អន្តរជាតិ
មន្ត្រី​ជប៉ុន​បារម្ភ ព្រោះ​ខ្លាច​លោក Duterte បង្ហាញ​អាកប្បកិរិយា​មិន​សមរម្យ​ពេល​គាល់​អធិរាជ​
26, Oct 2016 , 7:39 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte
​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ដែល​ត្រូវគេ​ស្គាល់​ដោយសារ​មាត់​អត់​គម្រប និង​អាកប្បកិរិយា​មិន​សមរម្យ បាន​ទៅដល់​ជប៉ុន​ហើយ​នៅ​ថ្ងៃទី​២៥ ខែតុលា ដើម្បី​ធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ទីនោះ​។ ប៉ុន្តែ​ការចូល​ចិត្ត​ប្រើ​សម្ដី​គ្រោតគ្រាត និង​ការមិន​ស្លៀកពាក់​តាមបែប​បទ​ពិធីការ​នេះហើយ គឺជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​មន្ត្រី​ជប៉ុន​ព្រួយ​ខ្លាំង​។ គេ​បារម្ភ​ថា លោក Duterte នឹង​បញ្ចេញ​សកម្ម​ភាពមិន​សមរម្យ​របៀបនេះ នៅពេល​ចូលគាល់​អធិរាជ​ជប៉ុន ដែល​ប្រជាជន​ជប៉ុន​គោរព​ខ្លាំង​នោះ​។



សូមស្ដាប់ព័ត៌មានលម្អិត៖




​គេ​អាច​ចាំបាន​ថា ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បានបង្ហាញ​សកម្ម​ភាពមិន​សមរម្យ​មួយចំនួន​ដូចជា ការ​ទំពា​រស្ករ​កៅស៊ូ និង​មិន​បិទ​ឡេវអាវ ខណៈ​លោក​កំពុង​ជួប​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង ក្នុង​ក្រុង​ប៉េកាំង​។ អាកប្បកិរិយា​បែបនេះ បានបង្ហាញ​ពី​ការមិន​គោរព​ប្រទេស​ម្ចាស់ផ្ទះ​យ៉ាងខ្លាំង បើទោះជា​អាច​យល់បាន​ថា នេះ​ជា​ទម្លាប់​របស់​ប្រធានាធិបតី​រូបនេះ​ក៏ដោយចុះ​។

​ដោយសារតែ​ប្រធានាធិបតី​ហ្វីលីពីន​ចូលចិត្ត​ធ្វើ​សកម្ម​ភាពមិន​សមរម្យ​បែបនេះ ទើប​មន្ត្រី​ជប៉ុន​កំពុងតែ​មិនសូវ​សប្បាយចិត្ត​ឡើយ​។ លោក Duterte នឹង​ចូលគាល់​ព្រះ​ចៅ​អធិរាជ​អាគី​ហ៊ី​តុ នៅ​ថ្ងៃទី​២៨ ខែតុលា ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​។ ហើយ​គេ​កំពុង​គិតថា លោក អាច​នឹង​បញ្ចេញ​អាកប្បកិរិយា​មិន​សមរម្យ​ចំពោះ​ព្រះ​ភក្ត្រ​អធិរាជ​ជប៉ុន ដូចដែល​ធ្លាប់ធ្វើ​ចំពោះមុខ​ប្រធានាធិបតី​ចិន​ដែរ​។​

​ដូចដែល​ធ្លាប់​បានដឹង ជប៉ុន គឺជា​ប្រទេស​ដែល​ឲ្យ​តម្លៃ​ខ្លាំង​លើ​ការគោរព​គ្នា និង​អាកប្បកិរិយា​ដែល​សមរម្យ​។ ជាពិសេស​នោះ អធិរាជ​ជប៉ុន រឹតតែ​ត្រូវបាន​ប្រជាជន​គោរព​យ៉ាងខ្លាំង​។ លោក Itsunori Onodera សមាជិកសភា​មកពី​បក្ស​ប្រជាធិបតេយ្យ​សេរី និយាយថា អាកប្បកិរិយា​មិន​សមរម្យ​របស់លោក Duterte អាច​បន្សល់ទុក​អនុស្សាវរីយ៍​អាក្រក់​សម្រាប់​ប្រជាជន​ជប៉ុន ហើយ​សកម្មភាព​របស់​លោក​ពិត​ជាមាន​ឥទ្ធិពល​ខ្លាំងណាស់​។ 

​យោងតាម​សារព័ត៌មាន Asia Correspondent សមាជិកសភា​រូបនេះ​បង្ហាញ​ក្ដី​សង្ឃឹមថា លោក Duterte យល់​ពី​បញ្ហា​នេះ និង​មិន​ធ្វើ​អ្វីដែល​មិន​សមរម្យ ដូចជា​ការ​ទំពារ​ស្ករ​កៅស៊ូ​ឡើយ​។ ហើយ​លោក​ក៏​ជឿ ដែរ​ថា រដ្ឋបាល​ក្រុង​ម៉ានីល​នឹង​រម្លឹក​លោក​ប្រធានាធិបតី Duterte ពី​បញ្ហា​ជាក់លាក់​ទាំងនេះ​ផងដែរ​។​

​មន្ត្រី​ជប៉ុន​បានបង្ហាញ​ក្ដីបារម្ភ​ដូចនេះ ក្រោយ​ប្រធានាធិបតី​ហ្វីលីពីន​បញ្ចេញ​សកម្មភាព​ប្លែកៗ​ក្នុង​ទស្សនកិច្ច​នៅ​ចិន​។ វីដេអូ​ចាក់ផ្សាយ​តាម​ទូរទស្សន៍​ស្ដីពី​ដំណើរ​ទស្សនកិច្ច​នោះ​បង្ហាញថា លោក Durerte បាន​ដើរ​ដោយ​ដាក់​ក្នុង​ហោប៉ៅ និង​ទំពា​រស្ករ​កៅស៊ូ​ក្នុងជំនួប​ជាមួយ​លោក ស៊ី ជិន​ពីង​។ ប៉ុន្តែ​នេះ​ក៏​មិនមែនជា​លើកទីមួយ​ដែល​លោក​ធ្វើ​សកម្មភាព​ប្លែកៗ​ដូចនេះ​ដែរ​។​

​ខុសពី​មេដឹកនាំ​ដទៃ លោក Duterte តែង​ពាក់ Barong ដែលជា​អាវ​បំពាក់​ប្រពៃណី​ហ្វីលីពីន​នៅក្នុង​អង្គប្រជុំ​ធំៗ ឬក៏​ទស្សនកិច្ច​នៅ​បរទេស ជំនួស​ឲ្យ​ការពាក់​អាវធំ​។ ពេលខ្លះទៀត លោក​ថែមទាំង​ចំហ​ឡេវអាវ ឬក៏​មូល​ដៃ​អាវ​ផងដែរ​។ នេះ​មិនទាន់​អស់​ឡើយ ជា​ញឹកញយ​នោះ លោក Duterte ស្លៀកខោ​ខូវប៊យ ហើយក៏​មិន​ពាក់​ស្រោមជើង​ទៅទៀត​៕


Tag:
 ហ្វីលីពីន​
  Rodrigo Duterte
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com