ជាតិ
អង្ករ​ប្លា​ស្ទិ​កនៅ​កម្ពុជា​៖ កាំកុងត្រូល​ថា​គ្មាន សេ​ដាកថា មាន​
25, Oct 2016 , 5:35 pm        
រូបភាព
​អាជ្ញាធរ​កម្ពុជា និង​អង្គ​ការដែល​ធ្វើការ​ងារ​លើ​ផ្នែក​អង្ករ បាន​អះអាង​ផ្ទុយគ្នា ជុំវិញ​វត្តមាន​អង្ករប្លា​ស្ទិ​កនៅ​កម្ពុជា​។ ចុងក្រោយ​នេះ វីដេអូ​ដែល​គេ​អះអាងថា​ជា​អង្ករប្លា​ស្ទិ​ក ត្រូវបាន​ចែក​ផ្សាយ​បន្ត​គ្នា​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បារម្ភ​។​



​តើ​មាន​អង្ករ​ប្លា​ស្ទិ​ក​នៅលើ​ទីផ្សារ​កម្ពុជា ឬ​មិនមាន​? គេ​មិនទាន់មាន​ចម្លើយ​ពិតប្រាកដ​នៅឡើយ ខណៈដែល​អាជ្ញាធរ និង​អង្គការក្រៅរដ្ឋាភិបាល​នៅ​អះអាង​ផ្ទុយគ្នា​នៅឡើយ​។​

​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​កាំកុងត្រូល បាន​បញ្ជាក់ថា រហូតមកទល់​ពេលនេះ មិនមាន​វត្តមាន​អង្ករ​ប្លា​ស្ទិ​ក​ចរាចរណ៍​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​នោះទេ​។ ការអះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជា​ហូរហែ នាពេល​កន្លងមក ជុំវិញ​វត្តមាន​អង្ករប្លាស្ទិ​ក​នេះ​។

​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ ដែល​កំពុង​ជជែក​ពី​បញ្ហា​នេះ ជាមួយ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ផង​នោះ បាន​ឆ្លៀត​បញ្ជាក់​យ៉ាងខ្លី​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃ​អង្គារ​នេះ​ដូច្នេះ​ថា​៖«​អត់​មាន​អង្ករ​ប្លាស្ទិ​ក​ទេ​»​។​

​យ៉ាងណាក៏ដោយ អគ្គនាយក​កាំកុងត្រូល មិនបាន​ឆ្លើយតប ឬថា​នឹងមាន​ចំណាត់ការ​យ៉ាងណា ជុំវិញ​ការផ្សព្វផ្សាយ​របស់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ថា​មាន​អង្ករប្លាស្ទិ​ក​នោះទេ ។ លោក បញ្ជាក់ថា លោក​នឹង​រៀបចំ​សិក្ខាសាលា​ពន្យល់​ពី​ករណីនេះ ទៅ​ប្រជាពលរដ្ឋ​នៅពេល​ខាងមុខ​។

​ផ្ទុយ​ពី​ការលើកឡើង​របស់លោក​អគ្គនាយកដ្ឋាន​កាំកុងត្រូល លោក សម វិទូ ប្រធាន​អង្គការ​សេ​ដាក បាន​អះអាងថា វា​ពិត​ជាមាន​វត្តមាន​អង្ករ​ប្លាស្ទិ​ក​មែន​។ ប្រធាន​អង្គការ​សេ​ដាក​រូបនេះ ហ៊ាន​និយាយ​ដូច្នេះ​ដោយសារ​តែមាន​បងប្អូន​របស់លោក ទិញ​ប៉ះចំ​អង្ករ​ប្លា​ស្ទិ​ក​នេះ​។ លោក សម វិទូ អះអាង​ទៀតថា លោក ធ្លាប់​ជួប​ឈ្មួញ​ខ្មែរ ដែល​ទទួលបាន​ការស្នើ​ឲ្យ​នាំចូល​ម៉ាស៊ីន​ផលិត​អង្ករប្លា​ស្ទិ​ក​ពី​ប្រទេស​ចិន ពី​ឈ្មួញ​ទៀតផង​។ យ៉ាងណាក៏ដោយ លោក សម វិទូ មិន​ហ៊ាន​អះអាងថា​មានការ​ផលិត​អង្ករប្លាស្ទិ​កនៅ​កម្ពុជា ឬ​អត់​នោះទេ​។

​លោក សម វិទូ បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ពិតជា​មាន​មែន​។ មាន​បងប្អូន​ខ្ញុំ​ប៉ះ​ដែរ អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​ហ៊ាន​អះអាង​បែបនេះ​។ ខ្ញុំ​ក៏​ធ្លាប់​ជួប​ជាមួយ​ខ្មែរ​យើង ដែល​ធ្លាប់​ជួប​ទទួលបាន​ការស្នើ​ឲ្យ​នាំចូល​ម៉ាស៊ីន​ផលិត​អង្ករ​ប្លាស្ទិ​ក​ពី​ប្រទេស​ចិន ពី​ឈ្មួញ​ដែរ​។ ប៉ុន្តែ​ក្រោយពី​គាត់​បដិសេធ​មក យើង​ក៏​ដាច់​ខ្សែរយៈ​ទៅ​»​។​

​បើតាម​លោក សម វិទូ អង្ករប្លាស្ទិ​កមាន​ប្រភព​មកពី​ប្រទេស​ចិន ដែល​ក្នុង​អង្ករ​ប្លា​ស្ទិ​កមាន​សារធាតុ​មួយចំនួន​ដូចជា​ដំឡូង​មី​នៅ​ខាងក្នុង និង​ស្រោប​ប្លាស្ទិ​ក​ស្តើង​នៅ​ផ្នែក​ខាងក្រៅ​។ 

​ដោយ​មិន​និយាយ​ពី​វត្តមាន​អង្ករប្លាស្ទិ​ក ក្នុង​រយៈពេល​៩ ខែ​ឆ្នាំ​២០១៦​នេះ កាំកុងត្រូល​បាន​រកឃើញ និង​រឹបអូស​បាន​ទំនិញ​ខូចគុណភាព​សរុប​ចំនួន ៤៤ តោន ដោយ​ក្នុងនោះ ១៧​តោន​ត្រូវបាន​រកឃើញ​នៅតាម​ព្រំដែន និង​២៧​តោន​ទៀត​ត្រូវ​ចាប់បាន​នៅតាម​ផ្សារ និង​សិប្បកម្ម​នានា​នៅក្នុង​ប្រទេស​៕


Tag:
 អង្ករ​
  ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ​
 ​ សម វិទូ​
© រក្សាសិទ្ធិដោយ thmeythmey.com