ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ នឹង​កាត់ទោស​សមាជិក​ព្រឹទ្ធសភា និង​មេឃុំ​បក្សប្រឆាំង នៅ​ចុងខែ​នេះ​
24, Oct 2016 , 3:30 pm        
រូបភាព
 
​ភ្នំពេញ​៖ រឿងក្តី​របស់លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​សម រង្ស៊ី និង​លោក ស៊ា​ង ចែត មេឃុំ​ពី​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ឈានទៅដល់​ការជំនុំជម្រះ​លើ​អង្គសេចក្តី នៅក្នុង​សប្តាហ៍​នេះ​។ អ្នក​ទាំងពីរ នឹងចូលរួម​សវនាការ តាម​ការកំណត់​របស់​តុលាការ​។​

 
​នៅ​ចុងខែ​តុលា ឆ្នាំ​២០១៦​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវន​ការ ដើម្បី​ជំនុំជម្រះ​លើ​សំណុំរឿង​របស់លោក ហុង សុខ ហួរ សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស សម រង្ស៊ី និង​សំណុំរឿង​របស់លោក ស៊ា​ង ចែត មេឃុំ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ តាម​ការកំណត់​របស់​តុលាការ សំណុំរឿង​របស់លោក ហុង សុខ​ហួរ ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម នឹងត្រូវ​ជំនុំជម្រះ នៅ​ថ្ងៃទី​២៦ ខែតុលា រីឯ​សំណុំរឿង​របស់លោក ស៊ា​ង ចែត ដែល​ទាក់ទង​នឹង​រឿងរ៉ាវ​របស់​ស្រីមុំ នឹងត្រូវ​ជំនុំជម្រះ​នៅ​ថ្ងៃទី​២៨ ខែតុលា​។ 
 
​លោក សំ សុ​គង់ ដែលជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ហុង សុខ​ហួរ និង​លោក ស៊ា​ង ចែត បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក នឹង​កូនក្តី​ទាំង​ពីររូប នឹង​ចូល​រួម​ក្នុង​សវនាការ តាម​ការកំណត់​របស់​តុលាការ​។  លោក​បានបញ្ជាក់​យ៉ាងខ្លី​ថា​៖«​ពួកគាត់ (​លោក ហុង សុខ​ហួរ និង​លោក ស៊ា​ង ចែត​) នឹង​ចូល​សវន​ការ​។ ខ្ញុំ ក៏​ចូល​ដែរ ដើម្បី​ការពារ​ក្តី​ឲ្យ​គាត់​»​។ 
 
​សូមបញ្ជាក់ថា លោក ហុង សុខ​ហួរ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ខែសីហា ឆ្នាំ​២០១៥​។ សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​សម រង្ស៊ី រូបនេះ ត្រូវបាន​ចោទប្រកាន់​ពី «​បទ​ក្លែង​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ រួមទាំង​ញុះញង់​ឲ្យ​មាន​បទល្មើស​មជ្ឈិម​» ដោយសារតែ​ការ​បង្ហោះ​ឯកសារ​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម សម រង្ស៊ី​។​
 
​ចំណែកឯ លោក ស៊ា​ង ចែត ដែលជា​មេឃុំ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចោទ​ពីបទ «​សូកប៉ាន់​សាក្សី​» ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​របស់​កញ្ញា ខុម ចន្ទ​តា​រ៉ា​ទី ហៅ​ស្រីមុំ ជាមួយនឹង​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ រឿងនេះ​បាន​ផ្ទុះឡើង បន្ទាប់ពី​ស្រីមុំ សរសេរ​លិខិត​ចំហ​មួយច្បាប់ ទៅកាន់​តុលាការ​កាលពី​ប៉ុន្មាន​ខែ​មុន ដោយ​ចោទ​លោក ស៊ា​ង ចែត ថា​បាន​យកប្រាក់​ចំនួន​៥០០​ដុល្លារ ទៅ​សូក​ម្តាយ​របស់​នាង​។ ស្រីមុំ បានបញ្ជាក់​ក្នុង​លិ​ខិ​ស​នោះ​ថា លោក ស៊ា​ង ចែត បាន​ប្រើប្រាស់​ទឹកប្រាក់​ទាំងនោះ ដើម្បី​បញ្ចុះបញ្ចូល​ម្តាយ ឲ្យ​លួងលោម​រូបនាង កុំ​ឲ្យ​និយាយ​ការពិត ពី​រឿងអាស្រូវ​របស់​នាង ជាមួយនឹង​ឯកឧត្តម កឹម សុខា​។ ដោយសារតែ​លិខិត​នេះឯង ទើប​លោក ស៊ា​ង ចែត ត្រូវបាន​ឃាត់ខ្លួន នឹង​ចោទ​ពីបទ «​សូក​បាន់​សាក្សី​»៕ 
 
 
 
 

Tag:
 តុលាការ​
  មេធាវី​
  ហុង សុខ​ហួរ​
  ស៊ា​ង ចែត​
  កាត់ទោស
© រក្សាសិទ្ធិដោយ thmeythmey.com