អន្តរជាតិ
លីទុយអានី៖ បក្សកសិករឈ្នះការបោះឆ្នោតសភាគួរឲ្យភ្ញាក់ផ្អើល
× គណបក្សកសិករ និងសហភាពបៃតង (LGPU) ដែលជាបក្សនយោបាយតំណាងឲ្យកសិករ បានទទួលជ័យជម្នះមិនគួរឲ្យជឿ ក្នុងការបោះឆ្នោតទូទៅនៅថ្ងៃទី២៣ ខែតុលា។ ការសន្យាដោះស្រាយបញ្ហាប្រាក់ខែទាប និងលំហូរពលករទៅក្រៅប្រទេស គឺជាកត្តាដែលនាំឲ្យគណបក្សដែលធ្លាប់ទទួលកៅអីសភាត្រឹមតែមួយអសនៈនេះ ទទួលជោគជ័យលើការគណបក្សដទៃទៀត។
គណៈកម្មការរៀបចំការបោះឆ្នោតលីទុយអានី បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា គណបក្សកសិករ និងសហភាពបៃតង ដែលជាបក្សស្ដាំនិយម ទទួលឈ្នះការបោះឆ្នោតសភា ដោយទទួលបានអសនៈចំនួន៥៤ ក្នុងចំណោមអសនៈសរុប១៤១។ ដោយឡែកគណបក្សសង្គមប្រជាធិបតេយ្យ ដែលជាបក្សកាន់អំណាចទទួលបានកៅអីចំនួន១៧ ហើយបក្សសហភាពមាតុភូមិ ជាបក្សអភិរក្ស ឈ្នះបាន៣១កៅអី។
ក្រៅពីគណបក្សទាំងបីខាងលើ គណបក្សតូចៗបីទៀត ក៏ទទួលបានអសនៈដើម្បីចូលរួមក្នុងសភាដែរ។ លទ្ធផលនៃការបោះឆ្នោតដែលធ្វើឡើងចំពេលលីទុយអានីប្រឈមមុខនឹងបញ្ហាពុករលួយ និងបញ្ហាការងារនោះ ជាសញ្ញានៃការចង់បានការផ្លាស់ប្ដូរនៅក្នុងប្រទេស។ ជាមួយនឹងជ័យជម្នះគួរឲ្យភ្ញាក់ផ្អើលនេះ បក្សកសិករ នឹងប្រមូលសំឡេងបក្សដទៃទៀត ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ។
បេក្ខជននាយករដ្ឋមន្ត្រីរបស់បក្ស LGPU លោក Saulius Skvernelis និយាយថា លោកនឹងបង្កើតរដ្ឋាភិបាលចម្រុះ និងជ្រើសរើសមនុស្សដែលចង់បានការផ្លាស់ប្ដូរ។ អតីតមេប៉ូលិសជាតិលីទុយអានីរូបនេះបន្តថា គណបក្សរបស់លោក នឹងពិភាក្សាជាមួយបក្សសង្គមប្រជាធិបតេយ្យរបស់នាយករដ្ឋមន្ត្រីចប់អាណត្តិ Algirdas Butkevcius និងបក្សសហភាពមាតុភូមិ លើការបង្កើតរដ្ឋាភិបាលចម្រុះនេះ។
ប្រភពព័ត៌មានដដែលបន្តថា បេក្ខជននាយករដ្ឋមន្ត្រីរូបនេះក៏បានសន្យានាំយកការដឹកនាំប្រកបដោយតម្លាភាព និងគោលនយោបាយដែលមានការទទួលខុសត្រូវ។ មេបក្សកសិករ លោក Ramunas Karbauskis ដែលជាមហាសេដ្ឋីនោះ ថែមទាំងលើកឡើងពីគំនិតការបង្កើតសម្ព័ន្ធភាពដ៏ធំមួយ ដែលរួមបញ្ចូលគណបក្សទាំងអស់ដែលមានកៅអីនៅក្នុងសភា សម្រាប់បង្កើតរដ្ឋាភិបាលជំនាញដើម្បីជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។
ការបង្កើនប្រាក់ខែ និងការបង្កើតការងារ គឺជាបញ្ហាគន្លឺះក្នុងការបោះឆ្នោតទូទៅថ្ងៃទី២៣ ខែតុលា នៅក្នុងប្រទេសសមាជិកអឺរ៉ុបដែលមានប្រជាជនត្រឹម២.៤លាននាក់។ ប្រជាជនលីទុយអានីបានចាកចេញទៅកាន់បរទេស ជាមួយនឹងការសំឡឹងឃើញប្រាក់ខែខ្ពស់។ ចាប់តាំងពីការចូលជាសមាជិកសហភាពអឺរ៉ុបក្នុងឆ្នាំ២០០៤មកនេះ ប្រជាជនលីទុយអានីជាង៣សែននាក់ បានចាកចេញពីប្រទេសសំដៅទៅសមាជិកអឺរ៉ុបផ្សេងទៀត ដើម្បីស្វែងការងារដែលមានប្រាក់ខែខ្ពស់៕
Tag:
លីទុយអានី
អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com