាធិបតី បង្ក​ឲ្យ​មានការ​ប្រឈមមុខគ្នា​ខ្លាំង​ក្នុង​បញ្ហានយោបាយ​កូរ៉េ ហើយ​វា​រារាំង​មិន​ឲ្យ​រដ្ឋាភិបាល​រក្សា​ស្ថិរភាព​នៃ​ការអនុវត្ត​គោលនយោបាយ​របស់ខ្លួន​បាន​។

«​ខ្ញុំ​សន្និដ្ឋានថា យើង​មិនអាច​ពន្យារពេល​ជជែក​ពិភាក្សា​ពី​ការកែប្រែ​រដ្ឋធម្មនុញ្ញ​នេះ​បាន​ទៀត​ទេ​។ វា​ជាការ​សន្យា​របស់ខ្ញុំ ថា​នឹង​សម្រេចបាន​ឲ្យ​បាន​នូវ​ការកែប្រែ​ការកំណត់​អាណត្តិ​ដែល​យើង​គ្រប់គ្នា​ប្រឈម ដើម្បី​ធ្វើយ៉ាងណា​ង​ជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​កូរ៉េខាងត្បូង​»​។​

​ជាធម្មតា​ការផ្លាស់ប្តូរ​គោលនយោបាយ ច្រើន​ធ្វើឡើង​តាម​ការផ្លាស់ប្តូរ​ប្រធានាធិបតី​និង​របប​ដឹកនាំ​។ ដូច្នេះ​រយៈពេល​ត្រឹមតែ ៥​ឆ្នាំ​មិន​គ្រប់គ្រាន់​ឡើយ​សម្រាប់​ការអនុវត្ត​គោលនយោបាយ​ឲ្យ​បានសម្រេច​តាម​គោលដៅ​នោះ​។​

​យ៉ាងណា​ក៏ដោយចុះ គេ​មិនអាច​ដឹងថា ការ​ឈានទៅ​កែប្រែ​រដ្ឋធម្មនុញ្ញ​ដើម្បី​បញ្ចប់​ការកំណត់​អាណត្តិ​ប្រធានាធិបតី​មួយ​អាណត្តិ​នេះ​នឹង​សម្រេច​បែបណា​ឡើយ​។ ថ្វីបើ​មានការ​គាំទ្រ​ពី​ប្រជាជន​ច្រើន​ក៏ដោយ វា​នៅមាន​ខ្វែងគំនិត​គ្នា​ខ្លាំង​ដែរ​រវាង​ប្រធានាធិបតី​និង​សភា​ប្រទេស​នេះ​។


Tag:
 ប៉ាក ហ្គឺ​ន​ហេ​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com